Post Top Ad

Sunday, July 10, 2016

ជីវប្រវត្តិសង្ខេបរបស់ លោកបណ្ឌិត កែម ឡី

លោកបណ្ឌិត កែម ឡី ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងត្រូវបានគេផ្ដល់រហស្សនាមថា ជាអ្នកវិភាគនយោបាយឯករាជ្យនៅព្រះរាជាណាចក្រកម្ពុជា។



១.ប្រវត្តិសង្ខេបលោកបណ្ឌិត កែម ឡី
– នាម និង គោត្តនាម ៖ កែម ឡី
– សញ្ជាតិ ៖ ខ្មែរ
– មុខងារបច្ចុប្បន្ន ៖ ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម។
– ទីកន្លែងកំនើតកើត ៖ នៅក្នុងគ្រួសារក្រីក្រមួយ នៅ ភូមិអង្គតាកុក ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ។
– អាសយដ្ឋានបច្ចុប្បន្ន ៖ រាជធានីភ្នំពេញ។
– ឪពុករបស់លោកដែលជាសាស្ត្រាចារ្យ បានស្លាប់នៅជំនាន់ ប៉ុល ពត ធ្វើឲ្យលោក និងបងប្អូនប្រុសស្រីពីរនាក់ទៀត ក្លាយជាកូនកំព្រា រស់នៅជាមួយម្តាយមេម៉ាយ ចាប់តាំងពី ឆ្នាំ១៩៧៩ មក។
២.ការសិក្សា
– បើទោះបីជាម្តាយមានមុខរបរត្រឹមជាអ្នកលក់នំបញ្ចុក ក៏ដោយ ក៏លោក កែម ឡី បានខិតខំព្យាយាមតស៊ូរៀនសូត្រ រហូតដល់ទទួលបានសញ្ញាបត្រជាន់ខ្ពស់នៅឯបរទេស ខណៈដែលបងស្រីរបស់លោក បានធ្វើជាគ្រូពេទ្យ ហើយប្អូនប្រុស បានធ្វើការនៅក្រុមហ៊ុនឯកជន។
– លោក កែម ឡី បានចាកចេញពី ខេត្តតាកែវ មកសុំស្នាក់អាស្រ័យនៅវត្ត បទុម ក្នុងរាជធានីភ្នំពេញ ដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ។ លោកបានស្នាក់នៅវត្តរហូតដល់រៀនចប់មហាវិទ្យាល័យ ហើយបានចូលធ្វើការនៅក្រសួង សុខាភិបាល កាន់ខាងផ្នែកជំងឺឆ្លង។
– លោក កែម ឡី ទទួលបានសញ្ញាបត្រ នៅសាកលវិទ្យាល័យចុឡាលុងករណ៍ ប្រទេសថៃ ផ្នែកជំនាញសិក្សាស្រាវជ្រាវលើផ្នែកសុខភាពសាធារណៈ ទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យ ម៉ាឡៃយ៉ា ប្រទេសម៉ាឡេស៊ី លើផ្នែកវិទ្យាសាស្ត្រសង្គម។
៣.ការងារ
–លោក កែម ឡី បានឈប់ធ្វើការងាររដ្ឋ នៅក្នុងអំឡុង ឆ្នាំ២០០០ ហើយបានទៅធ្វើការ នៅកាកបាទក្រហមកម្ពុជា។ បន្ទាប់មកលោកបានចេញទៅធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលនិងទៅធ្វើជាអ្នកប្រឹក្សាឲ្យអង្គការ UNDP អស់រយៈពេល ៤ឆ្នាំ។ ក្រោយពីបញ្ចប់ការងារនៅ UNDP លោកបានទៅធ្វើការឲ្យក្រុមហ៊ុនមួយនៅ ថៃ ដែលក្រុមហ៊ុននោះ ធ្វើការងារជួយសង្គមច្រើន ជាពិសេសជួយដល់ជនក្រីក្រនៅ ថៃ នៅ កម្ពុជា នៅ ចិន និងនៅ ឥណ្ឌា ហើយបន្ទាប់ពីនោះ លោកបានទៅធ្វើជាទីប្រឹក្សាឲ្យក្រសួង សុខាភិបាល ខាងមូលនិធិសកល។ ក្រោយមកទៅកាន់ខាងបណ្តាញអង្គការក្រៅរដ្ឋាភិបាលហៅ HACC បានមួយរយៈ។
