(បណ្តុំចំណេះដឹង)៖ សូមជំរាបជួនស្រ្ដីមានផ្ទៃពោះទាំងឡាយ ចូរបង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួនឲ្យបានខ្លាំងក្លា ព្រោះការសិក្សាចុងក្រោយមួយបានរកឃើញថា កង្វក់បរិយាកាសដោយសារខ្យល់កខ្វក់ អាចធ្វើឲ្យស្រ្ដីដែលរស់នៅទីក្រុង កើនឡើងហានីភ័យនៃការកើតកូនមិនគ្រប់ខែដល់ទៅ ៣០ភាគរយ។
ការស្រាវជ្រាវដែលធ្វើឡើងចំពោះទារកដែលទើបកើតថ្មីចំនួន ១០ម៉ឺននាក់នេះ បានរកឃើញថា សារធាតុគីមីពុលក្នុងខ្យល់ ដែលបង្កឡើងដោយផ្សែងឡានម៉ូតូក្នុងតំបន់ដែលមានចរាចរច្រើន (ទីក្រុង) បានបំផ្លាញសុខភាពរបស់ទារកដែលនៅក្នុងផ្ទៃ ក៏ដូចជាម្ដាយទារកផងដែរ។
ខ្យល់ដែលកាន់តែមានជាតិពុលច្រើនបំផុតនោះ គឺខ្យល់ក្នុងខែត្រជាក់ មិនមែនខែក្ដៅនោះទេ ហើយតំបន់ដែលនៅឆ្ងាយពីឆ្នេរសមុទ្រ គឺជាតំបន់ដែលមានជាតិពុលច្រើន។
លោកវេជ្ជបណ្ឌិត Beate Ritz មកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ប្រចាំសហរដ្ឋអាមេរិក បានថ្លែងថា កង្វក់ខ្យល់ ត្រូវបានគេរកឃើញថា មានទំនាក់ទំនងនឹងការកើតកូនមុនកាលកំណត់ និងការកើតកូនដែលមិនគ្រប់ទម្ងន់។ លទ្ធផលនៃការសិក្សានេះ បានបង្ហាញថា កង្វក់ដែលបណ្ដាលពីចរាចរតាមដងផ្លូវ គឺមានគ្រោះថ្នាក់ខ្លាំងជាងគេ ដូច្នេះត្រូវតែចេះការពារខ្លួន។
នៅក្នុងការសិក្សាដែលបានបោះពុម្ភផ្សាយក្នុងព្រឹត្តបត្រសុខភាព Environment Health នេះ បានធ្វើឡើងក្នុងទំហំយ៉ាងធំ ពោលគឺ ទៅលើទារកដល់ទៅ ១០ម៉ឺននាក់ នៅឡូស អ៊ែនជើលែស ចាប់ពីខែមិថុនា ឆ្នាំ២០០៤មក។
ក្រោយពីមានការសហការពីក្រុមមន្រ្ដីសុខាភិបាលក្នុងតំបន់ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការស្រូបយកខ្យល់កខ្វក់ ដែលបង្កឡើងដោយផ្សែងរថយន្ត បានបង្កើនហានីភ័យនៃការកើតកូនមុនកំណត់ ដល់ទៅ៣០ភាគរយឯណោះ។
មិនត្រឹមតែការសិក្សាដែលរកឃើញបែបនេះ អ្វីដែលយើងគ្រប់គ្នាបានដឹងនោះគឺ ខ្យល់កខ្វក់នៅមានផលអាក្រក់ជាច្រើនទៀត ដូច្នេះអ្វីដែលយើងត្រូវធ្វើគឺត្រូវចេះការពារខ្លួន។ ប្រសិនបើយើងចេញទៅក្រៅ យើងគួរពាក់ម៉ាស់ការពារ ព្រោះវាអាចជួយទប់ស្កាត់ខ្យល់កខ្វក់ទាំងនោះបានផងដែរ។
ដោយ៖ CC
ប្រភព៖ rckbook