Post Top Ad

Monday, September 12, 2016

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យលោក Raza Farrukh អ្នកជំនាញការ ទទួលបន្ទុកការអភិវឌ្ឍតំបន់អាសុីប៉ាសុីហ្វិក នៃធនាគារអភិវឌ្ឍន៍អាសុី និងគណៈប្រតិភូ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ នៅទីស្តីការក្រសួង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យលោក Raza Farrukh អ្នកជំនាញការ ទទួលបន្ទុកការអភិវឌ្ឍតំបន់អាសុីប៉ាសុីហ្វិក នៃធនាគារអភិវឌ្ឍន៍អាសុី និងគណៈប្រតិភូ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងធនធានទឹក និងឧតុនិយម និងបងប្អូនប្រជាកសិករ ឯកឧត្តម សូមសំដែងនូវការថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាសុី ( ADB ) ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់ក្រសួងធនធានទឹក និងឧតុនិយម ទាំងលើការងារបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រនៅកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តទៀតថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី និងតាមរយៈការឧបត្ថម្ភគាំទ្រពីដៃគូអភិវឌ្ឍន៍នានា រួមទាំងធនាគារអភិវឌ្ឍន៍អាសុី បានជម្រុញឲ្យប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា ត្រូវបានពង្រីកសក្តានុពលយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែមិនទាន់បានគ្របដណ្តប់លើផ្ទៃដីបង្កបង្កើនផលទាំងស្រុងនោះទេ ។ បច្ចុប្បន្នក្រសួង បាន និងកំពុងបន្តសាងសង់បន្ថែម ដើម្បីឈានទៅសម្រេចការផ្គត់ផ្គង់ទឹកជូនបងប្អូនប្រជាកសិករ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។
លោក Raza Farrukh បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ដោយពិនិត្យឃើញនូវទស្សនវិស័យ និងផែនការច្បាស់លាស់របស់ក្រសួង ភាគី ADB នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងធនធានទឹក និងឧតុនិយម ទាំងផ្នែកទន់ និងផ្នែករឹង ។ លោកបន្តថា ADB បានសម្រេចផ្តល់ហិរញ្ញប្បទានសម្រាប់ក្រសួងធនធានទឹក និងឧតុនិយម ចំនួន ២៥០ លានដុល្លាសហរដ្ឋអាមេរិក បន្ថែមទៀត សម្រាប់អនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងទឹក ជំហានទី ២ ដែលនឹងត្រូវអនុវត្តក្នុងរយៈពេល ១០ ឆ្នាំ ( ២០១៨-២០២៨ ) ។ លោក Raza បន្តថា ទន្ទឹមនឹងការអភិវឌ្ឍលើប្រព័ន្ធធារាសាស្ត្រក្នុងឆ្នាំ ២០១៧ ខាងមុខនេះ ADB នឹងផ្តល់នូវជំនួយឥតសំណង ចំនួន ២ លាន ដុល្លាសហរដ្ឋអាមេរិក សម្រាប់កិច្ចការរៀបចំបទដ្ឋានបច្ចេកទេស ។
ទាក់ទងទៅនឹងសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាសុី ជួយបង្កើតឡើងនូវមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួងធនធានទឹក និងឧតុនិយម លោក Raza បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ភាគី ADB បានសម្រេចផ្តល់នូវកញ្ចប់ហិរញ្ញប្បទាន ចំនួន ៥ លាន ដុល្លាសហរដ្ឋអាមេរិក សម្រាប់ការបង្កើតឡើងនូវមជ្ឈមណ្ឌលទិន្នន័យ ( Database Center ) និងការតម្លើងបន្ថែមនូវស្ថានីយជលសាស្ត្រស័្វយប្រវត្តិ ៣០ កន្លែង និងស្ថានីយឧតុនិយមស្វ័យប្រវត្តិ ៣០ កន្លែង ។ ភាគី ADB ក៏នឹងធ្វើសហប្រតិបត្តិការជាមួយ ទីភ្នាក់ងារអវកាសអឺរ៉ុប ( European Space Agency ) ក្នុងការនាំយកនូវបច្ចេកវិទ្យា Garman មកបំពាក់នៅមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីឱ្យមជ្ឈមណ្ឌលនេះ ក្លាយជាមជ្ឈមណ្ឌលទិន្នន័យកម្រិតពិភពលោក ( World Class Database Center ) ។ លោក Raza បន្តថា ដើម្បីសម្រេចនូវកិច្ចការដ៏ធំនេះបាន និងប្រកបដោយនិរន្តរភាព ភាគី ADB នឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ដើម្បីរៀបចំបណ្តុះបណ្តាលមន្ត្រីរបស់ក្រសួងឲ្យមានសមត្ថភាព និងជំនាញច្បាស់លាស់ ទាំងកិច្ចដំណើរការ ទាំងការជួសជុលថែទាំ ។
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាថ្មីម្តងទៀត បានសំដែងនូវការថ្លែងអំណរគុណ ចំពោះធនាគារអភិវឌ្ឍន៍អាសុី ដែលបានយកចិត្តទុកដាក់ និងឆ្លើយតបជាវិជ្ជមាន ចំពោះសំណើរបស់ក្រសួងធនធានទឹក និងឧតុនិយម ទាំងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ទាំងការបង្កើតនូវមជ្ឈមណ្ឌលទិន្នន័យ និងការបណ្តុះបណ្តាលធនធានមនុស្ស ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា គម្រោងធ្វើឱ្យប្រសើរនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រជំហានទី ២ ដែលនឹងត្រូវអនុវត្តពីឆ្នាំ ២០១៨ ដល់ ២០២៨ គឺជាការរួមចំណែកដ៏ធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង និងដោះស្រាយទឹកជូនប្រជាកសិករកម្ពុជា ។ ចំពោះមជ្ឈមណ្ឌលទិន្នន័យ វាគឺជាឃ្លាំងទិន្នន័យ និងចំណេះដឹងដ៏សំខាន់ ដែលមិនត្រឹមតែបម្រើឱ្យការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយមប៉ុណ្ណោះទេ ប៉ុន្តែមជ្ឈមណ្ឌលនេះ ក៏នឹងបម្រើឱ្យការអភិវឌ្ឍលើវិស័យផ្សេងៗទៀត ហើយក៏ជាឃ្លាំងចំណេះដឹង សម្រាប់អ្នកស្រាវជ្រាវជំនាន់នេះ និងជំនាន់ក្រោយៗទៀត ៕




ដោយ៖  CC