៤.ការស្រាវជ្រាវ និងវិភាគនយោបាយ
– ដំបូងឡើយ លោក កែម ឡី បានធ្វើការសិក្សាស្រាវជ្រាវភាគច្រើនខាងផ្នែកសង្គមកិច្ច បន្ទាប់មកខាងផ្នែកដីធ្លី សិទ្ធិលំនៅឋាន សិទ្ធិមនុស្ស ធនធានរ៉ែ ហើយនៅពេលថ្មីៗនេះ លោកបានធ្វើការសិក្សាស្រាវជ្រាវ ភាគច្រើនទៅលើរឿងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ល។
– ខណៈដែលកេរ្តិ៍ឈ្មោះរបស់លោក កំពុងតែល្បីសុះសាយ នៅតាមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន លោក កែម ឡី ត្រូវបានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនហៅលោកថា «ជាអ្នកវិភាគឯករាជ្យ» ដោយសារតែលោក មានសេចក្តីក្លាហាន លាតត្រដាងពីបញ្ហាដែលកំពុងតែញាំញីសង្គមខ្មែរ និងបានផ្តល់នូវដំណោះស្រាយសមហេតុផល ដែលជាផ្លូវអាចជួយរុញច្រានឲ្យសង្គមខ្មែរ មានការរីកចម្រើនជឿនលឿនឆាប់រហ័សគេចផុតពីហានិភ័យ។
៥.ជីវិតគ្រួសារ
– លោក កែម ឡី បានរៀបអាពាហ៍ពិពាហ៍នាឆ្នាំ២០០១ ចំណែកភរិយារបស់លោក គឺជាអាជីវករលក់ខោជជុះនៅផ្ទះល្វែងមួយ នៅ ផ្សារបឹងកេងកង ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ន (២០១៦) មានកូនសុទ្ធតែប្រុសចំនួន ៥ រូប កូនបងអាយុ ១៤ ឆ្នាំ កូនប្អូនអាយុ ៦ ឆ្នាំ និងកូនប្រុសនៅក្នុងផ្ទៃមួយទៀត ។
៦.មរណៈភាព
– លោកកែម ឡី ត្រូវាបានឃាតករបាញ់សម្លាប់នៅម៉ោងប្រមាណជិត ១០ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅ Star Mart ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
– ជនដៃដល់មានឈ្មោះ ជួប សំលាប់ អាយុ ៣៣ ( ចំពោះព័ត៌មាននៃការសម្លាប់យើងនឹងជូននៅពេលក្រោយ ពេលនេះសមត្ថកិច្ចកំពុងសាកសួរ )
– ក្រោយការសម្លាប់លោក កែម ឡី មានប្រជាពលរដ្ឋាជាច្រើន មានការសោកស្តាយ ហើយចាត់ទុករឿងនេះជារឿងនយោបាយ ព្រះគាត់ជាអ្នកវិភាគនិយាយត្រង់ៗ ។
– ពេលនេះសាកសព្វរបស់គាត់កំពុងធ្វើកោសល្យវិនិច្ឆ័យ ។
ពាក្យមួយឃ្លាមុនពេលលោកកែម ឡី ត្រូវបានគេបាញ់សម្លាប់ គឺថាមុនពេលដែលខ្ញុំវិភាគ ខ្ញុំមិនដែលគិតថាជិវិតរបស់ខ្ញុំត្រូវរស់ឡើយ ។

 ដោយ៖​BM
ប្រភព៖ One world one Education