Post Top Ad

Tuesday, September 06, 2016

ឈូក ដាវី ចែករំលែកបទពិសោធន៍ក្នុងការទទួលបានអាហារូបករណ៍



សម្រាប់សិស្សនិស្សិត ជាពិសេសសិស្សថ្នាក់ទី១២ដែលមានបំណងចង់បន្តការសិក្សារបស់ខ្លួន
នៅក្រៅបរទេស អត្ថបទនេះអាចនឹងជួយដល់អ្នកបាន ដោយនិស្សិតអាហារូបករណ៍ ឈូក ដាវី បានចែករំលែកបទពិសោធន៍របស់ខ្លួនធ្វើយ៉ាងម្តេចទើបអាចទទួលបានអាហារូបករណ៍ទៅសិក្សា
នៅថៃបាន ។គួរបញ្ជាក់ផងដែរ សព្វថ្ងៃ ដាវី ជានិស្សិតអាហារូបករណ៍ព្រះរាជទាន
ម្ចាស់ក្សត្រីស៊ីរិនថនសម្រាប់សិស្សកម្ពុជា(Thai Princess Sirindhorn Scholarship for Cambodian Students) ផ្នែក Software Engineering នៅឈៀង ម៉ៃ ប្រទេសថៃ ហើយខាងក្រោមនេះ ជាបទពិសោធន៍និងគន្លឹះរបស់គាត់ក្នុងការដណ្តើមយកអាហារូបករណ៍ ៖
១.ជ្រើសរើសជំនាញដែលអ្នកស្រលាញ់មុនរួចសឹមមើលអាហារូបករណ៍ ៖
មុននឹងរើសយកអាហារូបករណ៍ណាមួយ អ្នកគួរជ្រើសរើសនូវមុខជំនាញដែលខ្លួនឯងស្រលាញ់ពេញចិត្តជាមុន ។ ដាវីបានលើកឡើងថា «ចំពោះរឿងមុខជំនាញ យើងអាចសម្រេចតាមរឿង២យ៉ាង …. ១ ដោយសារតែខ្ញុំធ្លាប់ជ្រើសរើសជំនាញខុស ដូច្នោះហើយ ខ្ញុំសូមផ្តល់យោបល់ថា ចូរគិតសំខាន់លើ យើងជាអ្នកណាហើយស្រលាញ់អ្វីជាងគេ តើអ្នកចូលចិត្តធ្វើអ្វី តើយើងពេញចិត្តនឹងធ្វើកិច្ចការទាក់ទងនឹងមុខជំនាញយើងរាល់ថ្ងៃដែរឬទេ ? ២ គឺ ទីផ្សារ, … ដូច្នោះយើងគិតថាបន្ទាប់ពីរៀនវាហើយ តើយើងនឹងទៅធ្វើអ្វី ? ហើយវាល្អដែរឬទេ ?»
គួរបញ្ជក់ ដើមឡើយដាវីប្រលងជាប់ពេទ្យ តែលុះពេលរៀនទៅទើបដឺងថា ខ្លួនស្រលាញ់ជំនាញបច្ចេកវិទ្យាជាង រួចក៏សម្រេចចិត្តបោះបង់មុខវិជ្ជាជាវេជ្ជបណ្ឌិតនេះទៅរកជំនាញដែលខ្លួនពេញចិត្តវិញ ហើយអ្នកក៏គួរត្រូវសម្រេចចិត្តជ្រើសរើសនូវមុខជំនាញណាដែលខ្លួនស្រលាញ់ផងដែរ ។
២.អ្នកត្រូវស្គាល់ពីអាហារូបករណ៍ជាមុន ៖
ជំហានបន្ទាប់អ្នកគួរដឹងពត៍មានជុំវិញពីអាហារូបករណ៍ដែលអ្នកចង់បាននោះ ដូចជា តើអាហារូករណ៍នេះផ្តល់អោយអ្នកណាខ្លះ, ត្រូវការអ្វីខ្លះ, សម្រាប់ប្រភេទការសិក្សាអ្វី(អនុបណ្ឌិត ឬ បណ្ឌិត .ល…) ហើយតើគេផ្គត់ផ្គង់អ្វីខ្លះដល់និស្សិតដែលជាប់ជាដើម ។
៣.រំលឹកមេរៀន និង ស្វែងរកឯកសារប្រលងមុនៗ ៖
