Post Top Ad

Saturday, January 14, 2017

កន្លឹះទាំង​​ ១១​ យ៉ាង ដើម្បីអោយអាជីវកម្មរបស់លោកអ្នកនាពេលបច្ចុប្បន្នទទួលបានភាពជោគជ័យ


ការទទួលបានជោគជ័យ នៅក្នុងអាជីវកម្មនាពេលបច្ចុប្បន្ននេះ គឺមិនមែនជារឿងងាយស្រួលនោះទេ។ អ្នកត្រូវការមានភាពបត់បែនតាមកាលៈទេសៈ និងការរៀបចំផែនការឱ្យបានល្អប្រសើរ ប្រកបទៅដោយភាពឆ្លាតវៃ។ មានមនុស្សជាច្រើនបានចាប់ផ្តើម គិតពីអាជីវកម្មរបស់ពួកគេ ដោយចាប់ផ្តើមពីការបោះទុន ឬបណ្តាក់ទុន ដោយមិនបានគិតគូរឱ្យបាន ល្អិតល្អន់ម៉ត់ចត់ ឬខ្វះចន្លោះមិនគ្រប់ជ្រុងជ្រោយ ណាមួយឡើយ។
កត្តានេះបានធ្វើឱ្យប្រាក់កាស ដែលប្រើនៅក្នុងការបោះដើមទុន បើកអាជីវកម្មតែងជួបនឹងភាពបរាជ័យ ហើយដួលរលំទៅជាអាសារបង់ផងដែរ ប្រសិនណាបើអ្នកមិនបានធ្វើការឈ្វេងយល់ ឲ្យបានច្បាស់ទាក់ទងនឹងយុទ្ធសាស្រ្តជាដើម។
ប៉ុន្តែពេលនេះសូមកុំទាន់ បោះបង់ចោលការតាំងចិត្ត ព្រោះអ្នកអាចចៀសវាង ពីរឿងទាំងនេះបាន ព្រមទាំងអាចជួយផ្តួចផ្តើម ឱ្យអាជីវកម្មអ្នកមានដំណើរការ រលូនទៅមុខបានយ៉ាងល្អទៀតផង មិនថាតែការបើកអាជីវកម្មផ្ទាល់ខ្លួន តូចធំយ៉ាងណានោះឡើយ ដោយគ្រាន់តែអនុវត្តតាមគន្លឹះល្អៗខាងក្រោមនេះ៖



១.សរសេរផែនការ ឬគម្រោង
ធ្វើអ្វីក៏ដោយបើគ្មានផែនការច្បាស់លាស់ទេ នោះវាគ្រាន់តែជាសុបិនមួយ ដែលអ្នកបានដេកគិតតែប៉ុណ្ណោះ។ ជំហានដំបូង អ្នកត្រូវតែគិតពីគម្រោងមួយ ឲ្យច្បាស់លាស់ជាមុនសិន ឬហៅថា Outline ដើម្បីសរសេរ និងកត់ត្រានូវរាល់គម្រោងគ្រោងទុករបស់អ្នក រួមមានដូចជា យុទ្ធសាស្រ្ត ហិរញ្ញាប្បទាន ការលក់ចេញទិញចូល ឬផែនការទីផ្សារជាដើម -ល-។ អ្នកត្រូវតែធ្វើវា ព្រោះវាពិតជាចាំបាច់បំផុត ក្នុងការកត់ត្រាលើអាជីវកម្មមួយ។


