នៅក្នុងការរស់នៅជាប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ តើអ្នកដែលឆ្ងល់ទេថា ហេតុអ្វីបានជាញ៉ាំបាយច្រើនដង ក្នុងមួយថ្ងៃៗ បែរជាមិនឡើងទម្ងន់ទៅវិញ? បើតាមការពិតទៅ ក្រុមអ្នកវិទ្យាសាស្រ្ដបានស្រាវជ្រាវរកឃើញថា ការញ៉ាំអាហារញឹកញាប់ គឺមិនបានធ្វើឲ្យយើងធាត់លើសទម្ងន់នោះទេ ពោលគឺនៅតែមានទម្ងន់ល្អចំពោះសុខភាព។
ការញ៉ាំអាហារញឹកញាប់ ជាប់ជាប្រចាំ និងជួយប្រយុទ្ធប្រឆាំងនឹងការធាត់ជ្រុល ហើយអាចឲ្យយើងរក្សាទម្ងន់ដែលត្រឹមត្រូវរបស់យើងបានស្ថិតស្ថេរផងដែរ។
ការសិក្សានេះក៏បានបញ្ជាក់ដែរថា អ្នកដែលធាត់ ញ៉ាំអាហារតិចជាងអ្នកដែលស្គម (អ្នកស្គមប្រឹងញ៉ាំដើម្បីធាត់ តែមិនធាត់ អ្នកធាត់មិនសូវញ៉ាំដើម្បីស្គម តែបែរជានៅតែធាត់ទៅវិញ)។
រឿងនេះគួរកត់សម្គាល់ផងដែរថា ការញ៉ាំអាហារជាប្រចាំ ឬ ញឹកញាប់ និងធ្វើឲ្យយើងរក្សាទម្ងន់បានល្អ ដោយសារតែការញ៉ាំញឹកញាប់នេះ មិនធ្វើឲ្យមនុស្សញ៉ាំច្រើន ដូច្នេះទើបវាមិនបណ្ដាលឲ្យធាត់។
លោក Jessica Bachman មកពីសាកលវិទ្យាល័យ Marywood University សហរដ្ឋអាមេរិក និងជាអ្នកដឹកនាំការស្រាវជ្រាវនេះ បានលើកឡើងថា ប្រសិនបើអ្នកញ៉ាំអាហារញឹកញាប់ នោះវានឹងអាចជួយឲ្យអ្នកមិនសូវឃ្លាន។ តែប្រសិនបើអ្នករង់ចាំរហូតដល់១០ម៉ោងទើបញ៉ាំ នោះអ្នកនឹងញ៉ាំច្រើនជាមិនខាន ដោយសារតែឃ្លានខ្លាំងពេក។ ការញ៉ាំច្រើននេះហើយ ដែលធ្វើឲ្យកាឡូរីនៅក្នុងខ្លួនយើង កើនឡើងច្រើនដែរ។
ការសិក្សាចុងក្រោយនេះ បានធ្វើការវិភាគលើការសិក្សាកាលពីមុនចំនួនពីរផ្សេងគ្នា ដែលមានការចូលរួមពីមនុស្សពេញវ័យ ២៥០នាក់។
លទ្ធផលនៃការសិក្សានេះបានបង្ហាញថា អ្នកដែលមានទម្ងន់ធម្មតា ញ៉ាំអាហារបីដងក្នុងមួយថ្ងៃ បូករួមទាំងអាហារសម្រន់ផ្សេងៗចំនួនពីរដង ខណៈដែលអ្នកធាត់ខ្លាំង ញ៉ាំអាហារបីដងក្នុងមួយថ្ងៃដែរ តែញ៉ាំអាហារសម្រន់ផ្សេងៗតែម្ដងប៉ុណ្ណោះក្នុងមួយថ្ងៃ។
ជាចុងក្រោយ ក្រុមអ្នកជំនាញបាននិយាយថា បើចង់ទទួលបាននូវទម្ងន់ដ៏ល្អប្រសើរគឺអ្នកត្រូវហាត់ប្រាណ និងញ៉ាំអាហារឲ្យបានទៀងទាត់ និងញឹកញាប់។
ដោយ៖ CC
ប្រភព៖ rckbook