លោក ប៊ីល ហ្គេតស៍ កើតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៥៥ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិច។ លោកចាប់ផ្តើមចាប់អារម្នណ៍ចំពោះកម្នវិធីកុំព្យូទ័រ តាំងពីអាយុ១៣ឆ្នាំម្លេះ ពេលដែលលោកកំពុងសិក្សានៅសាលារៀនឡេកសាយ (Lakeside School)។ មិននៅស្ងៀមឡើយ ជាមួយទេពកោសលពីកំណើតនេះ លោកបានចាប់ផ្តើមចាប់ដៃជាមួយលោក ផូល អាឡែន (Paul Allen) ដែលជាមិត្តភក្រ្តរបស់ខ្លួនក្នុងការបង្កើតក្រុមហ៊ុន Software មួយ ដែលមកដល់ពេលបច្ចុប្បន្ននេះ ត្រូវបានគេស្គាលថា ជាក្រុមហ៊ុន Software ធំជាងគេបំផុតក្នុងលោក។ គេបានចាត់ទុកថា លោកបានចាប់ផ្តើមជីវិតនៅកាលៈទេសៈមួយដ៏ត្រឹមត្រូវបំផុត គឺនៅពេលដែលពិភពលោកចាប់ផ្តើមធ្វើបដិវត្តន៍បច្ចេកវិទ្យា។
លោក ប៊ីល ហ្គេតស៍ បានកើតក្នុងគ្រួសារវណ្ណៈកណ្តាលមួយ។ មានឪពុកជាអ្នកច្បាប់ និងម្តាយជាអត្ថពលលិក និងមានបងប្អូនស្រីពីរនាក់ឈ្មោះ គ្រីស្ទៀនណេ និងលីបប៊ី។ គ្រួសាររបស់លោក គឺជាគ្រួសារដ៏មានសុភមង្គល និងកក់ក្តៅបំផុតមួយ។ កាលពីក្មេង ប៊ីល ហ្គេតស៍ គឺជាក្មេងដែលចូលចិត្តអានបំផុត ហើយចំណាយពេលយ៉ាងច្រើន សម្រាប់ស្រាវជា្រវ និងអាន។ ក្នុងការសិក្សានៅសាលា ប៊ីល ហ្គេតស៍ពូកែខាងគណិតវិទ្យា វិទ្យាសាស្រ្ត និងភាសាអង់គ្លេស។ មានព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់មនុស្សលោកមួយ ដែលបានជម្រុញលោកទឹកចិត្តកុមារដែលស្រលាញ់ខាងបច្ចេកវិទ្យា នងវិទ្យាសាស្រ្តនេះ នោះគឺការឈានជើងទៅដល់ឋានព្រះច័ន្ទ្រដំបូងបង្អស់របស់មនុស្ស ដោយ អាប៉ូឡូទី១១ ក្នុងឆ្នាំ១៩៦៩។
នៅថ្នាក់វិទ្យាល័យ ប៊ីល ហ្គេតស៍ បានចំណាយពេលយ៉ាងច្រើនក្នុងបន្ទប់កុំព្យូទ័រ ហើយបានជួបជាមួយអនាគតដៃគូ គឺ ផល អាឡែន ដែលមានការចាប់អារម្មណ៍ និងចំណូលចិត្តដូចគ្នា។ គេនៅចាំបានថា កាលនៅឆ្នាំ១៩៧២ ពេលដែល ប៊ីល ហ្គេតស៍ មានអាយុ១៧ឆ្នាំ លោកបានបង្កើត Software ដំបូងរបស់ខ្លួនហើយបានលក់បានចំណូល ៤,២០០ ដុល្លារ។
នៅឆ្នាំ១៩៧៣ ប៊ីល ហ្គេតស៍ បានបញ្ចប់ថ្នាក់វិទ្យាល័យបន្តសិក្សានៅសាកលវិទ្យាល័យល្បីល្បាញបំផុតរបស់អាមេរិច គឺហារវឺដ។ ក្នុងកំឡុងពេលនោះ ប៊ីល ហ្គេតស៍ ហាក់ស្រពិចស្រពិលនៅឡើយអំពីផែនការជីវិតរបស
ខ្លួន ពេលខ្លះចង់ចាប់ជំនាញផ្នែកច្បាប់ ពេលខ្លះទៀត ក៏នយោបាយ ដែលជាក់ស្តែងនោះលោកតែងតែចំណាយពេលជាមួយកុំព្យូទ័រ។ នៅពេលនោះ លោកបានជួបជាមួយលោក អាឡែន ហើយចាប់ផ្តើមសរសេរកម្មវិធីភាសាសម្រាប់កុំព្យូទ័រកំបូង។ ក្នុងឆ្នាំ១៩៧៥ ក្រុមហ៊ុន Microsoft ចាប់ផ្តើមសេចរូបរាងឡើង នៅ Albuquergue ហើយមួយនឆ្នាំក្រោយមកទៀត គឺនៅខែមករា ឆ្នាំ១៩៧៩ ក៏ប្តូទីតាំងទៅ Bellevue Washington វិញ។
មួយឆ្នាំក្រោយមក លោក ប៊ីល ហ្គេតស៍ បានបោះបង់ការសិក្សារបស់ខ្លួននៅហារវឺដដោយសារខ្លួនចង់ធ្វើឱ្យក្រុមហ៊ុន Microsoft កាន់តែប្រសើរឡើង។ នៅឆ្នាំ១៩៨០ ក្រុមហ៊ុនបានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនមួយផលិតកុំព្យូទ័រយក្សរបស់អាមេរិច ឈ្មោះ IBM សម្រាប់ការបង្កើតប្រព័ន្ធដំណើរការកម្មវិធី ដែលពេលនោះមានឈ្មោះថា MS-DOS។
........................................