២. ត្រូវមានការរៀបចំ
ត្រង់ចំណុចនេះ មិនខុសគ្នាប៉ុន្មានទៅនឹងចំណុចទី១ឡើយ។ ដើម្បីទទួលបានជោគជ័យនៅក្នុងអាជីកម្ម អ្នកត្រូវតែមានការរៀបចំមួយ ឲ្យបានយ៉ាងច្បាស់លាស់ជាទីបំផុត ព្រោះវាមិនមែនជារឿងលេងសើចឡើយ ក្នុងការប្រឡូកខ្លួនក្នុងវិស័យអាជីវកម្ម ឬមុខជំនួញមួយ ប្រសិនបើអ្នកគ្មានការរៀបចំច្បាស់លាស់។ វិធីសាស្រ្តដ៏ល្អមួយ ក្នុងការងារនេះ អ្នកត្រូវតែរៀបចំបង្កើតនូវបញ្ជី ឬតារាងការងារជាប្រចាំថ្ងៃផ្សេងៗ ហើយត្រូវធ្វើការត្រួតពិនិត្យតាមដាន ទៅលើតារាងបញ្ជី ដែលអ្នកបានរៀបចំឡើងជាប្រចាំនោះ។ ការធ្វើបែបនេះ វានឹងមិនធ្វើឲ្យអ្នកភ្លេច នូវរាល់ការងារណាមួយ ដែលអ្នកបានធ្វើនៅក្នុងអាជីវកម្មរបស់អ្នកឡើយ។


៣. រក្សាកំណត់ត្រាលំអិត
រាល់អាជីវកម្មដែលជោគជ័យទាំងអស់ គឺសុទ្ធសឹងតែធ្វើការរក្សាទុកនូវ កំណត់ត្រាព័ត៌មានពិស្តារ ស្តីពីអាជីវកម្មរបស់គេជានិច្ច។ ព្រោះថាការរក្សាទុកបែបនេះ វានឹងអាចធ្វើឲ្យអ្នកដឹង ពីស្ថានភាពនឹងនរ ឬបញ្ហាប្រឈមទាក់ទងនឹងផ្នែក ហិរញ្ញវត្ថុជាដើម និងបញ្ហាប្រឈមជាច្រើនផ្សេងៗទៀត ដែលនឹងអាចកើតឡើងជាយថាហេតុ។
ត្រង់ចំណុចនេះ វានឹងធ្វើឲ្យអ្នករៀនយល់អាជីវកម្មរបស់ខ្លួនឯងកាន់តែច្បាស់ ពីចំណុចវិជ្ជមាន និងអវិជ្ជមាន។ ហើយវានឹងផ្តល់ឲ្យអ្នក នូវពេលវេលាជាថ្មីម្តងទៀត ក្នុងការបង្កើតយុទ្ធសាស្រ្តប្រកួតប្រជែង បន្ទាប់ពីកំណត់ត្រារបស់អ្នក បង្ហាញថាមានភាពអវិជ្ជមានមួយកើតឡើង។ ដូច្នេះហើយការរក្សាទុក នូវកំណត់ត្រាលំអិតណាមួយក្នុងអាជីវកម្ម វាពិតជាផ្តល់មកនូវសារៈសំខាន់ ខ្លាំងណាស់សម្រាប់អ្នក។

៤. វិភាគលើប្រជែងការប្រកួត (ប្រៀបធៀបជាមួយនឹង ដៃគូប្រកួតប្រជែង)
ការប្រកួតប្រជែង គឺជាកត្តាជំរុញមួយ ដែលអាចផ្តល់ឲ្យអ្នកទទួលបាននូវ លទ្ធផលដ៏ល្អមួយគួរជាទីគាប់ចិត្ត។ ដើម្បីទទួលបានភាពជោគជ័យក្នុងជីវកម្ម អ្នកមិនត្រូវមើលរំលង ដៃគូប្រកួតប្រជែងរបស់អ្នកឡើយ។ ពោលអ្នក អ្នកមិនត្រូវខ្លាចការរៀនសូត្រ ពីដៃគូប្រកួតប្រជែងនោះទេ។ ហើយអ្វីដែលអ្នកបានឆ្លងកាត់ សិក្សា និងដឹងច្បាស់ពីដៃគូប្រកួតប្រជែង ឬហៅថា «បទពិសោធន៍» ដែលទទួលបាននោះ នឹងផ្តល់ឲ្យអ្នកឃើញនូវអ្វី ដែលជាភាពត្រឹមត្រូវមួយ ដើម្បីយកមកកសាងដុះខាត់ នៅក្នុងអាជីវកម្មរបស់អ្នក ដើម្បីទទួលបានភាពរីកចម្រើន តទៅមុខទៀតផងដែរ។

