មហាដាល់ ហ្គាន់ឌី (MAHANDAS GANDHI)
ត្រូវបានចាត់ទុកជាបិតា នៃប្រទេសឥណ្ឌា និងជាមេដឹនាំចលនាជាតិនិយមប្រឆាំងនឹងច្បាប់គ្រប់គ្រងរបស់អង់គ្លេសដើម្បីទាមទារឯករាជ្យដោយធម៏អហិង្សា។
មហាន់ដាស់ ហ្គាន់ឌី កើតនៅថ្ងៃទី០២ ខែតុលា ឆ្នាំ១៨៦៩ នៅទីក្រុងប៉បាន់ដា (Porbandar) ក្នុងរដ្ឋ ហ្គូចារ៉ាត់ (Gujarat) ប្រទេសឥណ្ឌា។ បន្ទាប់ពីបញ្ចប់សិក្សាពីសាកលវិទ្យាល័យ ហ្គាន់ឌី បានទៅសិក្សាផ្នែកមេធាវី នៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។ លោកបានត្រលប់មកឥណ្ឌាវិញ នៅឆ្នាំ១៨៩១ ហើយឆ្នាំ១៨៩៣ បានចាប់ផ្តើមបំពេញការងារ នៅក្រុមហ៊ុនច្បាប់ឥណ្ឌាមួយក្នុងប្រទេសអហ្វ្រិកខាងត្បូង។ ក្នុងកំឡុងពេលជាង២០ឆ្នាំនៅទីនោះ គាត់បានជាប់ពន្ធនាគារជាច្រើនដង ដោយសារគាត់បានចូលរួមការទាមទារសិទ្ធិមូលដ្ឋានរបស់ជនអន្តោប្រវេសន៍។
លោកជាបុគ្គលដែលទទួលរងឥទ្ធិពលនៃសាសនាហិណ្ឌូ សាសនាជេននិងគ្រិស្ត ព្រមទាំងទស្សនវិទូមួយចំនួនដូចជា លីអូ តុលស្តូយ និងហេរី ដេវិដថូរូ ជាដើម។ ហ្គាន់ឌី បានបង្កើតទ្រឹស្តីមួយ គឺ "ការលះបង់ដើម្បីសេចក្តីពិត" ដោយប្រើប្រាស់វិធីសាស្រ្តអហិង្សា ទប់ទល់នឹងសេចក្តីអាក្រក់។ ក្នុងឆ្នាំ១៩១៤ ក្រោយការទាមទាររបស់ហ្គាន់ដី រដ្ឋាភិបាលរបស់អាហ្រ្វិកខាងត្បូង យល់ព្រមដោះលែងមនុស្សជាច្រើន។
ហ្គន់ឌី វិលត្រលប់មកទឹកដីឥណ្ឌាវិញ នៅឆ្នាំ១៩១៦ ហើយពីរឆ្នាំក្រោយមក លោកចាប់ផ្តើមដឹកនាំសកម្មភាពទាមទារសិទ្ធិសេរីភាពពីអាណានិគមអង់គ្លេស ដោយអនុវត្តធម៏អហិង្សា។ លោកចាប់ផ្តើមអនុវត្តន៍មុនគេនៅរដ្ឋប៊ីហា ដែលពេលនោះទទួលការគាំទ្រពីប្រជាជនរាប់លាន់នាក់។ ហ្គាន់ឌី បានលើកទឹកចិត្តឱ្យប្រជាជនឥណ្ឌា អភិវឌ្ឍន៍ជីវភាពខ្លួន និងតវ៉ាដោយអហិង្សាដូចជាបាតុកម្មកដោយសន្តិវិធី ការធ្វើពហិកាមិនទិញទំនិញ ឬសេវាកម្មពីស្ថាប័នទាំងឡាយរបស់អង់គ្លេស។ កាលនោះ មនុស្សរាប់ពាន់ត្រូវបានត្រូវបានចាប់ខ្លួន។ សកម្មភាពរបស់ហ្គាន់ឌី បានធ្វើឱ្យប្រជាជនឥណ្ឌា ប្រសិទ្ធនាមឱ្យរូបគាត់ថា "មហាត្មាស់" មានន័យថា "ព្រលឹងដ៏អស្ចារ្យ"។
