Post Top Ad

Friday, March 10, 2017

តោះ! ចូលរួមស្វែងយល់នូវកន្លែងរមណីយដ្ឋាននៅក្នុងប្រទេសខ្មែរទាំងអស់គ្នា ដើម្បីជួយលើកដំកើននូវអរិយធម៏ខ្មែរ

(ទេសចរណ៍)៖ ជំនឿ និងលក្ខណៈពិសិដ្ឋទៅលើទឹកដែលហូរកាត់ព្រះសិវលិង្គ និងចម្លាក់បុរាណរាប់ពាន់នៅស្ទឹងក្បាលស្ពាន នៃមនុស្សខ្មែរបុរាណុ។
ក្បាលស្ពាន គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ ដ៏វិសេសវិសាលមួយដែលមានទីតាំងនៅប៉ែកខាងត្បូងឆៀងខាងលិចភ្នំគូលេន និងស្ថិតនៅខាងជើងឆៀងខាងកើតទីរួមខេត្តសៀមរាប មានចំងាយប្រហែល ៥០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងប្រហែល ១៨គីឡូម៉ែត្រ ពីប្រាសាទបន្ទាយស្រី។
រមណីយដ្ឋានក្បាលស្ពាន ស្ថិតនៅលើកំពូលភ្នំមួយមានកំពស់មិនខ្ពស់ប៉ុន្មាននោះឡើយ ដែលទីនេះពោពេញដោយ រូបចម្លាក់លើផ្ទាំងថ្មដា និងលើថ្មដែលក្រាលបាតអូរមួយ (ស្ទឹង)។ អូរនេះជាប្រភពនៃស្ទឹងឬស្សី។ ចំណែកឯ ស្ទឹងឬស្សីនេះ ហូរចុះទៅឆ្ងាយចាក់ចូលក្នុងស្ទឹងសៀមរាប និងស្ទឹងពួក។ ដើម្បីទៅដល់ទីតាំងនោះ យើងត្រូវដើរដោយថ្មើរជើងឡើងភ្នំ ចំណាយវេលាប្រហែលកន្លះម៉ោងទើបដល់កន្លែងនោះ។
ក្បាលស្ពានជាកេរ្តិ៍ដំណែលស្ថាបត្យកម្មមួយដ៏អស្ចារ្យដែលជាស្នាព្រះហស្ថដ៏ល្អប្រណិតរបស់អតីតព្រះមហាក្សត្រខ្មែរនៅក្នុង សម័យអង្គរ ដែលសម្បូរទៅដោយចម្លាក់លិង្គថ្មបង្កប់នូវរចនាបថ បែបអបិយជំនឿសំដៅលើព្រះអាទិទេព និងសត្វផ្សេងៗទៀត។ អ្វីដែលពិសេសនោះគឺចម្លាក់ទាំងអស់ត្រូវបានឆ្លាក់នៅលើបាត និងច្រាំងស្ទឹងដែលអាចមើលឃើញពីលើទឹកយ៉ាងច្បាស់។ ចម្លាក់ទាំងអស់នេះលាតសន្ធឹងតាមបណ្ដាយស្ទឹងក្បាលស្ពាន។
ក្បាលស្ពាន ឬកន្លែងនេះត្រូវបានគេស្គាល់ថាជ្រលងលិង្គមួយពាន់ ដោយសារតែក្នុងចំណោមចម្លាក់អស្ចារ្យទាំងអស់នោះចម្លាក់លិង្គមួយពាន់មានភាពលេចធ្លោជាងគេ ដោយត្រូវបានឆ្លាក់នៅបាតស្ទឹង និងជុំវិញស្ទឹងក្បាលស្ពាន។ ចម្លាក់ខាងលើនេះ ភាគច្រើនត្រូវបានអះអាងថា កសាងឡើងក្នុងរវាងសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ក្រោមការជួយជ្រោមជ្រែងពីមន្ត្រីក្រោមឪវាទម្នាក់របស់ព្រះអង្គ និងស្ថាបនារួចជាស្ថាពរក្នុងរជ្ជកាលព្រះបាទឧទ័យវរ្ម័នទី២ ក្នុងសតវត្សទី១៣ ក៏ប៉ុន្តែក៏មានការអះអាងដែរថា ក្នុងតំបន់នេះត្រូវបានគេគោរពបូជារួចទៅហើយ ពោលគឺតាំងតែសម័យបុរេប្រវត្តិសាស្ត្រ និងសម័យបុរេអង្គរ។
ដោយសារគេយល់ថា ទឹកដែលហូរតាមទីនេះជាប្រភពនៃការចម្រុងចម្រើន និងត្រជាក់ត្រជុំ ហើយម្យ៉ាងទៀតយកទៅប្រើការក្នុងកសិកម្មផង គេបានឆ្លាក់លិង្គរាប់មិនអស់ដែលស្នងព្រះឥសូរ នៅតាមបាតស្ទឹង ចាប់ពីខាងជើងផែ្នកខាងលើនៃស្ពានថ្មធម្មជាតិ ចុះរហូតដល់ទឹកធ្លាក់។ ដូច្នេះហើយបានជាសិលាចារិកសំស្ក្រិតហៅទីនេះថា សហស្រលិង្គ១។ ក្រៅពីនេះ ក៏ឃើញមានឆ្លាក់រូបយោនីជាបល្ល័ង្កភ្ជាប់ជាមួយផងដែរ ដែលចម្លាក់ទាំងនេះ រាយប៉ាយនៅបាតស្ទឹង ប្រវែងប្រមាណ២០០ម៉ែត្រ នៅតាមច្រាំង និងនៅលើជញ្ជាំងខ្លះៗផង។ ក្រៅពីនេះមានចម្លាក់នៅច្រើនកនែ្លង ដែលមានរូបព្រះនារាយណ៍ ផ្ទុំកណ្តាលមហាសមុទ្រនាអន្តរកប្បមួយ ព្រះព្រហ្មផុសចេញពីផ្ចិតព្រះនារាយណ៍តាមផ្កាឈូកមួយទង ដើម្បីបង្កើតលោកថ្មី។
ទឹកដែលហូរកាត់ផ្ទាំងចម្លាក់ ព្រមទាំងទទួលមន្តពីចម្លាក់អស់ទាំងនេះឯងដែលបង្កើតជាស្ទឹងឬស្សី ហើយបែកខ្នាយមកជាស្ទឹងពួក និងស្ទឹងសៀមរាប។
សរុបសេចក្តីមក ទឹកដែលហូរកាត់ព្រះសិវលិង្គ និងចម្លាក់បុរាណទាំងប៉ុន្មានខាងលើនេះ ត្រូវមនុស្សខ្មែរបុរាណចាត់ទុកថា មានលក្ខណៈស័ក្តិសិទ្ធិសម្បើមអស្ចារ្យ ព្រោះត្រូវបានប្រសិទ្ធពរជ័យ ប្រោះព្រំដោយព្រះរូបទាំងនោះ ពោលគឺបានក្លាយទៅជាទឹកមន្តដ៏ពិសិដ្ឋ។ មានន័យថា ទឹកដែលធ្លាក់ពីលើដងស្ទឹង ដែលមហាជនទៅមុជ ឬត្រាំនៅផ្នែកខាងក្រោមនោះ បានក្លាយទៅជាទឹកវេទមន្តដ៏ស័ក្តិសិទ្ធិ។







អរគុណសម្រាប់ការចូលរួមលើកដំកើនអរិយធម៏ខ្មែរ


ដោយ៖ CC
ប្រភព៖ SPKT LIV