Post Top Ad

Thursday, March 02, 2017

គ្រូបង្គោលថ្មីរបស់ក្រុមគោព្រៃកម្ពុជាបានប្រកាសជាសាធារណៈថា លោកនឹងអនុវត្តគោលការណ៍ដឹកនាំដូចអ្វីដែលលោកបានធ្វើជាមួយក្លឹបឡាវ

(កីឡា)៖ មុននឹងបំពេញការងាររបស់ខ្លួន លោក ឡេអូណាដូ ល្វីស ដែលជាគ្រូបង្គោលថ្មីរបស់ក្រុមគោព្រៃកម្ពុជាបានប្រកាសជាសាធារណៈថា លោកនឹងអនុវត្តគោលការណ៍ដឹកនាំដូចអ្វីដែលលោកបានធ្វើជាមួយក្លឹបឡាវ Lanexang United ដែរ ពោលគឺលោកនឹងមិនអនុញ្ញាត្តឱ្យមានការលើកតម្កើងកីឡាករណាម្នាក់ឱ្យមានភាពលេចធ្លោរជាងគេឡើយ។ បុរសជនជាតិប្រេសុីលរូបនេះបានថ្លែងដោយមុឺងម៉ាត់ថា នៅក្នុងក្រុមទាំងមូលនឹងគ្មាន super star ឡើយ ព្រោះបាល់ទាត់ជាកីឡាដែលត្រូវលេងជាក្រុម ហើយម្នាក់ៗសុទ្ធតែជាចំណែកដ៏សំខាន់របស់ក្រុមទាំងមូល ដូច្នេះគ្មាននរណាសំខាន់ជាងនរណាឡើយ ។

sport

លោកបានបន្ថែមថា នេះជាគោលការណ៍ដែលលោកតែងតែប្រកាន់ខ្ជាប់ ហើយលោកសង្ឃឹមថា កីឡាករកម្ពុជាទាំងអស់នឹងត្រៀមខ្លួនអនុវត្តតាមគោលការណ៍នេះ ព្រោះម្នាក់សុទ្ធតែមានភារកិច្ចក្នុងការកសាងវិស័យកីឡាបាល់ទាត់ជាតិឱ្យមានភាពរីកចម្រើន ដូច្នេះការរួមគ្នាជាធ្លុងតែមួយគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីអភិវឌ្ឍន៍កីឡាជាតិឱ្យបានបោះជំហានឆ្ពោះទៅរកភាពជោគជ័យ ពិសេសគឺជ័យជម្នះក្នុងឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍សុីហ្គេមតែម្តង ។

ឡេអូណាដូ ល្វីស

គួររំលឹកថា គ្រូបង្វឹកដែលមានវ័យ ៤៤ ឆ្នាំនេះ ធ្លាប់បំពេញការងារជាមួយក្លឹបយក្ស Buriram United របស់ប្រទេសថៃនាឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៦ មុននឹងប្តូរមកដឹកនាំក្លឹប  Lanexang United វិញនាអំឡុងខែឧសភា ឆ្នំា២០១៦ កន្លងមក ។ ក្នុងពេលរួមរស់រយៈកាល ៨ខែជាមួយក្លឹបដ៏ជោគជ័យរបស់ប្រទេសឡាវនេះ លោកឡេអូណាដូ បាននាំមកនូវជ័យជម្នះចំនួន ២២ លើក ស្មើ១លើក និងបរាជ័យតែម្តងប៉ុណ្ណោះ ហើយកូនក្រុមរបស់លោករកបានគ្រាប់បាល់សរុប ៨២គ្រាប់ រហូតបានក្លាយជាជើងឯកលីគកំពូលនៃប្រទេសឡាវក្នុងរដូវកាល២០១៦ ព្រមទាំងបានឡើងទៅលេងក្នុងព្រឹត្តិការណ៍អន្តរជាតិមួយចំនួនដូចជា  AFC Cup និងបានឈ្នះជើងរងក្នុងកម្មវិធី Toyota Mekong Club Champioship 2016 ផងដែរ ។ យ៉ាងណាក៏ដោយ អាជីពជាគ្រូបង្វឹករបស់លោកនៅលើទឹកដីនៃប្រទេសជិតខាងកម្ពុជាមួយនេះត្រូវបានបញ្ចប់ទៅវិញយ៉ាងតក់ក្រហល់ បន្ទាប់ពីថ្នាក់ដឹកនាំក្លឹប Lanexang United បានប្រកាសដកខ្លួនមិនចូលរួមប្រកួតលីគនៃប្រទេសឡាវនារដូវកាលឆ្នាំ២០១៧ នេះឡើយ ។


ដោយ៖ CC
ប្រភព៖ camsports