Post Top Ad

Thursday, August 25, 2016

ហេតុអ្វី បានជាមនុស្ស ភាគច្រើន មិនអាចសម្រេច គោលដៅ?



ខ្ញុំចង់ក្លាយជាអ្នកមាន។ ខ្ញុំចង់ក្លាយជាបុគ្គលជោគជ័យ។ ខ្ញុំចង់រស់នៅដោយមានសេចក្តីសុខ និងសុភមង្គល ខ្ញុំចង់ឲ្យពិភពលោកទទួលស្គាល់ថា ខ្ញុំជាមនុស្សអស្ចារ្យ។ ពាក្យទាំងអស់នេះបានស្ថិតនៅក្នុងបេះដូងមនុស្សម្នាជាច្រើននាក់នៅក្នុងលោក។ ប៉ុន្តែពួកគេនៅមិនបានយល់ច្បាស់នៅឡើយទេថា តើអ្វីទៅជាអ្នកមាន? អ្វីជាបុគ្គលជោគជ័យ? អ្វីជាសេចក្តីសុខ និងសុភមង្គល? ហើយតើពួកគេអាចសម្រេចក្តីបំណងទាំងនេះបានដោយរបៀបណា?
ចំណង់របស់ពួកគេបានបង្កើតឲ្យមានមហិច្ឆតា មហិច្ឆតារបស់ពួកគេ បានបង្កើតឲ្យមានការដាក់គោលដៅ តែគោលដៅរបស់ពួកគេភាគច្រើនទទួលការបរាជ័យ។ ហេតុអ្វី? ខាងក្រោមនេះ ពាណិជ្ជកម្ម កម្ពុជានឹងលើកយកហេតុផលបីចំណុចមកធ្វើការបង្ហាញ ពីមូលហេតុ ដែលធ្វើឲ្យគោលដៅរបស់ពួកគេភាគច្រើនមិនអាចជោគជ័យ៖​
ដៅមិនច្បាស់ មើលផ្លូវដើរទៅមុខមិនឃើញ
គោលដៅល្អ និងមានប្រសិទ្ធភាព ជាគោលដៅ ដែលកើតចេញពីការស្រេកឃ្លាន ការឈឺចាប់ និងភាពភ័យខ្លាចចំពោះការបាត់បង់ណាមួយ។​ ប៉ុន្តែភាគច្រើននៃការដាក់គោលដៅ របស់មនុស្សម្នាក់នៅតែបន្តទទួលការបរាជ័យ មូលហេតុ គឺភាគច្រើនមកពីពួកគេមិនទាន់ស្គាល់ខ្លួនឯងច្បាស់ មិនស្គាល់ពីតម្រូវការ មិនស្គាល់ពីភាពខ្វះខាត ​ពោលមានន័យថា មិនទាន់ដឹងថា ខ្លួនកំពុងឈរនៅត្រង់ណា​ មានអ្វីខ្លះ និងខ្វះអ្វីខ្លះនៅឡើយទេ។ ភាពខ្វះខាតទាំងនេះហើយ ដែលធ្វើឲ្យពួកគេបោះជំហ៊ានឆ្ពោះទៅមុខ ទាំងស្រពេចស្រពិល ទាំងល្ងិតល្ងង់ និងទាំងងងឹតងងុល ដោយបង្កើតឲ្យមានការសាកល្បង ធ្វើរឿងដដែលៗ អស់ជាច្រើនលើកច្រើនសារ រហូតដល់វេលាចុងក្រោយនៃជីវិតរបស់ពួកគេ។​
ហ៊ានគិត តែមិនហ៊ានធ្វើ
ត្រឹមតែម៉ាគិតវាមិនពិបាកទេ តែបើដឹកនាំខ្លួនឲ្យសម្រេចចិត្តធ្វើវា ទើបជារឿងដែលពិបាក។ មនុស្សភាគច្រើនតែងបរាជ័យ ដោយសារភាពក្លាហានរបស់ពួកគេមានតែនៅក្នុងចិត្ត ដោយមិនបានបញ្ចេញមកក្រៅ។ ព្រោះភាគច្រើននៃមនុស្សប្រភេទនេះ គឺ កំសាក ខ្លាចអន់ ខ្លាចធ្វើទៅខុស ខ្លាចគេសើចនៅ
