Post Top Ad

Tuesday, January 17, 2017

វិធីសាស្រ្តងាយៗ ៧យ៉ាងដែលអាចការពារជំងឺ និងធ្វើឲ្យមានអាយុវែង



បើយោង​តាម​វេជ្ជ​បណ្ឌិត​រោគ​បេះ​ដូង​ដ៏​ល្បី គឺ​លោកវេជ្ជ​បណ្ឌិត Clyde Yancy បាន​ឲ្យ​ដឹង​ថា មនុស្ស​អាចរស់នៅបានដល់អាយុ​១០០ឆ្នាំ ដោយ​គ្រាន់តែ​ធ្វើតាមវិធី​សាមញ្ញ​ចំនួន​៧ប៉ុណ្ណោះ​។ ការ​ផ្លាស់ប្ដូរទម្លាប់នៃការ​រស់នៅ ដូចជា​រក្សទម្ងន់​ឲ្យ​បានត្រឹមត្រូវ កុំជក់បារី ហើយ​គ្រប់គ្រង​កម្រិត​កូឡេស្ទេរ៉ូល​ក្នុងខ្លួន​ឲ្យ​បានល្អ​ គឺ​ជា​វិធីដ៏​ងាយ​ស្រួល​ដែល​អាច​នាំ​ឲ្យយើង​រស់នៅ​បាន​អាយុ​វែង​។
វាជាការពិត​ណាស់​ប្រសិន​បើវែង​តែអាយុ តែរាងកាយ​ត្រូវទ្រុធទ្រោមដោយ​សារជំងឺនោះ ក៏​មិន​មែ​ន​ជា​អ្វី​ដែលមនុស្សចង់បាន​នោះ​ទេ តែ​វិធីដែលនឹង​បង្ហាញខាងក្រោម គឺ​ជា​វិធីធ្វើមិនឲ្យ​មាន​ជំងឺ​គ្រោះថ្នាក់មកបៀត​បៀនយើងបាន។ លោកវេជ្ជបណ្ឌិតជំនាញខាងលើនេះ បាន​និយាយ​ថា មនុស្សដល់ទៅ​៩០ភាគរយ​ដែលធ្វើតាមដំបូន្មាន​របស់គាត់ គឺអាចរស់នៅបានដល់៩០ ឆ្នាំ​ ឬ​ដល់១០០ឆ្នាំ​។ វិធីទាំង​៧ នោះ គឺអាច​កាត់បន្ថយ​គ្រោះថ្នាក់នៃការកើតជំងឺឃាតករដ៏​សាហាវបំផុតក្នុង​លោក ដូចជា​ ជំងឺ​បេះដូង និងជំងឺទឹកនោមផ្អែមជាដើម។
ចំណុចសំខាន់ៗទាំង ៧ខាង​ក្រោម​នេះ គឺ​ជា​វិធីងាយ​​ៗ​សាមញ្ញ​ដែល​ណែ​នាំ​ដោយ​វេជ្ជបណ្ឌិត Clyde Yancy ៖
១. បញ្ចេញសកម្មភាពរាងកាយ​ 
 បើនិយាយ​ឲ្យ​ស្រួល​ស្ដាប់គឺការ​ហាត់ប្រាណ។ កា​រធ្វើ​ឲ្យ​រាងកាយ​មានសកម្មភាព គឺអាច​ជួយបង្កើន​​ជីវិតមនុស្ស​លើស​អាយុ​សង្ឃឹមរស់ដល់ទៅ​ជិត​​៤ឆ្នាំ​ឯ​ណោះ​។ មនុស្សដែលអត់សូវបញ្ចេញសកម្មភាព ឬអត់ហាត់ប្រាណ គឺនឹងប្រឈមនឹង​ហានីភ័យ​នៃជំងឺបេះដូង ឬដាច់សរសៃឈាមក្នុងខួរក្បាល (ស្រ្ដូក) ដល់ទៅ​២ដងលើស​អ្នកហាត់ប្រាណ​។
២. ដឹង​ និង​ចេះ​គ្រប់គ្រងកម្រិតកូឡេស្ទេរ៉ូល 
 ការមានកម្រិតកូឡេស្ទេរ៉ូលក្នុង​ឈាមខ្ពស់ គឺអាចបណ្ដាលឲ្យ​ឈានទៅដល់​កា​រកើត​ជំងឺ​បេះ​ដូង (មេឃាតករ​កំពូល) និង​ជំងឺ​ស្រ្ដូកបាន ដូច្នេះ​មិនត្រូវភ្លេចគិត​ពីរឿង​កូឡេស្ទេរ៉ូលក្នុង​ខ្លួន​នោះទេ។
