Post Top Ad

Sunday, December 11, 2016

បឹងកេតអង្គរ ប៉ះ ក្រុមកូរ៉េខាងត្បូងសារជាថ្មីដើម្បីដណ្ដើមលេខ៣ នាពេលល្ងាចនេះ

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពាន់រង្វាន់អន្ដរជាតិ BTV Cup 2016 នៅវៀតណាម បានឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនាល្ងាចថ្ងៃទី១២ ខែធ្នូនេះហើយ ក្នុងនោះ​ក្រុម Shonan Bellmare មកពីលីគកំពូលជប៉ុន ត្រូវជួបក្រុមម្ចាស់ផ្ទះ Da Nang ជាថ្មីដើម្បីប្រជែងយកជើងឯក ខណៈក្រុមបឹងកេតអង្គរ របស់កម្ពុជាក៏ត្រូវជួបជាមួយក្រុមជម្រើសសាកលវិទ្យាល័យកូរ៉េខាងត្បូង(KUFC) ជាថ្មីដូចគ្នាដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ ។


មែនទែនទៅ ក្រុមត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រទាំងដណ្ដើមជើងឯក និងលេខ៣ គឺសុទ្ធតែធ្លាប់បានជួបគ្នាក្នុងវគ្គសន្សំពិន្ទុតាមពូលម្ដងរួចមកហើយ ក្នុងនោះក្រុម Shonan Bellmare បានយកឈ្នះក្រុមកំពូលតារាង Da Nang ដោយលទ្ធផល ២-១ រីឯក្រុមបឹងកេតអង្គរ បានយកឈ្នះក្រុម KUFC ដោយលទ្ធផល ២-១ ដូចគ្នា ។ ដោយហេតុនេះ គេមើលឃើញថា ការជួបគ្នាជាថ្មីល្ងាចនេះ នឹងមានភាពតានតឹងខ្លាំង ខណៈលទ្ធផលជួបគ្នាលើកមុន បញ្ចប់ប្រផិតប្រផើយនោះ ។



គួរបញ្ជាក់ថា ពាន BTV Cup 2016 នេះ បានដំណើរការប្រកួតតាំងពីដើមខែធ្នូកន្លងទៅ ដោយក្លឹប Mecamex Binh Duong របស់វៀតណាមធ្វើជាម្ចាស់ផ្ទះ ប៉ុន្ដែបានធ្លាក់ត្រឹមវគ្គជម្រុះទៅហើយ ។ ចំណែកប្រាក់រង្វាន់ក្រុមជើងឯកប្រចាំព្រឹត្តិការណ៍អន្ដរជាតិនេះ នឹងទទួលបានប្រមាណ ២១៧០០ដុល្លារអាមេរិក ។ នេះបើយោងតាមការឲ្យដឹងរបស់គណៈកម្មការរៀបចំការប្រកួត ៕

ដោយ៖ CC
ប្រភព៖ Camsports