វាជាការពិតណាស់កាលពីមុន អ្នកធ្លាប់ដឹងហើយថា ការឆាប់ចូលគេង និងក្រោកពីគេងពីព្រលឹម អាចជួយឲ្យយើងមានសុខភាពល្អ ប៉ុន្ដែឥឡូវនេះការសិក្សាថ្មីមួយចុងក្រោយនេះ បានរកឃើញពីអត្ថប្រយោជន៍សុខភាពផ្សេងទៀត ពោលគឺ មិនត្រឹមតែជួយឲ្យមានសុខភាពល្អប៉ុណ្ណោះទេ គឺថែមទាំងអាចជួយឲ្យយើងមានរាងស្វ៊ែលស្អាត និងមានអារម្មណ៍ស្រស់ថ្លាទៀតផង។
ការសិក្សាដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Roehampton នៃចក្រភពអង់គ្លេសនេះ បានរកឃើញថា មនុស្សដែលក្រោកពីដំណេកបានលឿន និយាយឲ្យចំគឺអ្នកដែលមិនគេងទ្រមក់ គឺនឹងអាចទទួលបាននូវសុខភាពល្អ អារម្មណ៍សប្បាយរីករាយ និងទទួលបានលទ្ធផលល្អប្រសើរក្នុងជីវិត ជាងអ្នកដែលគេងទ្រមក់ ឬគេងពឹងតែលើនាឡិការោទិ៍។
ការសិក្សានេះក៏បានរកឃើញដែរថា អ្នកដែលក្រោកពីដំណេកបានលឿន គឺអាចបំពេញកិច្ចការពេលព្រឹកបានល្អប្រសើរ និងមានផលិតភាពការងារនៅកន្លែងធ្វើការប្រសើរ ខណៈដែលអ្នកដែលគេងស្ពឹក នឹងទទួលបាននូវអារម្មណ៍ម៉ួម៉ៅ ធុញថប់ តប់ប្រម៉ល់ ស្រ្ដេស និងប្រឈមមុខនឹងការធាត់លើសទម្ងន់ទៀតផង។
ដើម្បីទទួលបានលទ្ធផលបែបនេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការស្ទង់មតិទៅលើមនុស្សពេញវ័យចំនួន ១០៦៨នាក់ ទាំងបុរស និងស្រ្ដី ទៅតាមកម្រងសំណួរអនឡាញ ដោយសួរអំពីជីវិតប្រចាំថ្ងៃ រួមទាំងទម្លាប់នៃការគេងផងដែរ។
ជាលទ្ធផលក្រុមអ្នកស្រាវជ្រាវនេះបានរកឃើញថា មនុស្សចំនួន ១៣ភាគរយ បានភ្ជាក់ពីដំណេកនាពេលព្រលឹម (យូរបំផុតត្រឹមម៉ោង ៦:៥៨ព្រឹក ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ) ខណៈដែលមួយភាគធំទៀត កំពុងលង់លក់ ឬដឹងខ្លួនហើយតែកំពុងសម្ងំនៅលើគ្រែ។
ក្រោយពីវិភាគទៅលើទន្នន័យនៃការស្ទង់មតិនេះ គេបានរកឃើញថា អ្នកដែលភ្ជាក់ពីព្រលឹមទាំងប៉ុន្មាន មានសញ្ញានៃការតប់ប្រម៉ល់ ឬស្រ្ដេសតិចបំផុត ហើយថែមទាំងមានសុខភាពល្អ មានលទ្ធផលការងារល្អ និងមានកម្រិតនៃសុភមង្គលខ្ពស់ជាងអ្នកគេងទ្រមក់។ ដូចដែលធ្លាប់បានដឹងហើយថា អាហារពេលព្រឹកគឺសំខាន់ជាងគេ ហើយអ្នកដែលភ្ជាក់ពីព្រលឹមក៏មិនសូវរំលងអាហារដ៏សំខាន់នេះដែរ (អាចរួមចំណែកឲ្យមានសុខភាពល្អ)។
មិនត្រឹមតែធ្វើឲ្យមានសុខភាពល្អប៉ុណ្ណោះទេ ការភ្ញាក់ពីព្រលឹមក៏អាចជួយឲ្យយើង បញ្ចប់កិច្ចការពេលព្រឹកបានលឿន ដូចជាការរៀបចំខ្លួនឲ្យកូនៗទៅសាលា ធ្វើម្ហូបអាហារ ឬរៀបចំខ្លួនទៅធ្វើការជាដើម។
ដោយ៖ CC
ប្រភព៖ rckbook