៥. សិក្សា ឬ យល់ឲ្យច្បាស់ពីហានិភ័យ និងប្រាក់រង្វាន់
គន្លឹះក្នុងការទទួលបានជោគជ័យ គឺត្រូវធ្វើការគណនា ពីហានិភ័យដែលអាចកើតមានឡើង ដើម្បីជួយដល់ការលូតលាស់ នៃអាជីវកម្មរបស់អ្នក។ សំណួរដែលល្អបំផុត ដែលអ្នកគួរតែសួរខ្លូនឯងនោះ ថាតើអ្វីជាការធ្លាក់ចុះនៃអាជីវកម្ម? ប្រសិនបើអ្នកអាចឆ្លើយ នូវសំណួរមួយនេះបាន គឺមានន័យថាអ្នកដឹងពីចំណុចអវិជ្ជមានហើយ។

៦. រៀនពីកំហុស
រៀនពីកំហុសរបស់អ្នក ហើយចៀសវាងការបង្កើតកំហុសដដែលៗ។ ត្រូវដោះស្រាយរាល់វិបត្តិ ឬបញ្ហាទាំងអស់ ហើយចាត់ទុកវាថាជាកាលានុវត្តភាពមួយ ដើម្បីរៀនពីវានិងអនុវត្តទៅថ្ងៃក្រោយ។


៧. ត្រូវមានគំនិតច្នៃប្រឌិត
ត្រង់ចំនុចនេះផងដែរ អ្នកត្រូវតែចេះស្វែងរកវិធីសាស្រ្ត ដើម្បីកែលម្អក្នុងដំណើរការអាជីវកម្មរបស់អ្នក ប្រកបដោយសក្តានុពល និងធ្វើវាឲ្យមាន ភាពលេចធ្លោ ដែលកើតចេញពីការប្រកួតប្រជែង។ ចាត់ទុកខ្លួនឯងថា អ្នកមិនចេះមិនដឹងនូវអ្វីគ្រប់យ៉ាង ហើយរៀនបើកចំហចិត្ត ទទួលយកគំនិតថ្មី និងយុទ្ធសាស្រ្តថ្មីពីអ្នកដទៃ ឬខ្លួនឯងជាថ្មីបន្តទៀត ដើម្បីជោគជ័យក្នុងអាជីវកម្ម។

៨. ផ្ចង់ស្មារតី ឬផ្តោតការយកចិត្តទុកដាក់
ដូចពាក្យមួយគេថា «ចង់កសាងទីក្រុងមួយ មិនមែនធ្វើតែមួយថ្ងៃហើយទេ» ចំពោះទស្សនៈនេះ អ្នកត្រូវតែយកវាមកគិត ដើម្បីមកបំផុសគំនិតខ្លួនឯង។ ពោល មានន័យថា អ្នកទើបតែបើកអាជីវកម្មមួយតែប៉ុណ្ណោះ មិនមែនមានន័យថា អ្នកចាប់ផ្តើមមុខជំនួញភ្លាម ហើយចង់បានប្រាក់ ឬផលចំណេញមកវិញភ្លាមៗ តាមតែចិត្តនឹកឃើញចង់បាន របស់អ្នកនោះទេ។ ព្រោះថា វាត្រូវចំណាយរយៈពេលយូរណាស់ ដើម្បីឲ្យអ្នកដទៃស្គាល់ថា អ្នកជានរណាឲ្យពិតប្រាកដ? ឬអាចនិយាយបានថា វាត្រូវចំណាយរយៈពេលយូរ ដើម្បីឲ្យអតិថិជនស្គាល់ពីក្រុមហ៊ុន ឬការរកស៊ីរបស់អ្នក ថាតើអាជីវកម្មរបស់អ្នក មានលក្ខណៈបែបណាផងដែរឲ្យពិតប្រាកដ ដែលអាចឲ្យគ្រប់គ្នាជឿទុកចិត្តបាន។
ដូច្នេះអ្នកត្រូវតែបន្តការផ្តោតយកចិត្តទុកដាក់ លើសមិទ្ធិផលដែលអ្នកទទួលបាន ក្នុងពេលបច្ចុប្បន្នជាមុនសិន ឬអាចនិយាយបានថា បន្តការផ្តោតយកចិត្តទុកដាក់ លើសមិទ្ធិផល ដើម្បីសម្រេចបាននូវគោលដៅ រយៈខ្លីនាថ្ងៃអនាគតរបស់អ្នកផងដែរ។

