ភ្នំពេញៈ គិតទៅពិធីការិនីទូរទស្សន៍ស៊ីធីអិនកញ្ញា ពេជ្រ សូលីដា ហៅ ជីជី សម្បូរឈុតស្និទ្ធស្នាលទាក់ទាញប្លែកៗបែបស៊ីអារម្មណ៍ខ្លាំងណាស់ ដូចជាថ្មីៗនេះ នាងបានបង្ហោះរូបមួយសន្លឹកមានឈុតពណ៌សជាសម្លៀកបំពាក់គូស្នេហ៍ និងកាយវិការថើបជញ្ជក់មាត់គ្នាដូចជាសាច់រឿងកុនភាគកូរ៉េ មើលទៅស៊ីអារម្មណ៍ឡើងស្លុងតែម្តង។
ភ្លាមៗនោះ រូបថតថើបមាត់ដ៏រ៉ូមេនទិកក៏បានក្លាយទៅជាប្រធានបទមួយលើកយកមកជជែកគ្នារបស់អ្នកលេងបណ្តាញទំនាក់ទំនងសង្គមអ៊ីនស្តាក្រាមភ្លែត។
រូបថើបជញ្ជក់មាត់ស៊ីអារម្មណ៍មួយសន្លឹកនោះ ត្រូវបានមហាជនជជីកសួរគ្នាថា តើស្រីស្រស់សម្បូរវោហារកញ្ញា ជីជី កំពុងតែស្លុងអារម្មណ៍នឹងគូស្នេហ៍ថ្មីរបស់នាងមែន ឬគ្រាន់តែជាឈុតឆាកមួយ នៅក្នុងសាច់រឿងកុន ព្រោះថានាងក៏ជាតួកុនស្រីម្នាក់ដែរ ក្រៅពីអាជីពជាពិធីការិនី ដ៏ស្រស់ស្អាតរបស់ទូរទស្សន៍ស៊ីធីអិន នៅក្នុងកម្មវិធីរាត្រីកម្សាន្តនោះ?
កញ្ញា ជីជី ក៏បានបកស្រាយរូបថតថើបគ្នាជាមួយនឹងបុរសម្នាក់ក្នុងឈុតពណ៌សខាងលើដូចគូស្នេហ៍នៅក្នុងកុនភាគកូរ៉េ ឬអឺរ៉ុបនោះប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ទេមិនជាគូស្នេហ៍អីនោះទេបង! តាមពិតទៅជាឈុតមួយនៅកុនភាគរបស់នាងខ្ញុំសម្តែងទេតើ! កុនភាគដែលនាងខ្ញុំសម្តែងនោះមានចំណងជើងថា នំប៉័ងសុបិនស្នេហ៍ របស់ផលិតកម្មទូរទស្សន៍ស៊ីធីអិន ដែលទើបតែបានចាក់បញ្ចាំងកាលពីម្សិលមិញ ហើយខ្ញុំក៏ទើបតែបង្ហោះលេងតែម្តងទៅ!មិនមែនជាគូស្នេហ៍អីដូចជាបងប្អូនបានគិតនោះទេ ហើយតួប្រុសនោះគឺលោក យឹម ណារ៉ា ទេតើ ហើយការពិតទៅ នាងខ្ញុំក៏មិនទាន់មានគូស្នេហ៍មកសម្តែងបែបនេះដែរ»។
ប៉ុន្តែជារឿយៗពិធីការិនីទូរទស្សន៍ស្រស់សោភាវ័យក្មេងរូបនេះក៏រមែងជំពប់នឹងពាក្យខ្សឹបខ្សៀវចចាមអារ៉ាមគូស្នេហ៍ជាកូនអ្នកជំនួញធំ ឬជាកូនរបស់មន្ត្រីពាក់ផ្កាយទៀតផង តែក៏បានរសាយទៅវិញដែរ ដោយសារមេបាខាងប្រុសមិនសូវពេញចិត្តនឹងអនាគតកូនប្រសាស្រីជាតារានោះទេ។
ដូចជាកន្លងមកមានប្រភពចេញពីអ្នកសិល្បៈបានទម្លាយថា ចំណងស្នេហ៍ ជីជី នឹងបុរសកូនអ្នកជំនួញល្បីនៅស្រុកខ្មែរគេស្គាល់ថាឈ្មោះ ជា ដែលនាងព្យាយាមបិទបាំងច្រើនឆ្នាំមកហើយនោះបានដើរដល់ផ្លូវបំបែកហើយ ខណៈអ្នកសិល្បៈដដែលបានលើកហេតុផលនៃការបែកបាក់ស្នេហានោះថា៖ «ផ្តើមចេញពីសាច់ញាតិខាងប្រុស មិនចង់បានកូនប្រសាស្រីជាតារា ក្រោយពីល្បីថា មានអ្នកណាត់ញ៉ាំបាយម្តងឲ្យ ៥ ពាន់ដុល្លារ»។
ទោះជាយ៉ាងនាពេលថ្មីៗនេះ ពិធីការិនីរូបស្រស់ ជីជី ក៏បានផ្តើមនូវអាជីពរកស៊ីដោយពឹងកម្លាំងខ្លួនឯងដែរ ដោយបានបើកហាងលក់មីហឹរ «I'm Spicy Soup» ។
កញ្ញា ជីជី ក៏ធ្លាប់បានប្រាប់ឲ្យដឹងផងដែរថា៖ «ការចាប់ផ្តើមបើកហាងនេះ ក៏មានការជួយជំរុញពីប៉ាម៉ាក់ដែរ ដោយពួកគាត់ថា គួរតែចេះរកស៊ីដោយខ្លួនឯងខ្លះទៅក៏ល្អដែរក្រោយពេលទំនេរពីសិល្បៈនោះ។ នាងខ្ញុំមិនសូវមានពេលនៅចាំមើលប៉ុន្មានដែរ គឺគ្រាន់តែឆ្លៀតពេលទំនេរពីការងារទូរទស្សន៍ និងការងារថតកុន។ តែនាងខ្ញុំមានបងប្អូនចាំជួយមើលការខុសត្រូវដែរ ខណៈខ្ញុំមិនទំនេរនោះ»៕