រាជធានីភ្នំពេញ៖ ការទប់ស្កាត់ដោយបារ៉ាស់ជាច្រើនកន្លែង ត្រូវបានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចំរុះរាជធានីភ្នំពេញតាំងព្រឹកព្រលឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ បានបិតមួយកំណាត់ផ្លូវជាតិលេខ២ ខណ្ឌមានជ័យ ដើម្បីរារាំងការដង្ហែរញត្តិរបស់គណបក្សសង្គ្រោះជាតិ យកទៅដាក់នៅតាមស្ថានទូតនៃរាជធានីភ្នំពេញ។
លោក តេង សីុណូ អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានដាក់បារ៉ាស់ ដើម្បីមិនឲ្យមានការដង្ហែរក្បួន ចេញពីទីស្នាក់កណ្តាលគណបក្ស យកញត្តិទៅដាក់នៅតាមស្ថានទូតនានា។
សមត្ថកិច្ច បានបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើននាក់ បាន និងកំពុងខកខានការធ្វើដំណើរឆ្លងកាត់ផ្លូវជាតិ២។
សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ នឹងចាប់ផ្តើមដាក់ញត្តិនៅតាមបណ្តាស្ថានទូតនានា របស់ប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងស្ថានទូតបណ្តាប្រទេសអាស៊ាន នៅម៉ោង១០ៈ៣០នាទីព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦។
មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានប្រកាសនៅក្នុងសន្និសីទកាសែតមួយ នៅថ្ងៃទី៣ ខែកញ្ញាថា ញត្តិនេះនឹងចាប់ផ្តើមដាក់នៅតាមស្ថានទូត នៅម៉ោង១០ៈ៣០នាទី បន្ទាប់ពីសមាជិកសភារបស់គណបក្សសង្រ្គោះជាតិជួបជុំគ្នា នៅទីស្នាក់ការកណ្តាលនៃគណបក្ស។
លើសពីនេះទៅទៀតលោកក៏បាននិយាយថា «យើងនឹងបង្ហាញប្រាប់ប្រទេសហត្ថលេខីទាំងអស់ ឱ្យបានជ្រាបថា ប្រទេសកម្ពុជាបច្ចុប្បន្ននេះកំពុងឃ្លាតចាកពីស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទាក់ទងនឹងដំណើរការនៃការអនុវត្ត គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកថា គម្រោងដាក់ញត្តិរបស់គណបក្សសង្រ្គោះជាតិ ស្វែងរកការអន្តរាគមន៍ពីប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងក្រុងបារីស ដើម្បីជួយដល់មេដឹកនាំរបស់ខ្លួននោះ គឺជារឿងអស់សំណើចបំផុត។ លោកថា ប្រទេសទាំងនោះ មិនមានសមត្ថកិច្ច ក្នុងលូកលាន់ដល់កិច្ចការផ្ទៃក្នុង របស់ប្រទេសកម្ពុជានោះទេ។
បន្ទាប់មកទៀតលោក សុខ ឥសាន បានលើកឡើងថា «វាជារឿងគួរឱ្យអស់សំណើចណាស់ ព្រោះអត់យល់អ្វីទាំងអស់! គេដាក់ក្នុងកិច្ចព្រមព្រៀងនេះ គឺនៅពេលណា ដែលមានការរំលោភដល់អធិបតេយ្យភាព ឯករាជភាព និងបូរណភាពទឹកដីពីខាងក្រៅមក ដែលធ្វើឱ្យប៉ះពាល់ដល់បូរណភាពទឹកដី និងឯករាជភាពរបស់កម្ពុជា ដែលជារដ្ឋមិនអាចបំបែកបាន»។
ទោះជាយ៉ាងណា ក្នុងការបើកការដ្ឋានស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាសហើយថា អាជ្ញាធរនឹងមិនអនុញ្ញាតឱ្យមានការហែក្បួន ឬញត្តិរបស់គណបក្សសង្គ្រោះជាតិទៀតឡើយ បើទោះបីមានការស្នើសុំ មានការអំពាវនាវក៏ដោយពីគណបក្សនេះក៏ដោយ។ លោកអភិបាលក្រុងបានលើកឡើងថា ទីក្រុងនេះមិនមែនជារបស់បក្សប្រឆាំងនោះទេ៕
ដោយ៖ CH




