Post Top Ad

Saturday, February 25, 2017

ប្រជាជន​មួយចំនួន​របស់​បារាំងចង់​ឲ្យBarack Obama ឈរឈ្មោះ​ជា​ប្រធានាធិបតី​បារាំង​?

ប្រជាជន​បារាំង​មួយចំនួន​បាននាំគ្នា​ចាប់ផ្តើម​យុទ្ធនាការ​មួយ​ប្រមូល​ញ្ញត្តិ​ដើម្បី​ស្នើ​ឲ្យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ឈរឈ្មោះ​ជា​ប្រធានាធិបតី​បារាំង​។​ប្រជាជន​ជន​ទាំងនោះ​ចង់បាន​បេក្ខជន​អតីត​ប្រធានាធិបតី​អាមេរិក​នេះ ដោយសារតែ​ការបោះឆ្នោត​នៅ​បារាំង​ហាក់​មានតែ​បេក្ខជន​ដែល​រួមរឹត​ដោយ​រឿងអាស្រូវ​និង​សំណុំរឿង​ចម្រូងចម្រាស​ឈរឈ្មោះ​ជា​ប្រ​ធានា​ធីប​តី​។​




យុទ្ធនា​ការប្រមូល​ញ្ញត្តិ​មាន​ឈ្មោះថា Obama17 ត្រូវបាន​គេ​ចាប់ផ្តើម​ឡើង​នៅ​ដើម​សប្តាហ៍​នេះ​នៅ​ប្រទេស​បារាំង​។ ចលនា​នេះ​មាន​គោលដៅ​សំខាន់បំផុត​ប្រមូល​ញ្ញត្តិ​ឲ្យ​បាន ១​លាន​ដើម្បី ស្នើ​និង​គាំទ្រ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ឲ្យ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​បារាំង​ក្នុងការ​បោះឆ្នោត ២០១៧​នេះ​។​

​យោងតាម​គេហទំព័រ​ផ្លូវការ​នៃ​យុទ្ធនាការ គេ​ចាត់ទុក​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ជា​អ្នកនយោបាយ​មាន​សមត្ថភាព​បំផុត​ម្នា​ក់លើ​ពិភពលោក​សម្រាប់​កាន់តំណែង​ប្រធានាធិបតី​បារាំង ខណៈដែល​អ្នករៀបចំ​យុទ្ធនាការ​នេះ​ហាក់​មើលឃើញ​អ្នកនយោបាយ​បារាំង​ដែល​ឈរឈ្មោះ ជា​អ្នកនយោបាយ​មិនមាន​សមត្ថភាព​។

​គេហទំព័រ​ផ្លូវការ​នៃ​យុទ្ធនា​ការប្រមូល​ញត្តិ​នោះបាន​បញ្ជាក់​ដូច្នេះ​ថា​៖ «​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បំពេញការងារ​ក្នុង​អណ​ត្តិ​ទី​២​ជា​ប្រធានាធិបតី​អាមេរិក​កាលពី​ថ្ងៃ ២១​មករា​។ ចុះ​ហេតុអ្វី​យើង​មិន​ជួល​លោក​ឲ្យ​មក​ធ្វើជា​ប្រធានាធិបតី បារាំង​?»​។

​ក្រុម​រៀបចំ​យុទ្ធនាការ​នេះ មាន​គម្រោង​ប្រមូល​ញត្តិ​ឲ្យ​បាន​មួយ​លាន ឲ្យ​បាន​មុន​ថ្ងៃ ១៥​មីនា​នេះ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ព្រម​ទទួល​សំណើរ​និង​ចូលរួម​ប្រកួត​យក​តំណែង​នៅ​ខែឧសភា​ខាងមុខ​។ គេ​មិនដឹង​ច្បាស់​ថា យុទ្ធនាការ​នេះ​នឹងមាន​អ្នកចូលរួម​ច្រើន​កម្រិតណា ហើយ​លទ្ធភាព​នៃ​ការស្នើ​ឲ្យ​អតីត​ប្រធានាធិបតី​អាមេរិក​ឲ្យ​ឈរឈ្មោះ​ជា​មេដឹកនាំ​បារាំង​នោះ​អាច​សម្រេច​ជោគជ័យ​ឬ​អត់​ឡើយ​។​

​សូមបញ្ជាក់​បន្តិច​ការ​បោះឆ្នោត​បារាំង នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃ ២៣ មេសា​ខាងមុខ ប៉ុន្តែ​ជុំ​ទី​២​នឹងត្រូវ​រៀបចំ​ជា​បន្តបន្ទាប់​នៅ​ដើមខែ​ឧសភា​។ តាមពិតទៅ​មូលហេតុ​សំខាន់​ដែល​ជំរុញ​ឲ្យ​ប្រជាជន​បារាំង​នឹកឃើញ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​និង​ចង់​ឲ្យ​លោក​មក​ដឹកនាំ​បារាំង ដោយសារ​ការបោះឆ្នោត​ឆ្នាំនេះ ប្រជាជន​បារាំង ហាក់​រក​មិនឃើញ​បេក្ខជន​ល្អ​ដែល​ខ្លួន​ត្រូវ​ជ្រើសរើស​ឡើយ​។

​បេក្ខជន​ម្នាក់ៗ​ស្ទើរ​តែមាន​ជាប់​ពាក់ព័ន្ធ​រឿងអាស្រូវ​ទាំងអស់ ហើយ​អ្វីដែល​សំខាន់​បេក្ខជន​ខ្លះ​មាន​និន្នាការ​ជ្រុលនិយម​ដែល​អាចធ្វើ​ឲ្យ​ប្រទេស​បារាំង​ធ្លាក់​ក្នុង​បញ្ហា​បាន​។ ជា​ឧទាហរណ៍​ជាក់ស្តែង​លោក ប្រធាន​គណបក្ស​រណសិរ្ស​ជាតិ​លោកស្រី Marine Le Pen ដែលមាន​និន្នាការ​ស្តាំនិយម​ជ្រុល​និង​ជា​អ្នកប្រឆាំង​សហភាព​អឺរ៉ុប​។ ចំណែក​បេក្ខជន​ផ្សេងទៀត​ដែលមាន​មុខមាត់​ដូចជា​លោក Emanuel Macron និង​លោក François Fillon ឯណោះ​វិញ​រួមរឹត​ដោយ​រឿងអាស្រូវ និង​បាន​បាត់បង់​ប្រជាប្រិយ​ភាពខ្លាំង​ថែម​ទៀតផង​៕

ប្រភព៖ Metro