(សុខភាព)៖ ការថើបអាចបញ្ជាក់ពីអត្ថន័យជាច្រើន រួមមាន សេចក្ដីស្រឡាញ់ ភាពប្ដូរផ្ដាច់ និងចំណង់តណ្ហាជាដើម។ ប៉ុន្ដែតើដឹងទេថា ការថើបក៏ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពផងដែរ?
១. ជួយសុខភាពមាត់ធ្មេញ
យោងតាមទន្ដពេទ្យវេជ្ជបណ្ឌិត Heidi Hausauer បានឲ្យដឹងថា ការថើបបង្កើនលំហូរទឹកមាត់។ ជាលទ្ធផល នេះជួយរក្សាមាត់ធ្មេញ និងអញ្ចាញធ្មេញមានសុខភាពល្អដោយការជួយសម្អាតបាក់តេរី និងកាកសំណល់អាហារឲ្យគ្នាទៅវិញទៅមក។
២. អានុភាពប្រព័ន្ធស៊ាំជំងឺ
ការថើបជញ្ជក់មាត់ដែលផ្លាស់ប្ដូរទឹកមាត់គ្នាអាចជាការបញ្ចូលបាក់តេរីថ្មីឲ្យគ្នាទៅវិញទៅមក។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា គូស្នេហ៍ដែលថើបជញ្ជក់មាត់គ្នាយូរផ្ទុកអតិសុខុមជីវសាស្ដ្រស្រដៀងគ្នា ដែលមានន័យថា ពួកគេបានត្រៀមខ្លួនជាស្រេចក្នុងការទប់ទល់នឹងជំងឺឆ្លង និងរំលាយអាហារស្រដៀងគ្នា។
៣. បន្ថយអ័រម៉ូនស្រេ្តស
ការថើបបានបង្ហាញពីការកាត់បន្ថយអ័រម៉ូនស្រេ្តសខូរទីសូល និងបង្កើនអ័រម៉ូនសេរ៉ូតូនីនសម្រាប់រក្សាតុល្យភាពនៃអារម្មណ៍ក្នុងខួរក្បាល។ នេះបានជួយបង្កើនដល់បទពិសោធនូវអ្វីដែលត្រូវបានចាត់ទុកជាសេចក្ដីស្រឡាញ់ និងជំនឿចិត្ដ។
៤. បន្ទាបប្រតិកម្មអាល្លែកហ្ស៊ី
វេជ្ជបណ្ឌិត Hajime Kimata ដែលជំនាញខាងជំងឺអាល្លែកហ្ស៊ីនៅគ្លីនិកមួយក្នុងប្រទេសជប៉ុន បានឈ្នះពានណូប៊ែលអ៊ីក (Ig Nobel Prize) ចំពោះការបង្ហាញនូវការថើបរយៈពេល ៣០ នាទីអាចកាត់បន្ថយជំងឺអាល្លែកហ្ស៊ី។
៥. បន្ទាបសម្ពាធឈាម
ដោយសារបបូរមាត់ជាបណ្ដុំសរសៃឈាមច្រើន ការថើបអាចជួយបន្ទាបសម្ពាធឈាមដោយការពង្រីកសរសៃឈាមទាំងនោះ និងអនុញ្ញាតឲ្យឈាមហូរទៅកាន់សរីរៈសំខាន់។
៦. សាច់ឈាមស្រស់ថ្លាជាងវ័យ
វាជួយដល់ការផលិតសរសៃទឹកប្រូតេអ៊ីនកូឡាហ្ស៊ែន និងប្រូតេអ៊ីនសំខាន់ៗក្នុងរាងកាយ។ វេជ្ជបណ្ឌិតផ្នែកវះកាត់កែសម្ផស្ស Ryan Neinstein បញ្ជាក់ថា៖ «ការឱបថើបប្រកបដោយសេចក្ដីស្រឡាញ់អាចជួយបន្ដឹងស្បែកមុខ ជាពិសេស ផ្ទៃមុខផ្នែកខាងក្រោម»។
៧. ដុតបំផ្លាញកាឡូរី
ការឱបថើបជញ្ជក់មាត់ និងអណ្ដាត ដែលប្រើសាច់ដុំទាំងអស់លើផ្ទៃមុខ អាចដុតរំលាយកាឡូរី ២៦ ក្នុង ១ នាទី ហើយវាក៏ជួយបន្ដឹងសាច់ថ្ពាល់ដែរ។
៨. បង្កើនចំណង់ផ្លូវភេទ
ការឱបថើបជំរុញខួរក្បាលបញ្ចេញអ័រម៉ូនរីករាយ។ លើសពីនេះ អ័រម៉ូន តេស្ដូស្ទើរ៉ុន ជាអ្នកទទួលបន្ទុកបង្កើនចំណង់ផ្លូវភេទឲ្យទាំងបុរស និងស្ដ្រី ត្រូវបានបញ្ចេញតាមទឹកមាត់ពេលថើបជញ្ជក់មាត់យូរផងដែរ៕
ដោយ៖ CC
ប្រភព៖ ភ្នំពេញប៉ុស្តឹ