(រាជធានីភ្នំពេញ)៖ លោក ម៉ៃ សុគន្ធ មានការរិះគន់់ពីសំណាក់មហាជនអំពីការលួចចម្លងបទចម្រៀងពីថៃ ទើបតែស្ងប់ស្ងាត់មិនបានយូប៉ុន្មានផង ឥឡូវតារាចម្រៀងរូបនេះ បានបង្កើតឲ្យមានការរិះគន់ផ្ទុះឡើងជាមួយនឹងបទចម្រៀងមរតកដើមរបស់លោកតា ស៊ិន ស៊ីសាមុត បទ «ផ្កាយព្រឹក» ព្រោះតែបទនេះបានថតជាថ្មី ជាមួយនឹងការសម្តែងបង្ហាញឲ្យឃើញហាក់បីដូចជារឿងអាសអាភាស ដែលតួស្រី និងតួប្រុសសម្តែងគ្មានសម្លៀកបំពាក់ជាប់និតខ្លួនសោះ ។
នៅក្នុងបទចម្រៀងនេះដែរមានរយៈពេលតែ ១:៤៨ វិនាទី (មិនទាន់ Full MV នៅឡើយទេ) នៅក្នុងផលិតកម្ម Zoom មិនបញ្ចេញឈ្មោះអ្នកនិពន្ធទេ ដោយដាក់ថា (មរតកដើម) និងសម្រួលតន្ត្រីដោយ ផល វឌ្ឍនៈ ដឹកនាំសម្តែង និងថតដោយ Jeudy ហើយការសម្តែងដោយ កញ្ញា អ៊ុន អាលីហ្សា និងតារាប្រុសថ្មីម្នាក់ទៀត។ អ្វីដែលអ្នកលេងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករិះគន់នោះ គឺមានឈុតឆាកមួយចំនួន ដែលតួស្រី និងតួប្រុសប្រលែងសល់តែខ្លួនទទេ ក្នុងបន្ទប់ទឹក ដែលគេមើលទៅហាក់បីដូចជា មិនស៊ីគ្នាជាមួយនឹងបទម្រៀង «ផ្កាយព្រឹក» សោះ។
អ្នករិះគន់ម្នាក់បានចោទជាសំណួរថា ហេតុអ្វីក៏យកបទចម្រៀងមរតកដើម មកផលិត MV ជាកម្មសិទ្ធិរបស់ខ្លួនទៅវិញ? គួរតែផ្តល់តម្លៃ លើកតម្កើង និងអភិរក្ស ។ ប្រភពដដែលបន្តថា «គាំទ្រ ឆ្កួតអី បទគេល្អល្អ យកមកច្រៀងដូចឆ្កួត» ។ ក្រៅពីការរិះគន់ប្រភពខាងលើក៏បានស្នើសុំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានការត្រួតពិនិត្យ និងចាត់វិធានការជុំវិញការផលិតបទចម្រៀងដែលជាមរតកដើម ត្រូវបានលួចចម្លងធ្វើជាបទចម្រៀងថ្មីថែមទាំងថតសម្តែងបែបស្រើបស្រាលអាសអាភាស ។
សូមរម្លឹកថា តារាចម្រៀងលោក ម៉ៃ សុគន្ធ ធ្លាប់ទទួលបានការរិះគន់យ៉ាងខ្លាំងម្តងរួចមកហើយ ក្រោយពីតារាចម្រៀងរូបនេះបានលួចចម្លងបទចម្រៀងរបស់ថៃ ។ ការរិះគន់ពុះកញ្ជ្រោលខ្លាំងឡើងក្រោយគេហទំព័ររបស់ថៃយកបទចម្រៀងដែលអ្នកចម្រៀងខ្មែរច្រៀងតាម និងបទថៃ ប្រៀបធៀបគ្នា រហូតប្រើពាក្យថា «អៀនខ្មាសទេ» ។ ផេកថៃបានយកបទចម្រៀងខ្មែរ២បទ មករិះគន់ ហើយដុតកម្តៅអ្នកលេងហ្វេសប៊ុកឱ្យមានអារម្មណ៍ឈឺចាប់ ។ ហ្វេសប៊ុកជនជាតិថៃបានរិះគន់យ៉ាងខ្លាំងស្ទើរផ្អើលពេញប្រទេសថៃទៅហើយ ក្នុងនោះមានអ្នកនិយមលេងហ្វេសប៊ុកជនជាតិខ្មែរផងដែរ ចូលរួមរិះគន់ក្នុងន័យបញ្ចេញមតិយោបល់ស្នើសុំឱ្យអ្នកនិពន្ធខ្មែរ និងតារាចម្រៀងបញ្ឈប់ការលួចចម្លងពីគេ ដើម្បីកុំឱ្យប្រទេសជិតខាងបន្តមាក់ងាយលើវិស័យសិល្បៈចម្រៀងខ្មែរ ។
គេនៅចាំបានថាបទចម្រៀង «ស្ទាវសម័យ4G» មិនត្រឹមតែចម្លងបទភ្លេងប៉ុណ្ណោះទេ ថែមទាំងយកស្ទីលកាយវិការសម្តែងទៀតផង ។ ក្នុងការរិះគន់រឿងលួចបទចម្រៀងបរទេសនេះស្ងប់ស្ងាត់មិនបានប៉ុន្មានផង បន្ទាប់ពីតារាចម្រៀងប្រុសស្រី២នាក់ត្រូវគេរិះគន់ខ្លាំងគ្រាដែលយកបទចម្រៀងដ៏ល្បីរបស់ប្រទេសថៃមកច្រៀង គឺបទ «ស៊ីបានចេះតែស៊ីទៅ» ជាបទចម្រៀង ច្រៀងដោយតារាចម្រៀងប្រចាំផលិតកម្មថោន លោកកែវ វាសនា និងនិពន្ធទំនុកច្រៀងដោយលោកងួន សុបិន្ត និងបទ«ទាល់តែយូរទើបស៊ីអូនបាន» ជាបទចម្រៀងដែលមានបទភ្លេងដូចគ្នាច្រៀងដោយកញ្ញា ម៉ាលី ជាតារាចម្រៀងប្រចាំផលិតកម្ម U Production ។
ទៅជាយ៉ាងណាកោះសន្តិភាពនៅមិនទាន់អាចស្វែងរកការបញ្ជាក់បំភ្លឺពីតារាចម្រៀងលោកម៉ៃ សុគន្ធ និងអ្នកដឹងនាំការថតនិងសម្តែងបាននៅឡើយទេ ។
មានវីដីអូនៅខាងក្រោមដែលលោកអ្នកអាចទស្សនាបាន៖
ដោយ៖ CC