លោក ប៊ីល ហ្គេតស៍ ធ្លាប់បានរំពឹងទុកថា៖ "គ្រប់ផ្ទះនៅសហរដ្ឋអាមេរិច ត្រូវតែមានកុំព្យូទ័រមួយយ៉ាងតិច"។
.........................................
ក្រោយមកទំនាក់ទំនងរវាងស្ថាបនិកក្រុមហ៊ុន Microsoft ទាំងពីរបានបញ្ចប់។ ផូល អាឡែន បានចាកចេញពីពិភពលោកបច្ចេកវិទ្យា ប៉ុន្តែលោក ប៊ីល ហ្គេតស៍ នៅតែបន្តដើរទៅមុខ ដោយសេងច្បាស់ថា ខ្លួនគឺជាមនុស្សសំខាន់បំផុតសម្រាប់ភាពរីកលូតលាស់របស់ក្រុមហ៊ុន។ នៅឆ្នាំ១៩៨៥ ក្រុមហ៊ុនរបស់ហ្គេតស៍ បានរកប្រាក់ចំណូលពីការលក់បានប្រមាណ ១៤០សានដុល្លារ។នៅឆ្នាំ១៩៨៦ ហ្គេតស៍ចាប់ផ្តើមបង្ហាញ Microsoft Windows ដែលបានក្លាយជាប្រព័ន្ធដំណើរការដែលគេប្រើប្រាស់ច្រើនជាងគេបំផុតក្នុងលោក។ កាលនោះ ក្រុមហ៊ុន អេបផល (Apple) ក៏ត្រូវបានហ្គេតស៍លើកទឹកចិត្តឱ្យប្រើប្រាស់ ប្រព័ន្ធនេះដែរ ប៉ុន្តែ Apple បដិសេដ ដោយខ្លួនកំពុងផ្តោតអារម្មណ៍ចំពោះការលក់កុំព្យូទ័រប៉ុណ្តោះ។ នៅអាយុត្រឹមតែ ៣១ឆ្នាំ ប៊ីល ហ្គេតស៍ បានក្លាយជាមហាសេដ្ឋីអាមេរិច ហើយគ្រប់គ្រង ៤៥ភាគរយនៃភាគហ៊ុនសរុប។ លោក ក៏ជាអ្នកមានបំផុតក្នុងលោក១៣ឆ្នាំជាប់ៗគ្នា ហើយបច្ចុប្បន្នលោក ក៏ជាអ្នកមានបំផុតក្នុងលោកក្នុងចំណោមមហាសេដ្ឋីផ្សេងៗទៀតដែរ។
បើនិយាយពីជីវិតគ្រួសារវិញ លោកប៊ីល ហ្គេតស៍ បានរៀបអាពាហ៍ពិពាហ៍ជាមួយមេលីនដា (Melinda) នៅថ្ងៃចូលចូលឆ្នាំថ្មី ឆ្នាំ១៩៩៤។ លោក ប៊ីល ហ្គេតស៍ មានកូនបីនាក់ គឺចេននីហ្វឺ ខានថារីន (កើត ១៩៩៦) រ៉ូរី ចន (កើត ១៩៩៩) និង ផូបេ អាដេឡេ (កើត ២០០២)។ លោក ប៊ីល ហ្គេតស៍ បានជួបភរិយាខ្លួនដំបូងនៅឆ្នាំ ១៩៨៧ នៅកម្មវិធីមួយរបស់ក្រុមហ៊ុន Microsoft នៅ ម៉ែនហាថិន។ យោងតាមគេហទំព័រផ្ទាល់ខ្លួន បានង្ហាញថា ប៊ីល ហ្គេតស៍ ចូលចិត្តអានសៀវភៅ និងលេងកូនហ្គោល។
លោក ប៊ីល ហ្គេតស៍ និងភរិយាបានចំណាយលុយយ៉ាងច្រើន សម្រាប់មនុស្សធម៏ ដោយមូលនិធិមួយឈ្មោះថា មេលីនដាហ្គេតស៍ (Bill & Melinda Gates Fundation) ដែលផ្តោសំខាន់លើសុខភាព និងការអប់រំ។ មូលនិធិនេះបានក្លាយជាអង្គការមនុស្សធម៏ជាងគេទី២ ក្នុងលោក បន្ទាប់ពីអង្គការ Wellcome Trust ដែលមានមូលដ្ឋានក្នុងប្រទេសអង់គ្លេស។ នៅដើមឆ្នាំ២០១៤ ហ្គេតស៍ក៏ធ្លាប់បានមកទស្សនកិច្ចនៅប្រទេសកម្ពុជាដែរ ក្នុងបំណងពិនិត្យគម្រោងផ្សេងៗរបស់ខ្លួន នៅបណ្តាខេត្តដែលស្ថិតនៅទិសពយព្យ នៃប្រទេសកម្ពុជា។
ពេលវេលាដ៏ល្អគឺពេលនេះ!
ដោយ៖ CC
ប្រភព៖ ពេជ្យមួយពាន់គ្រាប់