នៅឆ្នាំ១៩២២ មហាត្មាស់ ហ្គាន់ឌី ត្រូវបានចាប់ខ្លួន និងកាត់ទោសឱ្យជាប់ពន្ធនាគារ៦ឆ្នាំ។ ប៉ុន្តែពីរឆ្នាំក្រោយមក លោកត្រូវបានដោះលែង ហើយបានដកខ្លួនចេញពីនយោបាយមួយរយៈ ដោយចំណាយពេលវេលាក្នុងការដោះស្រាយនិងធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងរវាងអ្នកកាន់សាសនាហិណ្ឌូ និងអ៊ីស្លាម។ ក្នុងឆ្នាំ១៩៣០ ហ្គាន់ឌី បានដាក់ចេញយុទ្ធសាស្រ្តប្រជាជនរាប់ពាន់នាកឱ្យចាប់ផ្តើមផលិតអំបិលដោយខ្លួនឯង។ យុទ្ធនាការនោះ ត្រូវបានគេប្រសិទ្ធនាមថា "ដំណើរទៅកាន់សមុទ្រក្នុងខែមីនា" ឬ "March to the sea"។
ឆ្នាំ១៩៣១ ហ្គាន់ឌី បានទៅចូលរួមកិច្ចប្រជុំមួយនៅទីក្រុងឡុងដ៍ដោយតំណាងឱ្យប្រជាជនឥណ្ឌា។ នោឆ្នាំ១៩៣៤ លោកសម្រេចចិត្តលាលែងពីតំណែងជាប្រធានបក្ស ដោយលោកប្រឆាំងនឹងការតស៊ូដោយប្រើហិង្សាលោកត្រូវបានជំនួសដោយលោក ចាវ៉ាហាឡាល ណេរ៉ុ។
នៅឆ្នាំ១៩៤៥រដ្ឋាភិបាលអង់គ្លេសយលព្រមចចាររហូតដល់បង្កើតកិច្ចព្រមព្រៀងមួយនៅខែមិថុនា ឆ្នាំ១៩៤៧ ដោយយលព្រមបង្កើតឱ្យមានរដ្ឋឯករាជ្យពីរ គឺប្រទេសឥណ្ឌា និងបាគីស្ថាន ដែលត្រូវបានពុះចែកដោយខ្សែបន្ទាត់សាសនា។ ទឹកដីភាគច្រើន ដែលមានប្រជាជនភាគច្រើនកាន់សាសនា អ៊ីស្លាមជាប្រទេសប៉ាគីស្ថាន។ ដើម្បីបន្ថយកំដៅនៃជំលោះនេះ លោកហ្គាន់ឌី បានចូលរួមក្នុងយុទ្ធនាការផ្សះផ្សាយមួយនៅទីក្រុង កាល់កូតា និងទីក្រុងដែលលី។ ជាអកុសលនៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៤៨ លោកត្រូវបានគេធ្វើឃាត នៅទីក្រុងដែលលីដោយអ្នកកាន់សាសនាហិណ្ឌូនិយមជ្រុលម្នាក់។
មហាត្មាស់ ហ្គាន់ឌី គឺជាមេដឹកនាំដែលប្រកាន់ធម៏អហិង្សាម្នាក់ និងជាមនុស្សដែលរស់នៅដោយជីវភាពសាមញ្ញបំផុត។ លោកធ្វើសំលៀកបំពាក់ដោយខ្លួនឯង បរិភោគអាហារបួស និងដើរដោយថ្មើរជើងរាល់គ្រប់ការធ្វើកំណើរ។ លោកគឺជានិមិត្តរួបនៃពិភពលោក ក្នុងការនាំទៅរកក្តីសង្ឃឹម ប្រឆាំងនឹងការជិះជាន់ និងធ្វើឱ្យមនុស្សមានការតស៊ូព្យាយាម។
ដោយ៖ CC
ប្រភព៖ ពេជ្រមួយពាន់គ្រាប់