Post Top Ad

Thursday, November 17, 2016

ដើម្បីរស់នៅក្នុងសង្គម​ និងរកការងារឱ្យមានភាពងាយស្រួល អ្នកតែស្វែងយល់ពី៧ភាសា របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច​ ម៉េងលី



(ឃ្លាំងចំនេះដឹង)៖​ មនុស្សភាគច្រើនតែងមានចម្ងល់ថា គ្រាន់តែដើម្បីក្លាយជាបុគ្គលជោគជ័យក្នុងការងារ ជោគជ័យក្នុងសង្គម ឬជោគជ័យក្នុងសង្គមការងារណាមួយ ហេតុអ្វីចាំបាច់ត្រូវចេះ៧ភាសា? ភាសាទាំងនេះ គឺគ្រាន់តែជាការយល់ច្រឡំរបស់បុគ្គលមួយចំនួនតែប៉ុណ្ណោះ។ តាមពិត ៧ភាសាដែលលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន តែងតែមានប្រសាសន៍កន្លងមកនោះ គឺពុំសំដៅដល់ភាសាសម្រាប់ទំនាក់ទំនងគ្នាដូចជា ភាសាអង់គ្លេស ភាសាជប៉ុន ភាសាកូរ៉េ ឬភាសាវៀតណាម នោះទេ។
គួរជម្រាបជូនថា ភាសាទាំង៧ដែលជួយឱ្យលោកអ្នកវិវឌ្ឍក្លាយជាបុគ្គលជោគជ័យ ហើយដែលលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តែងតែមានប្រសាសន៍កន្លងមកនោះរួមមាន៖
ទី១ ភាសាជាតិ។ មានន័យថា បើយើងជាជនជាតិខ្មែរយើងត្រូវតែចេះភាសាខ្មែរ ព្រោះជាភាសាដើមកំណើតដែលត្រូវប្រើប្រាស់ប្រាស្រ័យទាក់ទងគ្នាក្នុងជីវភាពប្រចាំថ្ងៃ និងក្នុងការងារ។ ម្យ៉ាងបើយើងមិនចេះភាសាកំណើតរបស់ខ្លួន យើងនឹងក្លាយជាមនុស្សឯកោដោយសារមិនអាចទំនាក់ទំនងជាមួយអ្នកដទៃបាន។ ដូច្នេះចង់ឬមិនចង់អ្នកត្រូវតែចេះភាសាកំណើតរបស់ខ្លួន បើអ្នកចង់ធ្វើអាជីវកម្មនៅក្នុងស្រុករបស់អ្នក បើមិនដូច្នោះទេវាអាចនឹងប្រឈមនឹងបញ្ហាមួយចំនួនធំនៅក្នុងដំណើរការអាជីវកម្មរបស់អ្នកមិនខាន។
ទី២ យើងត្រូវចេះភាសាសកល។ ភាសាសាកលគឺភាសាដែលគេប្រើច្រើនទូលំទូលាយ ជាភាសាដែលមនុស្សភាគច្រើន ប្រទេសភាគច្រើន គេយកមកប្រើដើម្បីធ្វើជាមធ្យោបាយទំនាក់ទំនងគ្នា ឬផ្ទេរចំណេះដឹងឱ្យគ្នា។ បច្ចុប្បន្ននៅក្នុងពិភពលោកគេទទួលស្គាល់ភាសាងង់គ្លេសថាជាភាសាសាកល ដូច្នេះយើងត្រូវតែចេះភាសាសាកលនេះដើម្បីទំនាក់ទំនង និងដើម្បីទាញយកឱកាសការងារ ព្រោះមិនថាយើងទៅដល់ប្រទេសណានោះទេ មនុស្សស្ទើរតែជុំវិញពិភពលោកទៅហើយដែលពួកគេបានប្រើប្រាស់ភាសាមួយនេះ។
