ភ្នំពេញៈ ស្ថាប័នអប់រំ និងសាកវិទ្យាល័យជាង ១០ ដែលជាស្ថាប័នផ្ដល់ការអប់រំ និងជំនាញវិជ្ជាជីវៈកម្រិតស្ដងដានៅប្រទេសឥណ្ឌា នឹងមកពិព័រណ៌ការអប់រំឥណ្ឌានៅកម្ពុជា (India Education Fair) ចាប់ពីថ្ងៃទី ២៨-២៩ ខែមីនា ឆ្នាំ២០១៧ ពីម៉ោង ១០ព្រឹកដល់ម៉ោង ៦ល្ងាច នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន ដើម្បីផ្ដល់ឱកាសដល់និស្សិតកម្ពុជាដែលមានមហិច្ឆិតាចង់ចាប់យកការសិក្សាកម្រិតនៃការអប់រំស្ដងដាខ្ពស់នៅប្រទេស ឥណ្ឌា។
ពិព័រណ៌នេះ ធ្វើឡើងក៏ដើម្បីផ្ដល់ព័ត៌មានចំពោះការសិក្សាផ្សេងៗនៅប្រទេសឥណ្ឌា ឲ្យទាន់ពេលវេលា ដល់សិស្ស-និស្សិតកម្ពុជា រួមជាមួយនឹងការលើកកម្ពស់ការអប់រំនៅប្រទេស ឥណ្ឌា និងមានបំណងជួយសម្រេចក្ដីសុបិន្តដល់សិស្ស-និស្សិតកម្ពុជា ដែលចង់បន្ដការសិក្សាលើជំនាញរបស់ពួកគេនៅឥណ្ឌា។
លោក Sanjay Thapa នាយកគ្រប់គ្រង Sape Events & Media Pvt Ltd ដែលទទួលបានការគាំទ្រពីស្ថានទូតឥណ្ឌាប្រចាំកម្ពុជាចំពោះការធ្វើពិព័រណ៌នេះ បានថ្លែងថា ពិព័រណ៌នេះ បានផ្ដល់ឱកាសដល់ និស្សិតកម្ពុជា ឲ្យទទួលបានព័ត៌មាន ចំពោះការចំណាយផ្សេងៗ និងតម្រូវការច្បាស់លាស់ អំពីការបន្ដការសិក្សានៅប្រទេស ឥណ្ឌា រួមជាមួយនឹងការផ្ដល់ជំនួយឧបត្ថម្ភបន្ថែមនាពេលបច្ចុប្បន្នដល់និស្សិត។
«សិស្ស-និស្សិត ក៏អាចទាញយកឱកាសនៃការចូលរួមក្នុងពិព័ណ៌នេះ ដើម្បីចាប់យកឱកាសនៃការសិក្សាអាហារូបករណ៍នៅប្រទេសឥណ្ឌាផងដែរ»។
ក្នុងឱកាសនៃពិព័រណ៌ការអប់រំឥណ្ឌានេះ សិស្ស-និស្សិត អាចទទួលបានឱកាសស្វែងយល់ និងវាយតម្លៃ ពីកម្រិតនៃការសិក្សា ជំនាញវិជ្ជាជីវៈ និងជំនាញជាច្រើនដូចជា ជំនាញនៃការផ្សព្វផ្សាយ គំនូរជីវចល ជីវបច្ចេកវិទ្យា ការបណ្ដុះបណ្ដាលជំនាញកុំព្យូទ័រ វិស្វកម្ម ការរចនាម៉ូដ បច្ចេកវិទ្យាភាពយន្ដ ជំនាញហិរញ្ញវត្ថុ ការរចនាក្រាហ្វិក ជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៌ ឱសថសាស្រ្ដ ការស្រាវជ្រាវ ជំនាញលក់ និងការទំនាក់ទំនង ការគ្រប់គ្រង ច្បាប់ និងមានជំនាញជាច្រើនផ្សេងទៀត ។
លោក Sanjay Thapa បានឲ្យដឹងទៀតថា «សិស្សដែលទើបបញ្ចប់ការសិក្សា ជាទូទៅតែងតែមានការលំបាកចំពោះការជ្រើសរើសអាជីពរបស់ពួកគេ។ ជម្រើសដែលជាទម្លាប់របស់ពួកគេមានដូចជា ឱសថសាស្រ្ដ វិស្វកម្ម ជាដើម។ ប៉ុន្ដែជំនាញទាំងនេះ មិនទាន់សម័យនោះទេ ព្រោះមិនមានភាពឆ្នៃប្រឌិតថ្មីនឹងចេះតែកើតមានឡើងជាបន្ដបន្ទាប់ ខណៈចំណេះដឹងរបស់អាណាព្យាបាលសិស្សនៅមានកម្រិត។ ដូច្នេះពិព័រណ៌នេះ បានក្លាយទៅជាប្រយោជន៍ នៃការតម្រង់ទិសដល់សិស្ស និងអាណាព្យាបាលរបស់ពួកគេ»។
ពិព័រណ៌នេះក៏បានផ្ដល់ឱកាសដល់អ្នកចូលរួមក្នុងការចាប់រង្វាន់ឈ្នះ Tabs, Ipods និងរង្វាន់ផ្សេងៗជាច្រើនទៀត៕ប្រភព៖postkhme