Post Top Ad

Friday, January 20, 2017

​​ ប៉ះគ្នាទៀតហើយ Spurs​ ជាមួយ Man City នៅចុងសប្តាហ៏នេះ


លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham Hotspur ចង់ឲ្យកីឡាកររបស់លោក បង្ហាញពីភាពខ្លាំងរបស់ពួកគេក្នុងនាមជាបេក្ខភាពប្រជែងដណ្តើមពាន Premier League ក្នុងការប្រកួតដ៏សំខាន់នៅថ្ងៃសៅរ៍នេះជាមួយនឹងក្រុមធ្លាក់ទម្រង់លេង Manchester City របស់លោក Pep Guardiola។

ក្រុម Tottenham បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ២ នៅលើតារាងកាលពីចុងសប្តាហ៍មុន តាមរយៈការផ្តួលក្រុម West Bromwich ក្នុងលទ្ធផល ៤-០ និងកំពុងតែស្រេកឃ្លានក្នុងការកត់ត្រាជ័យជម្នះក្នុងការប្រកួតលីកជាលើកទី៧ជាប់ៗគ្នារបស់ពួកគេជាលើកទី១បើគិតចាប់តាំងពីឆ្នាំ១៩៦៧។ ដោយឡែក ក្រុម Man City បានចាញ់ក្នុងលទ្ធផលដូចគ្នានេះនៅលើទឹកដីក្រុម Everton ប៉ុន្តែ លោក Pochettino មានការខ្វល់ខ្វាយទៅលើការនាំមុខ៧ពិន្ទុរបស់ក្រុម Chelsea ជាងគម្លាត៦ពិន្ទុដែលក្រុមរបស់លោកកំពុងតែនាំមុខលើក្រុមរបស់លោក Guardiola។


លោកបានប្រាប់អ្នកយកព័ត៌មាននៅឯការិយាល័យ Lilywhite House របស់ក្លិប Tottenham កាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងត្រូវតែព្យាយាមបង្ហាញថា យើងអាចជាបេក្ខភាពដ៏ពិតប្រាកដសម្រាប់ប្រជែងពាន Premier League។ នោះគឺជាការប្រជែងដ៏ពិតប្រាកដ។ វាកាន់តែសំខាន់ទៅទៀតដែលយើងអាចបង្ហាញពីភាពខ្លាំងរបស់យើង ជាងការបង្ហាញឲ្យតែក្រុម Manchester City ឃើញ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងត្រូវតែបង្ហាញថា យើងមានសមត្ថភាពក្នុងការដោះស្រាយជាមួយនឹងសម្ពាធនោះ និងត្រូវតែដណ្តើមយកជ័យជម្នះដើម្បីសម្រេចបាននូវសមិទ្ធផលធំៗ។
ខ្ញុំគិតថា វាមិនសំខាន់ទេនៅថ្ងៃនេះចំពោះគម្លាតដែលយើងអាចនាំមុខពីលើ Man City»។ Man City កត់ត្រាជ័យជម្នះពីការប្រកួតក្នុងលីកទាំង៦លើកដំបូងរបស់ពួកគេក្រោមការដឹកនាំរបស់លោក Guardiola នៅមុនពេលចាញ់ ២-០ នៅលើទឹកដី White Hart Lane ក្នុងពេលក្រុមទាំងពីរជួបគ្នាកាលពីខែតុលា ហើយពួកគេមិនបានធ្លាក់ចុះទម្រង់លេងរហូតចាប់តាំងពីពេលនោះមក។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១២:៣០រំលងអធ្រាត្រ៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ៖
02.10.16 Tottenham 2-0 Manchester City
14.02.16 Manchester City 1-2 Tottenham
26.09.15 Tottenham 4-1 Manchester City
ប្រភព៖sport