ថ្ងៃមួយកម្លោះ កែម ឡី មានបេសកម្មធ្វើដំណើរតាមទូកទៅខេត្តក្រចេះ។ ប៉ុន្តែមុននឹងទៅដល់ខេត្តក្រចេះ ទូកត្រូវចូលចតនៅកំពង់ដជំនីកសិនដើម្បីដាក់អ្នកដំណើរដែលត្រូវចុះនៅស្រុកនេះ និងទទួលអ្នកដំណើរថ្មី ដែលត្រូវចេញពីជំនីកទៅក្រចេះ។ នេះក៏ជាឱកាសល្អមួយសំរាប់អ្នកដំណើរបានស្រស់ស្រូបអាហារព្រោះទំរាំដល់ជំនីក ថ្ងៃត្រង់ល្មម។
គ្រាន់តែទូកចតដល់មាត់ច្រាំងភ្លាម អ្នកលក់បាយកញ្ចប់ នំនែក និងចំណីអាហារ ដែលងាយកាន់បរិភោគ នាំគ្នាសំរុកចុះទូកប្រជែងគ្នាលក់ទំនិញរបស់ខ្លួន។ ថ្វីត្បិតតែកម្លោះ កែម ឡី ចង់ទិញបាយដើម្បីបំពេញការស្រេកឃ្លានពេញមួយព្រឹកទៅហើយក្តី លោកបែរជាទៅទាក់ចិត្តនឹងអ្នកលក់ពងទាស្ងោរជាងគេ។ អ្នកលក់ពងទាស្ងោរនោះ មានទឹកមុខញញឹមញញែម ឬកពាររម្យទម។ នាងមានសំបុរស្រអែម សក់ស្លូតវែងប្រះស្មា។ នាងហាក់ទើបឈានចូលដល់វ័យពេញរូបពេញរាងមួយ ដែលបង្ហាញនូវសម្រស់ដ៏ត្រកាលពីធម្មជាតិរបស់នាង។ កម្លោះកែម ឡី មិនអាចដកភ្នែកចេញពីសម្រស់ដ៏គ្មានពីររបស់ក្រមុំលក់ពងទាស្ងោរនេះ។
លោកក៏សំរេចចិត្ត ហៅអ្នកលក់ពងទាស្ងោរមកទិញ។ តែបើទិញហើយអោយលុយភ្លាម លោកនឹងបាត់ឱកាសបានគយគន់និងជជែកស្វែងយល់ពីនាង។ លោកក៏ចាប់ផ្តើមរើសពងទាស្ងោរផង ជជែកពីនេះពីនោះផង។ ធ្វើដំណើរតែម្នាក់ឯងសោះ តែលោករើសពងទាស្ងោរសឹងអស់ពីថាស។ រើសបានហើយលោកក៏នៅមិនទាន់អោយលុយនាងភ្លាមទេ លោកនៅសួរពីនេះពីនោះ។ នាងអៀនណាស់។ នាងមិនត្រូវការសំណួរអីច្រើនពេកទេ។ ទិញហើយ អោយលុយមកដើម្បីនាងបានទៅលក់ទៀត។ តែនាងរក្សាការគួរសមរហូត។
អ្នកដំណើរដែលត្រូវចុះនៅជំនីកក៏ចុះអស់។ អ្នកឡើងថ្មីក៏ឡើងមកបំពេញ។ អ្នកដំណើរដ៏ទៃទៀតក៏បានទិញអាហារថ្ងៃត្រង់រៀងៗខ្លួន។ អ្នកលក់ទាំងឡាយចុះពីទូកវិញអស់ហើយ នៅឡើយតែនាងក្រមុំលក់ពងទាស្ងោរ កំពុងរង់ចាំទទួលលុយពីម៉ូយកម្លោះ ដែលហាក់ដូចជាកំពុងភ័ន្តភាំង មិនព្រមដកលុយចេញរួចសងថ្លៃពងទានាងសោះ។
ដោយគិតថាអ្នកលក់ចុះអស់ពីទូកហើយ តៃកុងទូកក៏ចាប់ផ្តើមបើកចាកចេញពីច្រាំងទៅ។ ប្រឈមមុខនឹងស្ថានភាពនេះ លែងនៅចង់បានលុយទៀតហើយ នាងប្រញាប់ប្រញាល់ស្ទុះសំដៅទ្វារចេញ រួចលោតចូលក្នុងទឹកប្រូង ហែលសំដៅទៅមាត់ច្រាំងវិញ ចោលថាសពងទា និងលុយដែលមិនទាន់ទារបាននៅឡើយ។
