Post Top Ad

Wednesday, February 08, 2017

ចំណុចទាំង 6 យ៉ាងដើម្បីចិញ្ចឹមមិត្តស្រី ឲ្យរីកលូតលាស់បានល្អនិងរស់នៅជាមួយគ្នាបានយូរអង្វែង


1. ពេលដែលនាងឃ្លានរបស់អ្វីមួយ អ្នកត្រូវប្រញាប់នាំនាងទៅហូបដោយផ្ទាល់ រឺទិញរបស់នោះយកមកជូននាងដល់ផ្ទះ មិនថាពេលព្រឹក ពេលថ្ងៃ ពេលល្ងាច ពេលយប់ រឺក៏ពេលទាបភ្លឺនោះទេ ព្រោះការឃ្លាន មិនបានកំណត់ពេលវេលាឡើយ។ បើមិនដូច្នោះទេ នាងអាចនឹងស្រកគីឡូ ធ្លាក់ខ្លួនឈឺស្គមរីងរៃ ដូចកុមារ ដែលមានជម្ងឺរាកដែរ។
2. ពេលដែលនាងកើតទុក្ខ ត្រូវទិញអំណោយជូននាង រឺក៏នាំនាងទៅដើរលេង ដើម្បីលួងលោមនាង ឲ្យនាងបានរីករាយនិងស្រស់ស្រាយឡើងវិញ។ ពេលនាងសប្បាយចិត្ត ព្រោះបានសម្រេចកិច្ចការអ្វីមួយ ក៏ត្រូវទិញកាដូជូននាង រឺនាំនាងទៅដើរលេងដូចគ្នា ដើម្បីចូលរួមអបអរសាទរ ដល់ជោគជ័យរបស់នាង  ធ្វើបែបនេះ គឺជួយឲ្យថ្លើមរបស់នាង កាន់តែរីកធំ ងាយស្រួលក្នុងការស្រូបយកជាតិពុល ចេញពីក្នុងខ្លួន។
3. មិនត្រូវមានទំនាក់ទំនង ជាមួយនារីណាផ្សេងស៊ីជម្រៅ ក្រៅពីនាងឡើយ។ ហាមដាច់ខាត គឺហៅនារីដទៃថា “Sis” ព្រោះវានឹងធ្វើឲ្យនាងមានក្តីបារម្ភ ភាពភិតភ័យ ហើយកើតជាការសង្ស័យ និងរៀបគម្រោងស៊ើបអង្កេតទ្រង់ទ្រាយធំ ដែលវានឹងធ្វើឲ្យនាងខាតពេលវេលា មិនបានដេកមិនបានពួន ជាហេតុ ធ្វើឲ្យរលាក ដល់ក្រូម៉ូសូមទី23 របស់នាងយ៉ាងធ្ងន់ធ្ងរ។
4. ផ្តល់ការទុកចិត្ត និងភាពជឿជាក់ សម្រាប់នាង ដោយបើកចំហរ ព្រមឲ្យនាងចុចទូរស័ព្ទដៃ រឺលេងAccount Facebook របស់អ្នក ដោយសេរី និងឥតកំណត់។ ការផ្តល់អភ័យឯកសិទ្ធិឲ្យនាងលេង Facebook របស់អ្នក គឺវាស្មើនឹងការចាក់បញ្ចូល ជាតិកូឡាសេន (Collagen) ចំនួន5លីត្រ ចូលទៅក្នុងខ្លួនរបស់នាង ដែលនឹងជួយឲ្យស្បែកនាងភ្លឺរលោងក្មេងជាងវ័យ ព្រោះតែនាងរីករាយ ក្នុងការ block friends ស្អាតៗ របស់អ្នក តាមអំពើចិត្ត។
5. ពេលដែលអ្នកធ្វើអ្វីមួយខុសឆ្គង អ្នកត្រូវចេះទទួលកំហុស ហើយពេលនាងធ្វើអ្វីខុសឆ្គង អ្នកត្រូវចេះអត់ឱនឲ្យនាង ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ព្រោះបើអ្នកធ្វើឲ្យនាងខឹង អ្នកនឹងបំផ្លាញកោសិការាប់សែន ក្នុងប្រព័ន្ឌប្រសាទរបស់នាងដែលអាចធ្វើឲ្យចរិតនាងប្រែប្រួល ពីឆ្នាំថោះ ទៅជាឆ្នាំខាល ត្រឹមមួយប៉ព្រិចភ្នែក។
6. ចំនុចចុងក្រោយ និងសំខាន់ជាងគេបង្អស់ គឺអ្នកត្រូវចេះគោរពស្រលាញ់ បងប្អូន មិត្តភក្តិ និងក្រុមគ្រួសាររបស់នាង។ ត្រូវចាត់ទុកឪពុកម្តាយនាង ដូចឪពុកម្តាយខ្លួនឯងបង្កើត។ ធ្វើបែបនេះ គឺអាចជួយសម្រួលដល់ ចរន្តឈាមរបស់នាង ឲ្យរត់បានស្រួល គ្មានការភ័យខ្លាច មានតែភាពរីករាយ និងភាពស្មោះត្រង់ ទុកជូនអ្នកតែម្នាក់។
បើលោកអ្នក អាចធ្វើបាន យ៉ាងហោចណាស់4ចំណុច ក្នុងចំណោម6ចំណុចខាងលើ មិត្តស្រីរបស់លោកអ្នក នឹងមានសុខភាពល្អ ឆាប់ធំ នឹងឆាប់រីកលូតលាស់ ទៅជាភរិយាស្របច្បាប់ របស់លោកអ្នក ។


ដោយ៖NSN
ប្រភព៖Sandra Romdul