Post Top Ad

Wednesday, January 25, 2017

មាគ៌ាទាំង៧ចំនុចនៃការបង្កើត​អាជីវកម្ម​របស់សហគ្រិនជោគជ័យ


ជំហាន​ទី​១: សរសេរ​ផែនការអាជីវកម្ម (Business Plan)

​អ្នក​មិនអាច​សង់ផ្ទះ​ដោយ​មិនដឹង​ប្លង់​យ៉ាងម៉េច​ឡើយ​។ ដូចគ្នានេះដែរ ការបើក​អាជីវកម្ម​មួយ​ក៏ត្រូវ​ចាប់ផ្តើម​ពី​ផែនការអាជីវកម្ម​ដែរ​។ ការសរសេរ​ផែនការអាជីវកម្ម​កើតឡើង​ពី​ការសិក្សា​ពី​អាជីវកម្ម​ដែល អ្នក​ចង់​បើក​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​រៀបរាប់​ពី​ទស្សនៈវិស័យ បេសកកម្ម លក្ខណៈ​ផលិតផល និង​សេវ​កម្ម ការចាត់ចែង​ហិរញ្ញវត្ថុ រចនាសម្ព័ន្ធ​គ្រប់គ្រង យុ​ទ្ធិ​សាស្ត្រ​ទីផ្សារ និង​ផែនការ​ផ្សេងៗ​សំខាន់ៗ​ជាច្រើន​ទៀត ដើម្បី​ជា​ផែនទី​សម្រាប់​ដើរ​នៅពេល​អាជីវកម្ម​ចេញ​ជា​រូបរាង​។

ជំហាន​ទី​២:​រៀន​វគ្គ​បំពាក់បំប៉ន​ផ្នែក​អាជីវកម្ម​

​ជំនាញ​លើ​អាជីវកម្ម គឺ​ចំណេះដឹង​មួយទៀត​របស់​អ្នក ទុកជា​គ្រឹះ​សម្រាប់​បើក​អាជីវកម្ម​។ អ្នក​ត្រូវ​ប្រាកដថា អ្នក​ពិត​ជាមាន​សមត្ថ​ភាព​គ្រប់គ្រាន់ និង​ទទួលបាន​ការបំពាក់​បំប៉ន​ច្បាស់លាស់​ពី​យុទ្ធសាស្ត្រ​ផ្សេងៗ​ក្នុង ការគ្រប់គ្រង​វិស័យ​អាជីវកម្ម​។ តែបើ​អ្នក​ខ្វះខាត​ចំណុច​ត្រង់នេះ លោកអ្នក​ត្រូវ​សិក្សា​ជំនាញ​ទាំងនេះ​ក្នុង​គ្រឹះស្ថានសិក្សា​ណាមួយ ដែល​សក្ដិសម​បំផុត​សម្រាប់​វិស័យ​អាជីវ​កម្មនេះ​។ ​សម័យនេះ គឺជា​យុគសម័យ​ឌីជីថល ដែល​ទាមទារ​ឱ្យ​ម្ចាស់​អាជីវកម្ម​មាន​ជំនាញ និង​បាន​សិក្សា​រៀនសូត្រ​ជ្រៅជ្រះ​មិនថាតែ​ជំនាញ​ពាណិជ្ជកម្ម សូម្បីតែ​ជំនាញ​បច្ចេកវិទ្យា​មួ​ួ​យ​ចំនួន​ដែល​នឹងត្រូវ​ប្រើ​សម្រាប់ គាំទ្រ​អាជីវកម្ម (​ដូចជា​បណ្ដាញ​សង្គម​)​ត្រូវ​ស្វែងយល់​ឱ្យបាន​ច្បាស់​។
​យុទ្ធសាស្ត្រ​ដែល​បាន​ពី​ការសិក្សា មិន​ប្រាកដថា​យកមកអនុវត្ត​ទទួលបាន​ជោគជ័យ​នោះទេ ក៏ប៉ុន្តែ​វា​ជា​ទុន​មួយ​នាំមក​នូវ​គំនិត និង​យុទ្ធសាស្ត្រ​ដែល​ឆ្លើយតប​នឹង​បច្ចុប្បន្នភាព​ប្រកួតប្រជែង​ជាច្រើន ទៀត​។

ជំហាន​ទី​៣: ជ្រើសរើស​ទីតាំង​អាជីវកម្ម​

​ការជ្រើសរើស​ទីតាំង​សម្រាប់​បើក​អាជីវកម្ម គឺជា​ជំហាន​សំខាន់​មួយទៀត​បន្ទាប់ពី​ផែនការ​របស់​អ្នក​ត្រូវបាន រៀបចំឡើង​បាន​ចប់សព្វគ្រប់​។ គន្លឹះ​ដ៏​ល្អ​សម្រាប់​ឲ្យ​អាជីវកម្ម​ដ៏​តូច​របស់​អ្នក​លេច​ឈ្មោះ​ពីមុខ សាធារណជន​ទូទៅ​គឺមាន​គម្រោង និង​ការស្រាវជ្រាវ​ច្បាស់លាស់​ជាមុន​លើ​ទីតាំង​ភូមិសាស្ត្រ ស្ថានភាព​ប្រកួតប្រជែង ទន្ទឹមនឹង​ការស្វែងយល់​ពី​នីតិវិធី​ច្បាប់ និង ពន្ធដារ​នៅក្នុង​តំបន់​នោះ​ផងដែរ​។ (​របៀប​នៃ​ការជ្រើសរើស​ទីតាំង នឹង​ចុះផ្សាយ​នៅពេល​ឆាប់ៗ​នេះ​)

