Post Top Ad

Thursday, August 25, 2016

កីឡាការិនីតេន្នីសកម្ពុជាបង្កភាពភ្ញាក់ផ្អើលនៅព័រ​ទុយ​ហ្គា​ល់ក្រោយឈ្នះជើងឯក




កីឡាការិនីវាយកូនបាល់កម្ពុជានាង Andrea Ka បានបង្កើតប្រវត្តិសាស្ដ្រដ៏អស្ចារ្យ
មួយសម្រាប់ប្រទេសកម្ពុជានៅក្នុងព្រឹត្តិការណ៍វាយកូនបាល់ជើងឯក Amarante Ladies Open ឆ្នាំ២០១៦ ដែលប្រទេសព័រទុយហ្គាល់បានធ្វើ
ជាម្ចាស់ផ្ទះកាលពីចុងសប្ដាហ៍កន្លងទៅដោយបានក្លាយជាស្ដ្រីខ្មែរទី១ដែលដណ្ដើមបាន
តំណែងជើងឯកលើកដំបូងប្រចាំព្រឹត្តិការណ៍នេះហើយថែមទាំងឈ្នះប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារទៀតផង ។លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានឲ្យដឹងពីម្សិលមិញថាកាលពីសប្ដាហ៍មុនកីឡាការិនីកូនកាត់ខ្មែរ-បារាំង Andrea Ka រួមទាំងកីឡាការិនីជាង ៣០ប្រទេសផ្សេងទៀតបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Amarante Ladies Open នៅប្រទេសព័រទុយហ្គាល់ហើយនាងបានវាយឈ្នះគូប្រកួតជាបន្ដបន្ទាប់ រហូតបានយកឈ្នះកីឡាការិនីអេស្ប៉ាញ Carrillo Marinនៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល
 ២-១សិតជាមួយពិន្ទុ ៣-៦, ៧-៦ និង ៧-៥ពិន្ទុ ដើម្បីឈ្នះជើងឯកតែម្ដង។
អគ្គលេខាធិការរូបនេះ បានបន្ដថា នេះគឺជាប្រវត្តិសាស្ដ្រហើយ ដែលកីឡាការិនី Andrea Ka ក្នុងនាមលេងតំណាងឲ្យប្រទេសកម្ពុជាបានដណ្ដើមតំណែងជើងឯកជូនជាតិ ខណៈការចូលរួមកន្លងមកមិនធ្លាប់ទទួលបានជ័យលាភីដ៏ល្អប្រសើរបែបនេះឡើយ។
យ៉ាងណាមិញបច្ចុប្បន្ន Andrea Ka កំពុងសិក្សាក្នុងសាកលវិទ្យាល័យមួយ នៅសហរដ្ឋអាមេរិកប៉ុន្ដែក្រោយដណ្ដើមបានជោគជ័យដ៏អស្ចារ្យនេះ នាងបានតាំងចិត្តយ៉ាងមុតថា នឹងត្រឡប់ជួយកម្ពុជា នៅក្នុងការចូលរួមប្រកួតកីឡា SEA Games ឆ្នាំ២០១៧ខាងមុខ ។
លោក ទេព រិទ្ធិវិទ្ធ បានបន្ដថា ជាមួយនឹងការដណ្ដើមបានជើងឯករបស់កីឡាការិនីវ័យ ២៤ឆ្នាំរូបនេះបានធ្វើឲ្យពិភពលោកកាន់តែស្គាល់ពីសមត្ថភាពនៃក្រុមកីឡាវាយកូនបាល់កម្ពុជាដែលមានសមត្ថភាពប្រជែងយកតំណែងជើងឯកពានរង្វាន់អន្ដរជាតិបែបនេះបាន។ លើសពីនេះសហព័ន្ធក៏បានជំរុញឲ្យនាងបន្ដការខិតខំហ្វឹកហាត់ ដើម្បីត្រៀមជួយប្រទេសដើមកំណើតរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ពិសេសគឺការប្រកួត SEA Games តែម្ដង ដែលត្រូវការអ្នកមានសមត្ថភាពជានិច្ចដើម្បីប្រជែងយកមេដាយជូនជាតិ ៕
ដោយ៖ BM
ប្រភព៖ Camsports