Post Top Ad

Tuesday, September 06, 2016

កិច្ចព្រមព្រៀង​វិនិយោគរវៀង ចិន និងអាមេរិក​ មានការវិវឌ្ឍ​យ៉ាងខ្លាំង


នៅក្នុងក្រុងប៉េកាំងៈ ការ​ចរចា​ស្តីពី​សន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី (BIT) រវាង​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ពី​ភាព​​វិវឌ្ឍគួរ​ឲ្យ​កត់សម្គាល់។ នេះ​​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​កាលពី​ថ្ងៃ​អាទិត្យ។
លោក Sun Jiwen អ្នក​នាំពាក្យ​ក្រសួង​​ពាណិជ្ជកម្ម​ចិន​មាន​ប្រសាសន៍​ថា​ភាគី​ទាំង​ពីរ​បាន​រៀបចំ​កិច្ចពិភាក្សា​ស្តីពី​សន្ធិសញ្ញា​វិនិយោគ​​ទ្វេភាគី (BIT) លើក​ទី​ ២៨​ របស់​ខ្លួន​នៅ​ទីក្រុង​ប៉េកាំង​ចាប់ពី​ថ្ងៃ​ទី​ ២១​ ដល់​​ទី​​ ២៨ ​ខែ​សីហា និង​បាន​បន្ត​ការ​ប្រឹក្សា​យោបល់​ចាប់ពី​ថ្ងៃ​ទី​ ២៩ ខែ​សីហា​ដល់​ថ្ងៃ​ទី​ ៣ ខែ​កញ្ញា​ដែល​​ភាគី​ទាំងពីរ​បាន​ដោះដូរ​សំណើ «បញ្ជី​អវិជ្ជមាន​» ​ថ្មី​មួយ​ដោយ​មាន​គោលដៅ​​រួម​​មួយ​ក្នុង​ការ​បង្កើត​ការ​វិនិយោគ​ដែល​​គ្មាន​ការ​រើសអើង​ព្រម​ទាំង​​មាន​​តម្លាភាព និង​បើកចំហ​តាមរយៈ​ការ​ចរចា​គ្នា។
ភាគី​ទាំង​ពីរ​នឹង​បន្ត​កិច្ចពិភាក្សា​​ដើម្បី​ជំរុញ​ការ​ចរចា និង​ខិតខំ​ដើម្បី​សម្រេច​ឲ្យ​​បាន​នូវ​កិច្ចព្រមព្រៀង​ដែល​ផ្តល់​អត្ថប្រយោជន៍​ឲ្យ​គ្នា​ទៅវិញ​ទៅមក។
ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​បាន​​​ចាប់ផ្តើម​ចរចា​គ្នា​ស្តីពី​​សន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី (BIT) នៅ​ឆ្នាំ​ ២០០៨ ដើម្បី​បង្កើន​ការ​វិនិយោគ​ទៅវិញ​ទៅមក។
កាលពី​ខែ​មិថុនា​ឆ្នាំ​ ២០១៥ ប្រទេស​ទាំង​​ពីរ​បាន​ចាប់ផ្តើម​ចរចា​គ្នា​អំពី​​​បញ្ជី​អវិជ្ជមាន​មួយ។ បញ្ជី​អវិជ្ជមាន​នេះ​បាន​កំណត់​វិស័យ​​មួយ​ចំនួន​ដែល​ការ​វិនិយោគ​របស់​ភាគី​នីមួយៗ​នៅ​តែ​រាំងស្ទះក្នុងការ​វិនិយោគ៕
ដោយ៖ CH