Post Top Ad

Wednesday, November 30, 2016

អាថ៍កំបាំង ៥ចំណុចដែលអ្នកមានកាន់តែមានឡើងៗ




ក្រោយចំណាយពេល ៥ ឆ្នាំសិក្សាពីសេដ្ឋីនានា អ្នកនិពន្ធសៀវភៅល្បីឈ្មោះលោក Thomas C. Corley បានរកឃើញអាថ៌កំបាំងចំនួន ៥ ដែលធ្វើឲ្យអ្នកមានកាន់តែមានថែមទៀត។ តើមានអ្វីដែលធ្វើឲ្យសេដ្ឋីទាំងនោះខុសប្លែកពីមនុស្សធម្មតា?

១. វិនិយោគដោយអង្កេតដិតដល់​មិន​ដូចការលេងល្បែង
អ្នកមានជាច្រើនបានយកប្រាក់មួយផ្នែករបស់ពួកគេទៅវិនិយោគលើការទិញ-លក់ភាគហ៊ុន។ តែការទិញលក់នេះ បើគ្រាន់តែគិតថា ល្អទិញ ហើយចាំដល់ពេលវេលាល្អលក់យកចំណេញនោះ វាដូចជាការចាក់ល្បែងដែលមិនចាំបាច់គិតច្រើនដែរពោលគឺ បើមិនត្រូវគឺខុស។ តែអ្នកមានដែលវិនិយោគលើការវិនិយោគដោយការទិញហ៊ុននេះយកពេលតាមដានការវិវត្តរបស់ក្រុមហ៊ុនយ៉ាងដិតដល់ប្រៀបដូចជាការធ្វើលំហាត់នៅផ្ទះដូច្នោះដែរ។
បើសិក្សាឃើញថា អាចនឹងមានហានីភ័យពួកគេនឹងប្រញាប់លក់ចេញភ្លាមមិនឲ្យខាតធំឡើយ។ តែបើមិនតាមដានដោយយកចិត្តទុកដាក់ទេ អ្នកវិនិយោគប្រៀបដូចជាយកលុយទៅភ្នាល់ល្បែង ដោយមិនចាំបាច់មាន​ចំណេះដឹងអ្វីទាំងអស់អីចឹង។

២. បំណុលមានល្អ និងអាក្រក់
អ្នកប្រហែលធ្លាប់ឮហើយថា គ្មានអ្នកមានណាដែលមិនជំពាក់គេទេ។ ពិតណាស់ អ្នកវិនិយោគភាគច្រើនខ្ចីលុយដើម្បីបង្កើតលុយ។ បំណុលនេះទៀតសោតចែកចេញជាពីរគឺបំណុលល្អ និងបំណុលមិនល្អ។ បំណុលល្អសំដៅលើការខ្ចីលុយទៅបង្កើតអាជីវកម្មថ្មី រក្សាលំនឹង និងពង្រីកបន្ថែម។ ចំណែកបំណុលមិនល្អសំដៅលើការខ្ចីលុយយកទៅបំប៉នមុខជំនួញដែលមិនដំណើរការល្អ ក្រោយរយៈពេលចាប់ផ្ដើមដ៏យូររួចហើយ។

៣. សំណាងគឺមនុស្សជាអ្នកបង្កើត
ពិតមែនហើយអ្នកក្រច្រើនតែគិតថា អ្នកនេះមានសំណាង អ្នកនោះមានសំណាងទើបក្លាយជាអ្នកមាន។ តែអ្នកមានក៏ជឿលើសំណាងដែរ គ្រាន់តែគិតថា សំណាងគឺមនុស្សជាអ្នកបង្កើតច្រើនជាង។ សំណាងចែកចេញជាពីរដែរគឺ សំណាងដោយចៃដន្យ និងសំណាងដែល​មនុស្សបង្កើត។
សំណាងដែលមនុស្សបង្កើតគឺសំដៅទៅលើសំណាងដែលកើតចេញពីលទ្ធផលនៃទម្លាប់ដ៏ល្អប្រចាំថ្ងៃ។ ការចូលចិត្តអានសៀវភៅ ថែរក្សាសុខភាព និងដើរតាមគោលដៅដែលបានកំណត់គឺជាសំណាងដែលមនុស្សបង្កើតដោយផ្អែកលើ គ្មានអ្វីក្រៅពីសកម្មភាព និងទម្លាប់ដ៏ល្អប្រចាំថ្ងៃឡើយ។ សំណាងមួយទៀតគឺ សំណាងដោយចៃដន្យដូចជាការឈ្នះរង្វាន់ធំ ឬ ដើរជួបប្រទះនឹងកំណប់មហាសាលជាដើម។

៤. ការចង់ក្លាយជាអ្នកមានមិនមែនដោយសារលោភលន់
ទន្ទឹមនិងនេះដែរមនុស្សជាច្រើនគិតថា អ្នកមានទ្រព្យជាមនុស្សដែលមានមហិច្ឆតាលោភលន់ចង់មានបាន។ ៩៧ ភាគរយនៃអ្នកមានក្នុងការសិក្សាខាងលើបង្ហាញថា ភាពលោភលន់មិនមែនជាកត្តាកំណត់ភាពមានបានទេ តែការស្រលាញ់ និងចូលចិត្តការងាររបស់ពួកគេធ្វើឲ្យអ្នកទាំងនោះប្រឹងប្រែងខ្លាំងរហូតក្លាយជាសេដ្ឋី។

៥. កុំសន្សំដើម្បីក្លាយជាអ្នកមាន
អ្នករកបានមួយកាក់មួយសេន ហើយសន្សំនោះជាចំណូលមួយ។ តែការសន្សំបែបនេះមិនអាចឲ្យអ្នកក្លាយជាអ្នកមានឡើយ។ អ្នកមានភាគច្រើន យកប្រាក់ដែលសន្សំទៅវិនិយោគបន្ត។ ពួកគេច្រើនវិនិយោគប្រាក់ទៅលើជំហានបីគឺទី១ ង្កើតអាជីវកម្មផ្ទាល់ខ្លួន ទី២ ទិញភាគហ៊ុនក្រុមហ៊ុនដទៃ និងទី ៣ ទិញ-លក់អចលនទ្រព្យ។
អ្នកមានគិតថា ប្រាក់វិនិយោគបន្ត បើខាត ១០០ ដុល្លារគឺ អស់តែ ១០០ ដុល្លារហ្នឹង។ តែបើត្រូវ ១០០ ដុល្លារអាចបង្កើត ១០០០ ដុល្លារ ឬច្រើនជាងនោះ។

ដោយ៖ CC
ប្រភព៖ Businessinsider