ខ្ញុំជាក្មេងម្នាក់មកពីស្រុកស្រែ។ ដោយសារជីវភាពគ្រួសារខ្ញុំមិនសូវល្អ ខ្ញុំក៏បានរៀនចប់ត្រឹមថ្នាក់បាក់ឌុប។ ក្រោយពីរៀនចប់វិទ្យាល័យ ខ្ញុំក៏ចេញមកធ្វើការដោយប្រើកម្លាំងទាំងស្រុង ហើយជារឿយៗខ្ញុំធ្វើការថែមម៉ោងរហូតដល់យប់។
ដោយសារខ្ញុំត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ដូច្នេះក៏មិនសូវមានឱកាសបានស្គាល់មនុស្សស្រីប៉ុន្មានទេ ហើយមិត្តស្រីដំបូងរបស់ខ្ញុំគឺបានស្គាល់គ្នាតាមការណែនាំរបស់មិត្តភ័ក្ដិ។
នាងគឺជានិស្សិតរៀននៅមហាវិទ្យាល័យមួយកន្លែងក្នុងខេត្តដែលខ្ញុំរស់នៅ។ ពេលយើងស្គាល់គ្នាកាលនោះ ចាត់ទុកថាជាព្រេងនិស្ស័យក៏ថាបាន ដោយពួកយើងទាំងពីរមានចិត្តចាប់អារម្មណ៍លើគ្នាទៅវិញទៅមក ហើយក៏រាប់គ្នាជាសង្សាររហូតមកដល់សព្វថ្ងៃ។
ពេលនៅរៀនមហាវិទ្យាល័យ នាងគឺជាមនុស្សស្រីដែលល្អ និងខ្វល់ខ្វាយពីអារម្មណ៍របស់ខ្ញុំមែនទែន សូម្បីតែពេលចេញញ៉ាំបាយជាមួយគ្នា នាងក៏មិនសូវចង់ទៅជាមួយខ្ញុំឡើយ ព្រោះបើបានជួបគ្នាពេលណា ខ្ញុំនឹងជាអ្នកប៉ាវនាងរហូត ទើបនាងមិនចង់ជួប ដោយមិនចង់ឲ្យខ្ញុំត្រូវចាយលុយច្រើន។
ខ្ញុំចាប់ផ្ដើមស្រឡាញ់នាងកាន់តែខ្លាំង។ ក្រោយពីនាងរៀនចប់ នាងបានទៅរកការងារធ្វើ ហើយពីពេលនោះមកចរិតរបស់នាងក៏ចាប់ផ្ដើមប្រែប្រួល។ ការងាររបស់នាងពីមួយថ្ងៃទៅមួយថ្ងៃចេះតែមានបញ្ហាជានិច្ច ទាំងបញ្ហាជាមួយការងារក៏មាន បញ្ហាជាមួយអ្នករួមការងារក៏មាន បញ្ហាជាមួយមេក៏មាន។ ចុងក្រោយខ្ញុំក៏សម្រេចចិត្ត ប្រាប់ឲ្យនាងឈប់ធ្វើការ ហើយខ្ញុំនឹងចិញ្ចឹមនាងដោយខ្លួនឯង។
ពេលនោះនាងរំជួលចិត្តយ៉ាងខ្លាំង ប៉ុន្តែអ្នកណាទៅដឹងថាការដែលខ្ញុំត្រូវរកលុយចិញ្ចឹមនាងក៏បែរជាចំណុចចាប់ផ្ដើមបញ្ហាក្នុងគ្រួសាររបស់យើង។ ក្រោយពីខ្ញុំរកលុយចិញ្ចឹមនាង នាងក៏នៅផ្ទះរហូតដល់ធុញ មិនដឹងថាត្រូវធ្វើអ្វី ក៏ចេញទៅដើរទិញឥវ៉ាន់រហូត។ ពេលចេញពីផ្ទះម្ដងៗ នាងចាយលុយអស់ជាច្រើន។
ខ្ញុំបានតឿននាងពីរដង ប៉ុន្តែលើកចុងក្រោយនាងក៏និយាយថា នេះជាកំហុសរបស់ខ្ញុំ ដែលខ្ញុំរកលុយឲ្យនាងចាយមិនគ្រប់ ថែមទាំងនិយាយដាក់ខ្ញុំទៀតថាហេតុអ្វីសង្សារមិត្តរបស់នាងអាចរកលុយឲ្យសង្សារគេចាយមិនដែលដាច់។
ដោយសារតែស្រឡាញ់ ខ្ញុំក៏ចេះតែទ្រាំរហូតមកដល់ថ្ងៃ តែក៏ស្មានមិនដល់ថាក្រោយពីនោះមិនយូរប៉ុន្មាន នាងក៏សុំខ្ញុំបែកគ្នាទាំងគ្មានរឿងអ្វីសោះ។ ខ្ញុំព្យាយាមទប់អារម្មណ៍ ហើយក៏សួរហេតុផលថាហេតុអ្វីនាងចង់បែកគ្នាជាមួយខ្ញុំ។
នាងប្រាប់ថា ព្រោះខ្ញុំក្រ ធ្វើការយូរហើយ មិនឃើញមានអ្វីរីកចម្រើនក្នុងជីវិតសោះ។ នាងសើចចំអកខ្ញុំ ព្រមទាំងនិយាយថា "សម័យនេះ ស្អីក៏ដោយក៏ត្រូវប្រើលុយដែរ បើបងមានលុយទើបអ្នកផ្សេងគេគោរពបង តែឥលូវនេះបងគ្មានស្អីក្នុងខ្លួនទេ"។ នាងនិយាយទាំងខឹងច្រឡោត ឯខ្ញុំបានត្រឹមតែញញឹមស្ងួតៗដាក់នាង ហើយនាងក៏និយាយទៀតថា "នៅមានមុខមកញញឹមដាក់ខ្ញុំទៀត!”