ត្រង់ចំណុចនេះ ដាវី បានលើកឡើងថា «សម្រាប់ខ្ញុំមុនពេលប្រលងគឺខ្ញុំព្យាយាមរំលឹកមេរៀនទី១២ និង ទៅរកគំរូវិញ្ញសាប្រលងអាហារូបករណ៍ទៅបរទេសឆ្នាំមុនៗនៅឯជ័យថាវី និងតាមវែបសាយថៃមួយចំនួន រួចហ្វឹកហាត់ធ្វើលំហាត់ទាំងនោះ »
៤.រៀនហាត់សមសម្ភាសន៍ និង បង្កើនសមត្ថភាពភាសាអង់គ្លេស
ដោយផ្អែកលើមូលហេតុថា បន្ទាប់ពីអ្នកជាប់ឈ្មោះជាបេក្ខជន Short List ហើយ អ្នកត្រូវធ្វើការសម្ភាសន៍មួយវគ្គទៀត មុននឹងដឹងលទ្ធផលថាអ្នកជាប់ឬមិនជាប់ ។ ឈូក ដាវី បានប្រាប់ពីបទពិសោធន៍ផ្ទាល់ខ្លួនត្រង់ចំណុចនេះថា «ខ្ញុំរៀនរប្រៀបសម្ភាសន៍នេះតាមវែបសាយ, Youtube,សៀវភៅនានា និងតាមសិស្សច្បងព្រមទាំងមិត្តភក្តិផងដែរ… ខ្ញុំឧស្សាហ៍ហ្វឹកហាត់និយាយម្នាក់ឯងទល់មុខកញ្ចក់.. មែនទែនទៅវាគ្រាន់តែហ្វឹកហាត់ឲ្យយើងដឹងពីខ្លួនយើងថាជាអ្នកណាប៉ុណ្ណោះ »
គាត់បានបន្ថែមទៀតថា ដើម្បីមានភាគរយខ្ពស់ក្នុងការទទួលបានអាហារូករណ៍ទៅកាន់បរទេស ភាសាអង់គ្លេសដើរតួមួយយ៉ាងសំខាន់ ដូចនេះអ្នកគួរប្រឹងបង្កើនភាសាអង់គ្លេសនេះតាមដែលអាចធ្វើបានផងដែរ ។
៥.ស្វែងរកសិស្សច្បងដែលបានជាប់អាហារូករណ៍ដើម្បីជាជំនួយ ៖
មិនថាដើម្បីតែទទួលបានពត៍មានពីអាហារូករណ៍នោះទេ រាល់សិស្សច្បងដែលបានជាប់អាហារូបករណ៍តែងមានគន្លឺះនិងបទពិសោធន៍នានា សម្រាប់រាល់សិស្សប្អូនដែលចង់ជាប់អាហារូករណ៍ទាំងឡាយ ហេតុនេះហើយអ្នកគួរសាកសួរពួក
គាត់ដើម្បីបង្កើនទំនុកចិត្តខ្លួនឯងនិងទទួលបានគន្លឺះជោគជ័យទាំងនោះ ។
៦.ពេលប្រលងគួរធ្វើលំហាត់ងាយមុន ៖
ចំពោះអាហារូបករណ៍ថៃនេះ គឺ វិញ្ញសាចេញបែបជាពហុជ្រើសរើសគ្រប់មុខវិជ្ជា ដូចនេះក្នុងពេលប្រលង អ្វីដែលអ្នកគួរធ្វើមុនគេ គឺ លំហាត់ដែលអ្នកចេះ រួចលំហាត់ណាមិនចេះសូមទុកវានៅក្រោយ ។ ដាវី ចង់លើកទឹកចិត្តដល់អ្នកដែលប្រលងអាហារូបករណ៍ថា ចំពោះលំហាត់ណាដែលយើងមិនចេះធ្វើ យើងក៏គួរតែជ្រើសរើសយកចម្លើយផងដែរ ព្រោះចៃដន្យការជ្រើសរើសនោះត្រូវចំចម្លើយពិតមែន នោះអ្នកនឹងទទួលបានពិន្ទុ ។

ដោយសារតែខ្ញុំធ្លាប់ជ្រើសរើសជំនាញខុស ដូច្នោះហើយ ខ្ញុំសូមផ្តល់យោបល់ថា ចូរគិតសំខាន់លើ យើងជាអ្នកណាហើយស្រលាញ់អ្វីជាងគេ តើអ្នកចូលចិត្តធ្វើអ្វី តើយើងពេញចិត្តនឹងធ្វើកិច្ចការទាក់ទងនឹងមុខជំនាញយើងរាល់ថ្ងៃដែរឬទេ ?
 ~ ឈូក ដាវី 

ដោយ៖Veasna
ប្រភព៖limbique