៩. ផ្តល់នូវសេវាកម្មល្អប្រសើរ ជូនដល់អតិថិជន
កន្លងមកក៏ធ្លាប់មានអាជីវកម្ម ដែលទទួលបានជោគជ័យមួយចំនួន ភ្លេចខ្លួនគិតពីសារៈសំខាន់ ក្នុងការផ្តល់សេវាកម្មដ៏ល្អប្រសើរមួយ ជូនអតិថិជនរបស់ខ្លួនផងដែរ។ ទោះបីជាយ៉ាងណាក្តី ត្រង់ចំណុចនេះ ប្រសិនណាបើអ្នកជាម្ចាស់អាជីវកម្ម ចេះផ្តល់នូវសេវាកម្មមួយ ប្រកបដោយភាពល្អដ៏ប្រសើរ ជូនដល់អតិថិជនរបស់ខ្លួននោះ នោះពួកគេនឹងមានភាពទោរទន់ បន្តរត់មករកអ្នកម្តងហើយម្តងទៀត នៅពេលក្រោយៗទៀត ជាក់ជាពុំខាន។ កុំភ្លេចនូវអ្វីដែលត្រូវផ្តល់ឲ្យ អតិថិជនមួយទៀតនោះ គឺភាពរួសរាយរាក់ទាក់ ប្រកបដោយស្នាមញញឹម ជាមួយនឹងភាសានិយាយពិរោះពិសាផងដែរ។



១០. ត្រូវមានភាពបត់បែន
មនុស្សម្នាក់មិនដែលមានគំនិតល្អឥតខ្ចោះ ដើម្បីធានាបានថា អាចទទួលបានជោគជ័យ នៅក្នុងមុខជំនួញឡើយ។ អ្នកត្រូវតែរៀនសម្របខ្លួន ទៅតាមតម្រូវការបច្ចុប្បន្ន និងទទួលយកគំនិតពីអ្នកដទៃ។ មានពេលខ្លះ អ្នកខ្លួនឯងផ្ទាល់ត្រូវតែមានភាពលះបង់ខ្លះផងដែរ។ ជាក់ស្តែងដូចជាដឹកទំនិញ ឬផ្តល់សេវាកម្ម ទៅដល់ដៃអតិថិជនដោយផ្ទាល់ជាដើម។ ដូច្នេះភាពបត់បែន គឺពិតជាមានសារៈសំខាន់ណាស់ ។

១១. ភាពរឹងប៉ឹង ឬស្ថេរភាព
ភាពរឹងប៉ឹង ឬស្ថេរភាព គឺជាផ្នែកមួយដ៏សំខាន់បំផុត ក្នុងការបង្កើតប្រាក់ចំណូល នៅក្នុងដំណើរការអាជីវកម្មរបស់អ្នក។ អ្នកគួរតែបន្តរក្សាការធ្វើអ្វីមួយ ដែលជារឿងចាំបាច់នៅក្នុងអាជីវកម្មរបស់ខ្លួន ដោយត្រូវចេះក្រឡេកមើល នូវបរិយាកាសខាងក្រៅនិងខាងក្នុង។ បង្កើតទម្លាប់ធ្វើអ្វីមួយ ដែលជាភាពវិជ្ជមាន វានឹងជួយអ្នកឲ្យទទួលបាន នូវប្រាក់ចំណូលសមប្រកប ត្រឡប់មកវិញក្នុងរយៈពេលវែងផងដែរ។
Add caption


ប្រភព៖investopedia