ខ្ញុំមិនបាននិយាយអ្វីតបទៅនាងទាំងអស់ ហើយក៏ដើរទៅយកសៀវភៅធនាគារសន្សំប្រាក់ដែលខ្ញុំព្យាយាមរកមកស្ទើរមួយជីវិតមកឲ្យនាងមើល។ ពេលនាងឃើញតួលេខក្នុងសៀវភៅហើយ ទើបគាំងនិយាយលែងចេញ។ នាងប្រញាប់ប្ដូរទឹកមុខភ្លាមៗ និងនិយាយជាមួយខ្ញុំដោយទន់ភ្លន់ជាងមុនថា "ហេតុអីបានជាបងមានលុយច្រើនដល់ថ្នាក់នេះ?”។ ខ្ញុំក៏ឆ្លើយតបទៅវិញថា "មួយរយៈនេះដែលខ្ញុំត្រលប់មកផ្ទះវិញយប់ជ្រៅញឹកញាប់ ព្រោះខ្ញុំទៅរៀនពីការបណ្ដាក់ទុនរកស៊ីទៅអនាគត ដើម្បីសន្សំលុយទុកសម្រាប់រៀបចំពិធីមង្គលការរបស់យើង ប៉ុន្តែ... វាប្រហែលជាគ្មានថ្ងៃនោះកើតឡើងទៀតទេ"។
នាងប្រញាប់លុតជង្គង់សុំទោសខ្ញុំ ព្រមទាំងនិយាយថា "មិញអូនគ្រាន់តែនិយាយលេងទេ អូននៅតែស្រឡាញ់បងដូចដើម"។ ខ្ញុំឃើញរូបភាពនេះ ក៏ដឹងច្បាស់ក្រឡែតថានេះជាការសម្ដែងដ៏ប៉ិនប្រសប់របស់នាង ទើបប្រាប់ឲ្យនាងប្រញាប់រៀបចំឥវ៉ាន់រួចហើយចុះចេញពីផ្ទះខ្ញុំ។
“ទេអូនអត់ទៅទេ អូនសុំទោសដែលយល់ច្រឡំលើបង អូនមិនដែលដឹងឡើយថាបងសន្សំលុយបានច្រើនយ៉ាងនេះ ទើបអូន...”
“ចេញឲ្យបាត់ពីផ្ទះខ្ញុំទៅ ខ្ញុំលែងចង់ឃើញមុខនាងទៀតហើយ"
នាងអង្គុយលុតជង្គង់សុំអង្វរឲ្យខ្ញុំលើកលែងទោសរយៈពេលជាយូរ ប៉ុន្តែទីបំផុតនាងក៏សុខចិត្តចុះចេញតាមសម្រួល។
ចាត់ទុកថានេះជាសំណាងល្អរបស់ខ្ញុំ ដែលខ្ញុំនៅមិនទាន់ឲ្យចិញ្ចៀនពេជ្រដែលខ្ញុំលួចទិញទុកដើម្បីសុំនាងរៀបការ ពុំដូច្នោះទេខ្ញុំអាចនឹងស្ដាយក្រោយអស់មួយជីវិត បើសិនជាត្រូវរៀបការជាមួយមនុស្សស្រីម្នាក់នេះ ៕
ប្រភព៖ Kanha