ពេលធ្វើខុស ខ្លាចជួបបញ្ហាលំបាក និងខ្លាចអ្នកដទៃមើលមកមិនសម ជាដើម។ល។ ការខ្លាចទាំងអស់នេះហើយ ដែលបានធ្វើឲ្យជីវិតរបស់ពួកគេ ត្រូវចូលទៅរស់នៅក្នុងក្តីសុបិន្តរបស់អ្នកដទៃ រីឯគោលដៅ របស់ពួកគេបានជាប់គាំងត្រឹមតែការគិត និងបំភ័យពួកគេឲ្យបំភ្លេចគោលដៅ និងបោះបង់ក្តីសុបិនរបស់ខ្លួនទៅវិញបន្តិចម្តងៗ។
លោកអ្នកត្រូវចាំថា រឿងទាំងឡាយវាមិនមែនដំណើរការទៅបានល្អ ដោយសារតែការណែនាំ ឬតម្រែតម្រង់ពីអ្នកដទៃទាំងស្រុងទេ តែវាដំណើរការទៅបានល្អ ដោយសារតែការចាប់ផ្តើមបង្កើតកំហុស របស់លោកអ្នកនៅថ្ងៃនេះ និងកែតម្រូវវាសារឡើងវិញនៅថ្ងៃស្អែក។ បើសិនជាលោកអ្នករស់នៅមានភាពក្លាហានត្រឹមតែការគិត នោះច្បាស់ណាស់ថា គោលដៅរបស់លោកអ្នក នឹងក្លាយទៅជាដំទឹកកក ដែលត្រូវកំដៅថ្ងៃជាក់ជាមិនខាន។​
ហ៊ានធ្វើ តែឆាប់បោះបង់ក្តីសង្ឃឹម
អានចប់ចំណុចទី២ លោកអ្នកហ៊ានសម្រេចចិត្តបញ្ចេញសកម្មភាព។ ប៉ុន្តែលោកអ្នកត្រូវចាំថា រាល់សកម្មភាពទាំងឡាយ គឺសុទ្ធតែមានបង្កប់នូវកំហុសជាច្រើនរាប់មិនអស់។ កំហុសទាំងនោះ នឹងធ្វើឲ្យជីវិតរបស់លោកអ្នកស្មុកស្មាញ រញ៉េរញ៉ៃ ធុញថប់ តប់ប្រមល់ ឈឺចាប់ តឹងតែង គ្មានសេរីភាព និងបាក់ទឹកចិត្តជាដើម។ ចំនុចទាំងនេះគេហៅថា “បញ្ហានៃជីវិត”។ បញ្ហាជីវិតនេះហើយ ដែលតែងតែធ្វើឲ្យមនុស្សភាគច្រើនឆាប់បោះបង់ក្តីសង្ឃឹម ដោយពួកគេមិនបានដឹងច្បាស់ឡើយថា ជីវិតកើតមក គឺសម្រាប់តែដោះស្រាយបញ្ហានោះទេ។ បើអត់បាយត្រូវរកបាយ អត់ការងារធ្វើត្រូវរកការងារធ្វើ គ្មានផ្លូវដើរត្រូវបង្កើតផ្លូវដើរ នេះជាបញ្ហាជីវិត ដែលលោកអ្នកត្រូវតែដោះស្រាយ រហូតដល់ដង្ហើមចុងក្រោយនៃជីវិត។
គូសបញ្ជាក់ថា បញ្ហាទាំងឡាយ មិនមែនដោះស្រាយដោយការរត់គេចទេ តែត្រូវដោះស្រាយដោយការហ៊ានប្រឈមមុខ។ បើសិនជាថ្ងៃនេះអ្នករត់គេចពីបញ្ហា នោះថ្ងៃស្អែកអ្នកនឹងជួបបញ្ហា តែបើថ្ងៃនេះអ្នកហ៊ានប្រឈមមុខដោះស្រាយបញ្ហា នោះថ្ងៃស្អែកអ្នកនឹងលេងមានបញ្ហា។ វាមិនអាស្រ័យថា ជីវិតអ្នកធ្លាក់ដល់ចំនុចសូន្យ ឬឡើងដល់មួយរយ ដោយសារបញ្ហានោះទេ អោយតែលោកអ្នកមិនបោះបង់ នោះលោកអ្នកនឹងមើលឃើញពីឱកាស និងសុភមង្គលនៅពីក្រោយខ្នងរបស់វា៕
ដោយ៖ BM
ប្រភព៖ Angkorvoice