មកទល់ពេលនេះទើបកម្លោះកែម ឡី ភ្ញាក់ខ្លួនហើយស្តាយក្រោយចំពោះការដែលលោកបានបន្ទុចបង្អាក់ដំណើរ នាងលក់ពងទារហូតដល់នាងលោតចោលថាសនិងលុយ។ លោកបន្តសំលឹងមើលនាងហែលរហូតដល់ច្រាំងឡើងគោកវិញ ទើបលោកដកភ្នែកបាន។ លោកបន្តដំណើរទៅខេត្តក្រចេះ ដោយនាំទាំងថាសពងទាស្ងោរនិងវិប្បដិសារីទៅជាមួយផង។ លោកបំពេញការងារលើកនេះ ទាំងចិត្តវិលវល់នឹកភ្នកដល់នាងក្រមុំលក់ពងទាស្ងោរស្រុកក្រូចឆ្មារមិនភ្លេចមួយវិនាទីណាឡើយ។ ម៉្យាងគិតដល់កំហុសដែលបានធ្វើអោយនាងខកខានមិនបានចុះ ទូកទៅវិញបានត្រឹមត្រូវ ម៉្យាងស្តាយមិនបានសួរឈ្មោះនិងផ្ទះនាងដើម្បីបានយកថាសនិងលុយទៅសងនាងវិញ។
បួនប្រាំថ្ងៃក្រោយមក បន្ទាប់ពីកម្លោះអ្នកស្រាវជ្រាវបញ្ហាសង្គមនេះបញ្ចប់ការងារនៅខេត្តក្រចេះ លោកក៏ធ្វើដំណើរតាមទូកត្រលប់មកទៅភ្នំពេញ កាត់តាមជំនីក ស្រុកក្រូចឆ្មាដដែល។ កម្លោះកែម ឡី សង្ឃឹមថានេះជាឱកាសមួយដែលលោកបានជួបនាងលក់ពងទាស្ងោរម្តងទៀតដើម្បីបានប្រគល់ថាសនិងសងលុយនាងវិញ។
គ្រាន់តែទូកចតចូលច្រាំងភ្លាមលោក ខំសម្លឹងរកនាង...។ អ្នកលក់ប្រញាប់ប្រញាល់ប្រជែងគ្នាចុះទូក។ កម្លោះកែម ឡីមិនចាប់អារម្មណ៍នឹងអ្នកណាទាំងអស់ ភ្នែកគាត់រំពៃរកមើលតែអ្នកលក់ពងទាំងស្ងោរដែលគាត់ជំពាក់ទាំងលុយ ជំពាក់ទាំងចិត្តតែប៉ុណ្ណោះ។ អ្នកលក់ចុះមកអស់ហើយ ម្តេចឡើយបាត់តែនាងមិនឃើញមកលក់នឹងគេ? តិចនាងអស់ចុងអស់ដើម ហើយរកទុនមកលក់លែងបាន? តិចនាងត្រូវឪពុកម្តាយដាក់ទណ្ឌកម្មពីការលក់អស់ចុងអស់ដើម អស់ទាំងថាស ហើយលែងអោយមកលក់ទៀតទៅ? ដួងចិត្តលោកច្របូកច្របល់ណាស់។ សួរអ្នកលក់ដ៏ទៃទៀត ក៏គេហាក់មិនចាប់អារម្មណ៍នឹងសំណួររបស់លោកទេ។ ម្នាក់ៗគេគិតតែពីខំលក់ទំនិញ អាលឆាប់បានចេញពីទូកវិញ។ គ្មាននរណាម្នាក់យល់ពីដួងចិត្តតក់ក្រហល់របស់លោកសោះ។
អ្នកលក់ចេញពីទូកវិញម្តងមួយៗហើយ នៅតែរកនាងមិនឃើញនៅឡើយ។ ទូកបញ្ឆេះម៉ាស៊ីនរៀបបន្តដំណើរទៅភ្នំពេញវិញ។ លោកកែម ឡី មិនអាចចាកចេញពីទីនេះដោយមិនបានសងលុយនិងថាស និងមិនបានសុំទោសនាងទេ។ទីបំផុតលោកសម្រេចចិត្តថាត្រូវតែចុះនៅទីនេះនេះសិន ដើម្បីស្វែងរកនាង។
លោកបានសាកសួរគេឯង។ នៅពេលដែលស្ងប់ពីការរវល់លក់ ហើយទើបអ្នកលក់មានឱកាសស្តាប់សំណួររបស់កម្លោះកែម ឡី។ គេបានប្រាប់លោកថា នាងមិនមានអ្នកណាធ្វើបាបធ្វើកម្ម ឬក៏ខាតចុងខាតដើមអ្វីទេ។ ព្រឹកនេះនាងជាប់រៀន ទើបនាងខកខានមិនបានមកលក់។ បានឮដំណឹងនេះ កម្លោះកែម ឡីក៏ស្ងប់អារម្មណ៍ណាស់ដែរ។ លោកបានសួរដឹងពីផ្ទះរបស់ម្ចាស់ថាស រួចក៏ស្កាត់ទៅជួបអាណាព្យាបាលនាង ប្រគល់ទាំងថាសនិងប្រាក់សំណងដល់ម្តាយនាង។ ចាប់ពីពេលនោះមកលោកក៏នៅតែបន្តទំនាក់ទំនងរហូតដល់ចូលស្តីនាងដណ្តឹងជាគូភរិយារហូតមក។
ដោយ៖ BM
ប្រភព៖ Chun Chanboth-RFA