(កីឡា)៖ កម្មវិធីប្រកួតបាល់ទាត់លីគកំពូលកម្ពុជា រដូវកាលថ្មីនាចុងសប្ដាហ៍នេះ(២៦-០២-២០១៧) ភាគច្រើនសុទ្ធសឹងតែជាជំនួបរវាងក្រុមខ្លាំង ប៉ះខ្លាំង ពោលគឺក្រុមលំដាប់កំពូលរដូវកាលឆ្នាំ២០១៦ ចំនួន ៦ក្រុម (Top-6) នឹងត្រូវជួបគ្នាប្រចាំសប្ដាហ៍ទី២ លើទីលានចំនួន ២ផ្សេងគ្នា គឺពហុកីឡដ្ឋានជាតិ និងពហុកីឡដ្ឋានស្តាតចាស់។
យោងតាមកម្មវិធីប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) សម្រាប់ថ្ងៃទី២៥ ខែកុម្ភៈស្អែកនេះ គឺមាន ៣ប្រកួត ក្នុងនោះក្រុមក្រសួងការពារជាតិ ដែលជាជើងឯករងឆ្នាំចាស់ ត្រូវជួបក្រុមចំណាត់ថ្នាក់លេខ៦ Cambodian Tiger នៅពហុកីឡដ្ឋានស្ដាតចាស់។ ចំណែកក្រុមចំណាត់ថ្នាក់លេខ៣ ណាហ្គាវើល ត្រូវជួបក្រុមចំណាត់ថ្នាក់លេខ៥ ភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិ។ រីឯ១ប្រកួតទៀត គឺក្រុមវេស្ទើន បើកទ្វារកីឡដ្ឋានរបស់ខ្លួន ទទួលក្រុមគិរីវង់សុខសែនជ័យ មកពីខេត្តតាកែវ។
ដោយឡែកនៅថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈនេះវិញ គឺមាន ៣ប្រកួតដូចគ្នា ពិសេសគឺក្រុមការពារតំណែងជើង ឯកបឹងកេតអង្គរ ត្រូវជួបក្រុមចំណាត់ថ្នាក់លេខ៤ ឆ្នាំចាស់ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិ គ្រាដែល ២ប្រកួតទៀត រួមមានក្រុមអាស៊ីអឺរ៉ុប ជួបក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា នៅពហុកីឡដ្ឋានស្ដាតចាស់ និងក្រុមអគ្គិសនីកម្ពុជា (EDC) បើទ្វារកីឡដ្ឋានខេត្តស្វាយរៀង ទទួលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ៕
ខាងក្រោមនេះជាតារាងពិន្ទុបណ្តោះអាសន្នសម្រាប់សប្តាហ៍ទី១៖
ដោយ៖ CC
ប្រភព៖ khmertalking