​ជំហាន​ទី​៤: បង្កើត​ទុន​សម្រាប់​បើក​អាជីវកម្ម​

​ហិរញ្ញវត្ថុ ឬ ទុន​សម្រាប់​បើក​អាជីវកម្ម​អាច​មិនមែនជា​បញ្ហា​ប្រសិនបើ​អ្នកមាន​ប្រាក់ គ្រប់គ្រាន់​សម្រាប់​បើក​អាជីវកម្ម​របស់ខ្លួន​។ តែ​នៅមាន​ច្រក​ផ្លូវ​ជាច្រើន​ទៀត​ដែល​អ្នក​អាចបង្កើត​អាជីវកម្ម ទោះបីជា​គ្មាន​ប្រាក់​គ្រប់គ្រាន់ ដូចជា ខ្ចីប្រាក់ ពី​គ្រួសារ ឬ មិត្តភក្ដិ ធនាគារ ឬ អាច​ចូល​ហ៊ុន​គ្នា​ក៏បាន​។ អាន​លម្អិត​…

​ជំហាន​ទី​៥: កំណត់​ប្រភេទ​ក្រុមហ៊ុន​

​ក្រុមហ៊ុន​អាជីវកម្ម​របស់​អ្នក​អាចបែងចែក​ជាច្រើន​ប្រភេទ មាន​ជាអាទិ៍ ជា​ក្រុមហ៊ុន​ឯក​កម្មសិទ្ធិ (Sole Proprietorship) ជា​ក្រុមហ៊ុនសហកម្មសិទ្ធិ ( Partnership) ជា​ក្រុមហ៊ុន​ទទួលខុសត្រូវ​មានកំណត់ (Limited Liability Company-LLC) ជា​សាជីវកម្ម ឬ ជា​ស្ថាប័ន​មិន​ស្វែងរក​ប្រាក់ចំណេញ​។ អ្នក​ត្រូវ​កំណត់​ប្រភេទ​ក្រុមហ៊ុន​របស់​អ្នក​ឲ្យ​បាន​ច្បាស់ និង​ដោយ​ការទទួលខុសត្រូវ​។​

ជំហាន​ទី​៦: សុំ​អាជ្ញាប័ណ្ណ​បើក​អាជីវកម្ម​

​សម្រាប់​ប្រទេស​កម្ពុជា ការចុះ​អាជ្ញាប័ណ្ណ​អាច​ធ្វើឡើង​នៅក្នុង​ក្រសួងពាណិជ្ជកម្ម​។ ការសុំ​អាជ្ញាប័ណ្ណ​គឺ​ផ្នែក​មួយ​នៃ​ការទទួលស្គាល់ និង ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​របស់​អ្នក​អាច​ដំណើរការ​អាជីវកម្ម ដោយ​ស្របច្បាប់​។ នេះ​អាច​ការពារ​ហានិភ័យ​មួយចំនួន​ដូចជា​ការរំលោភ​កម្មសិទ្ធិ​បញ្ញា ព្រមទាំង​ចែង​ពី​កាតព្វកិច្ច និង​ទំនួល​ខុសត្រូវ​នានា​ដែល​អ្នក​ត្រូវបំពេញ​ជាមុន ដូចជា លក្ខខណ្ឌ​ការងារ បង់ពន្ធដារ​ជូន​រដ្ឋ​ជាដើម​។​

ជំហាន​ទី​៧: ស្វែងយល់​ទំនួល​ខុសត្រូវ​លើ​បុគ្គលិក​

​ការបំពេញ​បែបបទ​ខាងលើ​គ្រាន់តែ​ជា​ដង​វិថី​មួយ​បើក​ច្រក​ផ្លូវ​ឲ្យ សហគ្រិន​ទាំងអស់​អាច​ដំណើរការ​អាជីវកម្ម​មួយ​បាន​ត្រឹមត្រូវ​ស្របតាម នីតិវិធី​ច្បាប់​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្វី​ដែលជា​ជំហាន​បន្ទាប់​របស់​អ្នក​ក្នុងនាម​ជា​សហគ្រិន ឬ​ប្រធាន​ក្រុមហ៊ុន​គឺ​ត្រូវមាន​ទំនួល​ខុសត្រូវ​លើ​ស្ថានភាព​ទូទៅ​របស់ បុគ្គលិក​។ ការបង់ពន្ធ ប្រាក់ខែ ប័ណ្ណធានា​រ៉ាប់រង​សុខភាព និង​អត្ថប្រយោជន៍​ផ្សេងៗ​គឺ​សុទ្ធតែ​ទំនួល​ខុសត្រូវ​ដែល​សហគ្រិន​ត្រូវធ្វើ ដើម្បី​រក្សា​តុល្យភាព​ការងារ​រវាង​បុគ្គលិក និង និយោជក​ឲ្យ​ដើរ​រលូត​ទៅមុខ​បាន ក៏ប៉ុន្តែ​ប្រការ​ទាំងអស់នេះ​ត្រូវ​ធ្វើជា​ជំ​ហ៊ានៗ​។​ សូមបញ្ជាក់ថា ចំណុច​ទាំងនេះ​សហគ្រិន​ត្រូវតែ​ចេះ និង​យល់​ឱ្យបាន​ច្បាស់ ហើយ​អ្វីដែល​ពិសេស​បំផុត​នោះ​គឺ​ដឹង​ពី​ឱកាស​វាយ​លុយ​ទីផ្សារ​៕

ដោយ៖ BM
sources by : ann