ទី៣ ភាសាបច្ចេកវិទ្យា គឺភាសាទាក់ទងនឹងកម្មវិធីកុំព្យូទ័រនិងបច្ចេកវិទ្យា ព្រោះបច្ចុប្បន្នវិទ្យាសាស្រ្តកាន់តែទំនើប និងវិវឌ្ឍទៅមុខជាលំដាប់ដែលទាមទារឱ្យយើងចេះប្រើប្រាស់កម្មវិធីកុំព្យូទ័រចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការសិក្សា ក៏ដូចជាការងារប្រចាំថ្ងៃផងដែរ។ ឧទាហរណ៍ជាក់ស្ដែង អ្នកត្រូវចេះកម្មវិធីកុំព្យូទ័រដើម្បីបម្រើដល់កិច្ចការរដ្ឋបាលនានា លើសពីនេះអ្នកត្រូវឆ្លងឆ្លើយគ្នាតាមរយៈអ៊ីម៉ែល អ៊ីនធ័រណេត ហ្វេសប៊ុក វីឆាត ឡាញ និងបណ្ដាញសង្គមផ្សេងៗទៀត ដែលជាតម្រូវការចាំបាច់ដើម្បីសម្រួលក្នុងការបម្រើការងារតាម ស្ថាប័ននានា ការគ្រប់គ្រងអាជីវកម្ម ក៏ដូចជាសម្រួលដល់ការសិក្សាស្រាវជ្រាវរៀនសូត្រនានាជាដើម។
ទី៤ គឺភាសាជំនាញ។ ភាសាជំនាញជាភាសាសំខាន់ ដែលយើងត្រូវប្រើប្រាស់ក្នុងអាជីពនិងជំនាញ ដែលកំពុងតែធ្វើជារៀងរាល់ថ្ងៃ។ បានន័យថា បើអ្នករៀនជំនាញអ្វី អ្នកត្រូវចេះភាសានៃជំនាញនោះឱ្យច្បាស់លាស់។ ឧទាហរណ៍ដូចជាជំនាញធុរកិច្ច វេជ្ជសាស្ត្រ អគ្គិសនី វិស្វកម្ម គណនេយ្យ ឬច្បាប់ជាដើម គឺយើងត្រូវប្រាកដ និងចេះប្រើភាសានៃចំណេះជំនាញវិជ្ជាជីវៈនោះឱ្យបានច្បាស់។
ទី៥ គឺភាសាការទូត។ ភាសាការទូត គឺភាសាទំនាក់ទំនង រួសរាយរាក់ទាក់ ប្រជាប្រិយភាព ទន់ភ្លន់ ស្វាគមន៍ ម៉ឺងម៉ាត់ ហ្មត់ចត់ ញញឹមញញែម ចេះសួរសុខទុក្ខ បូករួមទាំងកាយវិការ ទឹកមុខ និងអាកប្បកិរិយា។ ត្រង់ចំណុចនេះខ្ញុំចង់មានន័យថា យើងត្រូវចេះនិយាយឱ្យបានត្រឹមត្រូវតាមបរិបទការងារ ចេះគួរសម និងមានបែបផែនក្នុងការនិយាយ។
ទី៦ ភាសាកាយវិការ។ គឺបានន័យថា ភាសាដែលប្រើកែវភ្នែក ឥរិយាបថនៃរាងកាយទន់ភ្លន់ ការប្រើកាយវិការតាមរយៈទឹកមុខ ដៃ ក្បាល និងដងខ្លួនជាដើម ដើម្បីបង្កើតមនោសញ្ចេតនាក្នុងការប្រាស្រ័យទាក់ទងរវាងគ្នានិងគ្នានិងក៏ដើម្បីបង្កើនភាពកក់ក្ដៅ និងទំនុកចិត្តចំពោះដៃគូសន្ទនា ឬប្រតិបត្តិការជំនួញផងដែរ។ ហើយជាភាសាដែលអាចកាត់បន្ថយការមិនយល់គ្នា ឬបញ្ហានានាដែលអាចនឹងកើតមាន។
ទី៧ ភាសាអាស៊ាន។ មានន័យថាក្នុងនាមយើងជាសមាជិកក្នុងសហគមន៍អាស៊ាន យើងត្រូវឈ្វេងយល់ពីភូមិសាស្ត្រ វប្បធម៌ នយោបាយ ប្រវត្តិសាស្រ្ត ប្រពៃណី ទំនៀមទម្លាប់ ការប្រកបរបរចិញ្ចឹមជីវិត ជីវភាពរស់នៅ មនោសញ្ចេតនា ឥរិយាបថ និងសេដ្ឋកិច្ចនៃប្រជាជាតិអាស៊ានក្នុងតំបន់ទាំងអស់ ដើម្បីងាយស្រួលធ្វើទំនាក់ទំនងរវាងគ្នា និងពិសេសផ្នែកជំនួញតែ ម្ដង។ មួយវិញទៀត បើយើងមិនយល់ពីបរិបទនៃរបបនយោបាយ និងចំណងការទូតនៃប្រទេសក្នុងតំបន់អាស៊ានទាំងអស់នោះទេ នោះយើងក៏នឹងពិបាកជោគជ័យក្នុងទំនាក់ទំនងពាណិជ្ជកម្មដែរ។

ដោយ៖ CC
ប្រភព៖ The Intercon Rooster