Post Top Ad

Tuesday, December 06, 2016

លោក Lee Tae Hoon ​មិនទាន់មានគម្រោងចេញពីក្រុមជម្រើសជាតិកម្ពុជានោះឡើយ




គ្រូបង្វឹកកូរ៉េខាងត្បូង លោក Lee Tae Hoon បានអះអាងថា លោកមិនទាន់សម្រេចចិត្តដកខ្លួនចេញពីក្រុមជម្រើសជាតិកម្ពុជានោះឡើយ។ លោកបានអះអាងយ៉ាងដូច្នេះ បន្ទាប់ពីមានការផ្សព្វផ្សាយមួយចំនួនទាក់ទងអនាគតរបស់លោកជាមួយក្រុមជម្រើសជាតិកម្ពុជា ដែលអាចត្រូវបញ្ចប់នៅពេលដែលកិច្ចសន្យារបស់លោកត្រូវផុតកំណត់។
«សម្រាប់ពេលនេះ ខ្ញុំមិនទាន់បាននិយាយជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានោះឡើយ ទាក់ទងនឹងកិច្ចសន្យារបស់ខ្ញុំជាមួយក្រុមជម្រើសជាតិ [...] ខ្ញុំតែងតែមានទំនាក់ទំនងល្អជាមួយឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធ ក៏ដូចជាសហព័ន្ធផ្ទាល់។ ខ្ញុំនៅតែចូលចិត្តកីឡាករ និងអ្នកគាំទ្រដ៏ច្រើនមហិមា»។ នេះជាការអះអាងរបស់ លោក Lee Tae Hoon តាមរយៈការផ្សាយផ្ទាល់មួយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ប្រតិកម្មរបស់គ្រូបង្វឹកកូរ៉េខាងត្បូង បានកើតឡើងបន្ទាប់ពីមានការផ្សាយថា លោកមានគម្រោងចាកចេញពីក្រុមជម្រើសជាតិកម្ពុជា ប្រសិនបើកីឡាករមិនកែទម្លាប់អាក្រក់របស់ខ្លួន។ សម្តីនេះ ត្រូវបានដកស្រង់ឡើងនាអំឡុងនៃកិច្ចសម្ភាសរបស់លោក Lee ជាមួយអ្នកយកព័ត៌មាន បន្ទាប់ពីក្រុមកម្ពុជាមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក្រោយការធ្លាក់ចេញពីពូល B នៃព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០១៦ នៅប្រទេសមីយ៉ាន់ម៉ា។
ក្នុងឃ្លីបវីដេអូ ដែលផ្សាយកាលពីថ្ងៃទី១ ខែធ្នូ លោក Lee បានច្រានចោលព័ត៌មានទាក់ទងនឹងបំណងចាកចេញរបស់លោកពីក្រុមជម្រើសជាតិ ដោយលោកបានលើកឡើងថា អ្នកសារព័ត៌មានបានផ្សាយខុសពីបំណងដែលលោកចង់បាន។
បន្ថែមពីលើនេះ គ្រូបង្វឹកកូរ៉េខាងត្បូង បានបដិសេធទំព័រហ្វេសប៊ុកមួយចំនួនដែលបានប្រើឈ្មោះរបស់លោកក្នុងផ្សព្វផ្សាយព័ត៌មានស្តីពីក្រុមជម្រើសជាតិ។ លោកបានអះអាងថា លោកមានគណនីហ្វេសប៊ុកផ្លូវការតែមួយប៉ុណ្ណោះ ហើយលោកក៏មិនសូវមានសកម្មភាពនៅលើបណ្តាញសង្គមនេះដែរ។
លោក Lee Tae Hoon បានបញ្ជាក់យ៉ាងមុតមាំថា លោកតែងតែមានគោលបំណងជួយវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យមានការរីកចម្រើនទៅមុខ ហើយអ្វីដែលលោកចង់បាននោះ គឺការចូលរួមសហការពីសំណាក់ក្រុមអ្នកសារព័ត៌មាន ព្រោះព័ត៌មានអាចជួយកែតម្រូវរាល់ចំណុចខ្វះខាតដែលរាំងស្ទះដល់ការអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា។ បន្ថែមពីលើនេះ លោកត្រូវការកម្លាំងចិត្តយ៉ាងខ្លាំងពីក្រុមអ្នកគាំទ្រ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Lee ទទួលស្គាល់ថា កីឡាករមួយចំនួននៃក្រុមជម្រើសជាតិ ពិតជាមានទម្លាប់អាក្រក់ដែលត្រូវកែប្រែ។ សម្រាប់លោក ទម្លាប់អាក្រក់របស់កីឡាករគឺជាឧបសគ្គដ៏ធ្ងន់ធ្ងរដែលស្ទះដល់ការរីកចម្រើនរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា។
លោក Lee បច្ចុប្បន្នអាយុ៥៥ឆ្នាំ ធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាឈុតអាយុក្រោម២៣ឆ្នាំ ពីខែសីហា ឆ្នាំ២០១០ ដល់ខែកក្កដា ឆ្នាំ២០១២ ហើយបានវិលត្រឡប់មកដឹកនាំម្តងទៀត ចាប់ខែសីហា ឆ្នាំ២០១៣ មក។ ក្រោមការដឹកនាំរបស់លោក ទោះបីជាកម្ពុជាមិនទទួលបានស្នាដៃណាមួយដែលគួរឲ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែគុណភាពនៃក្រុមកីឡាបាល់ទាត់កម្ពុជាមានការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់។
សម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup កម្ពុជាបានយកឈ្នះព្រុយណេ ទីម័រខាងកើត និងឡាវនៅវគ្គជម្រុះក្នុងរាជធានីភ្នំពេញ ដើម្បីទទួលបានកៅអីនៅវគ្គ Group Stage ជាលើកដំបូង ក្រោយខកខានចាប់តាំងពីឆ្នាំ២០០៨មក។
នាការប្រកួតវគ្គ Group Stage នៅប្រទេសមីយ៉ាន់ម៉ា កម្ពុជា បានចាញ់ម៉ាឡេស៊ី ៣-២ ចាញ់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៣-១ និងចាញ់វៀតណាម ២-១ ដោយបន្តបាត់បង់ឱកាសទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ទោះបីជាយ៉ាងណាក៏ដោយ សមត្ថភាពរបស់កីឡាករកម្ពុជា ជាពិសេសខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា និងខ្សែបម្រើ ច្រឹង ពលរដ្ឋ ទទួលបាននូវការកោតសរសើរច្រើនផងដែរ៕
ដោយឡែក តាមរយៈការបកស្រាយនេះ លោក Lee សង្ឃឹមថា ក្រុមកីឡាករជម្រើសជាតិកម្ពុជានឹងធ្វើការផ្លាស់ប្តូរឥរិយាបទតាមរយៈការកែនូវរាល់ចំណុចខ្វះខាតក៏ដូចជាទម្លាប់អាក្រក់ដែលកំពុងកើនមាននៅក្នុងក្រុមជម្រើសជាតិកម្ពុជា ដើម្បីផ្តល់ជាគំរូល្អដល់យុវជនជំនាន់ក្រោយ។ ប្រសិនបើមិនមានការកែប្រែនោះទេ អនាគតបាល់ទាត់នៅកម្ពុជាមិនមានភាពល្អប្រសើរនោះឡើយ ព្រោះយុវជនជំនាន់ក្រោយនឹងចាប់យកទម្លាប់អាក្រក់ទាំងនោះមកអនុវត្តន៍។

ដោយ៖ CC
ប្រភព៖ goal