ព្រះឥន្រ្ទាធិរាជ បានដាក់ពិន័យទោសដល់ទេវតាមួយអង្គដែលខុសសីលធម៌ជាមួយទេពធិតាថា៖
<<យើងត្រូវតែដាក់ទណ្ឌកម្មឱ្យឯង ចុះទៅកើតជាដើមឈើនៅឋានកណ្តាល!>>
ទេវតា ប្រកែកញ៉ាញ៖
<<ឱ! ព្រះគុណម្ចាស់អើយ ដើមឈើនៅឋានកណ្តាលត្រូវមនុស្សលោកកាប់បំផ្លាញជារៀងរាល់ថ្ងៃ បើព្រះគុណម្ចាស់ឱ្យទូលបង្គំទៅកើតជាដើមឈើ មុខជាជៀសមិនរួចពីទទួលគ្រោះថ្នាក់ទេ!>>
<<អ៊ើ! បើមិនចង់ទៅកើតជាដើមឈើ អញឱ្យឯងទៅកើតជាសត្វបក្សីចុះ! ឯងជ្រើសរើសមើលទៅ ចង់ទៅកើតជាសត្វអីក៏បានដែរ ឱ្យតែសត្វស្លាប!>>
ម្តងនេះ ទេវតាប្រកែកខ្លាំងជាងមុនទៀត៖
<<បើឱ្យទៅកើតជាបក្សី ក៏រងគ្រោះ មិនខុសពីដើមឈើប៉ុន្មានដែរ ព្រោះសព្វថ្ងៃនេះ មនុស្សលោកនៅឋានកណ្តាលកំពុងតែភ្ញាក់ផ្អើល និងព្រួយដោយសារជម្ងឺផ្តាសាយបក្សី ដែលកាចសាហាវបំផុត! ហើយមួយថ្ងៃៗ សត្វស្លាបគ្រប់ប្រភេទ ត្រូវគេកាប់សម្លាប់ស្ទើរផុតពូជ ដើម្បីទប់ទល់កុំឱ្យជម្ងឺនេះឆ្លងរាលដាល! ដូច្នេះ សូមព្រះគុណម្ចាស់ កុំឱ្យទូលបង្គំទៅកើតក្នុងហ្វូងសត្វស្លាបឱ្យសោះ ក្រាបទូល!>>
ព្រះឥន្ទ្រាធិរាជគិតបន្តិច ទើប្រកាសជាលើកទីបី៖
<<អ៊ើ បើតាមយើងគិតមើលទៅ ទោះជាយើងឱ្យឯងទៅកើតជាស្អីៗ ក៏ពិបាកនឹងគេចផុតពីការបំផ្លិចបំផ្លាញរបស់មនុស្សលោកណាស់! ឥឡូវ ឯងគិតគូរខ្លួនឯងទៅមើល៍ តើឯងចង់ទៅកើតជាអ្វី ដែលជៀសផុតពីគ្រោះថ្នាក់ទំាងនោះ!>>
ទេវតា ក៏សើចស្ញាញ ហើយពន្លឺ៖
<<មនុស្សលោកសព្វថ្ងៃ កំពុងប្រយុទ្ធទប់ទល់នឹងជម្ងឺអេដស៍! សូមព្រះគុណម្ចាស់ ឱ្យទូលបង្គំទៅកើតជាស្រោមអនាម័យចុះ! ព្រោះវត្ថុពិសិដ្ឋនេះ មនុស្សលោកកំពុងតែលើកទឹកចិត្តផលិតហើយគ្មានអ្នកណាស្អប់ខ្ពើមទៀតផង!>>
<<អ៊ើ បើទេវតាឯងទៅកើតជាស្រោមអនាម័យ ដល់ពេលផុតទណ្ឌកម្ម ត្រឡប់មកកើតនៅឋានទេវលោក កុំភ្លេចយកស្រោមអនាម័យមួយហិបមកផង!>>
<<ចុះយករបស់នេះមកធ្វើអី ព្រះគុណម្ចាស់?>>
<<អ៊ើ គេថាការពារប្រសើរជាងព្យាបាលណា៎! ព្រោះមានទេវតា និងទេពធិតាច្រើនណាស់ ដែលត្រូវទណ្ឌកម្ម ទៅកើតជាមនុស្សលោក! ដល់ត្រឡប់មកវិញ មិនប្រាកដថាគ្មានមេរោគហ៊ីវ (HIV) ជាប់តាមខ្លួនមកផងនោះទេ!>