រឿងខ្លី អាយ៉ង
ក្រោយពីទទួលកូនប្រុសតូចចេញសាលាមកដល់ផ្ទះហើយ
ម្តាយក៏ដើរទៅក្នុងផ្ទះបាយដើម្បីរៀបចំបាយទឹក។ ឪពុកបានដើរមកជិតកូនប្រុសរបស់ខ្លួន
ដើម្បីសួរលេង។ “ថ្ងៃនេះបានរៀនអីខ្លះកូន នៅសាលា?” ឪពុកសួរបណ្តើរ
និងយកដៃអង្អែលក្បាលកូនបណ្តើរ។
កូនដោះកាតាបចេញហើយដកសៀវភៅពុម្ពចេញមក។
នេះជាទម្លាប់ក្មេង ពេលនិយាយត្រូវតែមានអ្វីមកបង្ហាញបែបនេះហើយ។
ក្មេងនោះបើកសៀវភៅដល់ចំណុចដែលគេរៀននៅសាលា ហើយចង្អុលទៅកាន់ចំណងជើង
“ការងារក្នុងសង្គម”។
“រៀនពីអានេះ
ប៉ា” ក្មេងនោះឆ្លើយ។ ឪពុកសួរបន្ត “ចុះកូនស្គាល់ការងារអីខ្លះ”? “ស្គាល់បានតិចហ្នឹង
ព្រោះទើបនឹងរៀន។ កូនស្គាល់ គ្រូពេទ្យ គ្រូបង្រៀន ប៉ូលីស អ្នកចំការ ហើយនិងសិស្ស”។
ឪពុកញញឹម ព្រោះឃើញកូនរៀនឆាប់ចាប់បានយ៉ាងនេះ។
“តែប៉ាកូនឆ្ងល់ការងារមួយ”
ក្មេងនោះសួរនៅពេលដែលឪពុកបម្រុងនឹងដើរទៅក្នុង។ “អាយ៉ង គេធ្វើអីដែរប៉ា”? ឪពុកចាប់ផ្តើមប្រែទឹកមុខ
ហើយសួរកូនថា “កូនចេះពាក្យនេះមកពីណា”?
“កូនលឺពួកសិស្សធំៗផ្សេងទៀតថា
ប៉ាធ្វើជាអាយ៉ង អ៊ីចឹងបានកូនចង់ដឹងថាប៉ាធ្វើអីខ្លះ? បើការងារហ្នឹងស្រួលធ្វើ
ធំឡើងកូនចង់ធ្វើជាអាយ៉ងដែរ “។ ក្មេងនោះនិយាយ។
ឪពុកមិនតបអ្វីទៀតទេ
បានត្រឹមតែនៅស្ងៀមក្នុងអារម្មណ៍មួយស្តាយក្រោយបំផុត។ គ្រួសារនេះមានលុយ
មានឋានៈក្នុងសង្គម ប៉ុន្តែអ្វីដែលពួកគេខ្វះ គឺ មិនអាចពន្យល់កូនបានគ្រប់រឿង។
បើមិនចង់ដូចពួកគេ កុំធ្វើជាអាយ៉ង។ កុំឱ្យកូនរបស់យើងដែលមិនដឹងអីសោះ
ឆ្ងល់នឹងពាក្យនេះ។ ទំនួលខុសត្រូវរបស់ឪពុកម្តាយ គឺមិនត្រូវឱ្យកូនរបស់ខ្លួន
មានភាពអាម៉ាសដោយសារតែខួរក្បាលមិនចេះគិត និងភាពលោភលន់របស់ខ្លួនឯង។