ក្រុងណៃរ៉ូប៊ី: មីជីនហ្គូ ជាកោះថ្មតូចមួយលើបឹងវិចតូរៀ ក្នុងដែនដីប្រទេសកេនយ៉ា មានទំហំតែជិត 0,២ ហិកតា តែមានប្រជាជន ១៣១ នាក់រស់នៅ ថ្វីដ្បិតតែប្រភពខ្លះបានអះអាងប្រមាណ ១០០០ នាក់ ដែលនាំឲ្យដែនកោះដ៏តូចនេះសម្បូរពលរដ្ឋរស់នៅណែនណាន់តាន់តាប់បំផុតក្នុងលោក។
ដោយមានងារថា «កោះពាសដែក» (ក្រោយពីខ្ទមប្រក់ស័ង្កសីស្រោបស្ទើរតែជុំជិតកោះ) មានប្រវត្ដិមិនប្រាកដប្រជា។
តាមរឿងតំណាលខ្លះ មានអ្នកនេសាទកេនយ៉ាពីរមកតាំងលំនៅមុនគេ ឈ្មោះ ដាល់ម៉ាស ធេមបូ និងចន គីបេបេ ក្នុងឆ្នាំ ១៩៩១ និងបានបង្កើតជាសហគមន៍រហូតដល់សព្វថ្ងៃ។
ប៉ុន្ដែអ្នកខ្លះថា វាគឺជាអ្នកនេសាទអ៊ូហ្គង់ដា ចូសេព អ៊ុនស៊ូប៊ូហ្គា ដែលមកដំបូងគេ បន្ទាប់មកនាំមិត្ដភក្ដិប្រជានេសាទជាបន្ដបន្ទាប់។ បញ្ហាវិវាទដែនកោះតូចសម្បូរផលត្រីនេះបានបង្កជាជម្លោះដណ្ដើមកម្មសិទ្ធិគ្រប់គ្រងកោះរវាងកេនយ៉ា និងអ៊ូហ្គង់ដា។
បើតាមច្បាប់ កោះមីជីនហ្គូ ស្ថិតក្នុងដែនទឹកកេនយ៉ា តែអ៊ូហ្គង់ដា អះអាងថា ប្រជានេសាទទាំងនោះធ្វើនេសាទលើដែនសមុទ្រខ្លះ ដែលមានចម្ងាយតែ ៥០០ ម៉ែត្រពីឆ្នេរកោះខ្លួន។
ប៉ុន្ដែនៅឆ្នាំ ២០១៦ ប្រទេសអាហ្រ្វិកទាំងពីរបានព្រមព្រៀងគ្នាដោយយកពន្ធលើអ្នករស់នៅ និងដាក់ប៉ូលិសប្រចាំការទាំងសងខាង។
មីជីនហ្គូ នៅតែមានប្រជាជនខ្នាប់ជាងគេក្នុងលោក តែវាកំពុងតែបាត់បង់តំណែងនេះព្រោះប្រជានេសាទជាច្រើនបាន និងកំពុងផ្លាស់ទីរកកន្លែងសម្បូរត្រីជាងនេះ៕ប្រភព៖postkhmer