ធនាគារអយុធ្យារបស់ប្រទេសថៃ បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុដំបូងរបស់ខ្លួន ចាប់តាំងពីការបញ្ចប់ការទិញភាគហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ (HKL) កាលពីខែមុន ដែលបង្ហាញថាប្រាក់ចំណេញសុទ្ធប្រចាំត្រីមាសកើនឡើង ១០,៦ ភាគរយធៀបនឹងឆ្នាំមុន។
ខណៈធនាគារ ពាណិជ្ជឈានមុខគេទី ៥ របស់ប្រទេសថៃមួយនេះ មិនបានដាក់បញ្ចូលពេញលេញការទិញភាគហ៊ុនហត្ថាកសិករក្នុងការគណនាប្រាក់ចំណូលនេះ ធនាគារបានបញ្ជាក់នៅលើឯកសារកាលពីថ្ងៃសុក្រថា ការទិញភាគហ៊ុន ១០០ ភាគរយនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ( MFI) និងទំនងជាបង្កើនប្រតិបត្តិការរបស់ខ្លួនសម្រាប់ពេលដែលនៅសល់នៅឆ្នាំនេះ។
ធនាគារអយុធ្យា ដែលស្គាល់ថាជា ធនាគារ Krungsri បានទិញធនាគារ HKL កាលពីខែកញ្ញាលើសពី ១៤០ លានដុល្លារ ទោះបីជាតម្លៃចុងក្រោយនៃការទិញនេះមិនទាន់ធ្វើឡើងជាសាធារណៈក៏ដោយ។
លោក Noriaki Goto ជាប្រធាននាយកប្រតិបត្តិរបស់ធនាគារនេះបានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ការទិញចុងក្រោយរបស់ HKL គឺជា «ព្រឹត្តិការណ៍ដ៏សំខាន់ផ្សេងទៀត» សម្រាប់ធនាគារថៃ ខណៈធនាគារនេះពង្រីកប្រតិបត្តិការរបស់ខ្លួនទូទាំងតំបន់អាស៊ាន។
លោកលើកឡើងថា៖ «ជាមួយការទិញ HKL ដោយជោគជ័យ ការតាមដានក្នុងតំបន់ដ៏មានអត្ថន័យត្រូវបានចេញផ្សាយ។ ពេលនេះធនាគារ Krungsri មានវត្តមាននៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា»។
លោកបន្តថា៖ «ធនាគារ Krungsri កែតម្រូវទិសដៅកំណើនកម្ចីពី៥ ដល់ ៦ ភាគរយ ទៅពី៨ ដល់ ៩ ភាគរយដែលរួមមានកម្ចីរួមពីធនាគារ HKL»។
ក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ ផលបត្រកម្ចីរបស់ធនាគារអយុធ្យាបានកើនឡើង ៧,៧ ភាគរយ ក្នុងចំណោមនេះការទិញភាគហ៊ុនក្រុមហ៊ុន HKL នៅខែចុងក្រោយនៃអំឡុងពេលរាយការណ៍នេះមានចំនួន ១,១ ភាគរយ។ ធនាគារសន្មតភាគច្រើននៃកំណើនរបស់ខ្លួនដោយសារការកើនឡើងកម្ចីរថយន្ត កម្ចីទិញផ្ទះ កាតឥណទាន និងផលិតផលកម្ចីផ្ទាល់ខ្លួន។
ប្រាក់ចំណេញត្រីមាសទី ៣ ត្រូវបានកត់ត្រាក្នុងចំនួនជិត ១២២ លានដុល្លារ ខណៈកម្ចីមិនដំណើរការបានធ្លាក់ចុះមកនៅត្រឹម ២,១ ភាគរយនៃកម្ចីសរុប។
ធនាគារអយុធ្យា ដែលជាផ្នែកមួយនៃក្រុមហ៊ុន Mitsubishi UFJ Financial Group មានមូលដ្ឋាននៅប្រទេសជប៉ុន គ្រប់គ្រងទ្រព្យសកម្មជាង ៥០ ពាន់លានដុល្លារ។
HKL គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេទី ៤ របស់កម្ពុជា ដែលមានសាខា ១៥០ និងទ្រព្យសកម្ម ៤៤៦ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៥ របស់ខ្លួន។ HKL នេះមានផលបត្រកម្ចី ៣៦៣,៥ លានដុល្លារ ជាមួយនឹងប្រាក់បញ្ញើ ២៣៦,៤ លានដុល្លារកាលពីឆ្នាំមុន និងបានបង្ហាញកំណើនប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ ៣៧ ភាគរយ៕
ប្រភព៖ postkhmer