៣. ញ៉ាំ​អាហារ​ដែលមានប្រយោជន៍​ចំពោះសុខ​ភាព 
 ការ​ទទួល​ទាន​នូវអាហារ​ដែលមានប្រយោជន៍​ចំពោះសុខភាព ដែលរួមមាន​ផ្លែ​ឈើ និង​បន្លែ គឺ​ជា​វិធី​មួយ​ក្នុង​ចំណោមវិធីដ៏​ល្អបំផុតក្នុង​ការ​ជួយ​ថែរក្សាសុខ​ភាពរបស់​លោកអ្នក​។
៤. ដឹង​ និង​ចេះ​គ្រប់គ្រង​សម្ពាធឈាម 
 ការឡើង​សម្ពាធ​ឈាមខ្ពស់ ឬ​ហៅ​ជា​សាមញ្ញ​ថាលើស​ឈាម គឺ​ត្រូវបានគេ​ហៅ​ថា ជា​ឃាតករដ៏​ស្ងៀម​ស្ងាត់បំផុតមួយ ដោយ​សារ​តែ​វា​មិនមាន​រោគសញ្ញា​ ឬ​អាការៈ​បង្ហាញ​ឲ្យ​ដឹងមុននោះ​ទេ ដែល​បាន​ផ្ដាច់​យក​ជីវិត​មនុស្ស​អស់​មិន​តិច​ឡើយ​។ ការ​ដឹង​ និងចេះគ្រប់គ្រងសម្ពាធឈាមរបស់ខ្លួន​ឯង​បាន​ អ្នក​អាចកាត់បន្ថយ​ហានីភ័យ​នៃជំងឺស្រ្ដូកបានដល់ទៅ ៤០ភាគរយ ហើយ​ក៏​កាត់បន្ថយការ​គាំង​បេះ​ដូង​បាន​ដល់ទៅ​ ២៥ភាគរយ​ផងដែរ​។
៥. ធ្វើឲ្យ​មានទម្ងន់មួយ​ដែលសមស្របចំពោះ​សុខ​ភាព​ និង​ថែរក្សាទម្ងន់នោះ 
 មនុស្ស​ស្ទើតែ​២ភាគ​៣នៅក្នុង​ប្រទេស​អ្នកមាន គឺកំពុងតែ​ប្រឈមមុខ​នឹងការធាត់លើសទម្ងន់។ ការ​ធាត់​លើស​ទម្ងន់នេះ​ហើយ ដែល​ជា​កត្តា​គ្រោះថ្នាក់ដ៏​ចម្បង​មួយ ដែល​ធ្វើ​ឲ្យ​ឈានទៅដល់ការ​កើត​ជំងឺ​បេះដូង និង​ស្រ្ដូក​។ ការ​ធាត់លើសទម្ងន់ គឺ​អាចកាត់​បន្ថយ​អាយុ​សង្ឃឹមរស់ដល់ទៅ ៤ឆ្នាំឯ​ណោះ​។
៦. ការ​ពារជំងឺទឹកនោមផ្អែម 
 ជំងឺទឹកនោមផ្អែម​ អាចបង្កើនគ្រោះថ្នាក់ក្នុងការឡើងសម្ពាធឈាមខ្ពស់ ជំងឺដាច់សរសៃឈាម ជាពិសេស​វា​កាន់​តែ​គ្រោះ​ថ្នាក់​មួយ​កម្រិត​ទៀត ប្រសិន​បើ​អ្នកមិន​បាន​ត្រួត​ពិនិត្យ​មើល និង​គ្រប់គ្រង​កម្រិត​ជាតិស្កនៅក្នុង​ឈាម។​
៧. ជៀសវាងឲ្យ​ផុតពី​ថ្នាំជក់ 
 ពាក់កណ្ដាលនៃ​អ្នក​ជក់បារីរយៈពេលយូរ បានស្លាប់មុនអាយុ​ ដោយ​សារ​តែ​បារី​បានបង្កឲ្យ​កើត​ជំងឺ​គ្រោះថ្នាក់ជា​ច្រើន​ ដូច​ជា​ ជំងឺ​បេះ​ដូង ជំងឺមហារីកសួត និង​ជំងឺ​ជាច្រើន​ទៀត​។ ប្រសិន​បើ​អ្នក​ឈប់​ជក់​បារីបាន​កាន់តែ​ឆាប់ នោះ​ហានីភ័យ​នៃ​ការ​កើត​ជំងឺបេះដូង និង​ជំងឺ​ផ្សេង​ទៀត​បានកាន់តែឆាប់ដែរ​។

ដោយ៖​ CC
ប្រភព៖ rckbook