(ភ្នំពេញ)៖ ខុសប្លែកពីអ្នកសិល្បៈដទៃ តារាចម្រៀងរាងតូចច្រឡឹង កញ្ញា រតនៈ ពិសី បានបង្ហាញពីទឹកចិត្តគួរឲ្យស្ញប់ស្ញែង ចំពោះកុមារកំព្រា និងក្មេងអនាថា ដោយនាងបានយកថ្ងៃខួបកំណើតរបស់ខ្លួន (នៅថ្ងៃទី១៥ ខែមីនានេះ) រៀបចំអាហារយ៉ាងឆ្ងាញ់ពិសារ ជូនដល់ក្មេងកំព្រា ដែលមកពីអង្គការមួយ នៅម្ដុំក្រុងតាខ្មៅ ចំនួន៣០ នាក់ ដើម្បីទទួលទានអាហារ និងភេសជ្ជៈ ក្នុងន័យបង្កើនភាពស្និទ្ធ និងផ្ដល់នូវភាពកក់ក្ដៅដល់ពួកគេ ទាំងអស់ផងដែរ។
រតនៈ ពិសី និយាយថា «អូ..! ព្រោះអីបង ក្មេងៗជាកុមារកំព្រាហ្នឹង តាមធម្មតាគឺមានគេជួយគាត់ តែខុសពីថ្ងៃធម្មតា គឺអត់មានអ្នកជួយ ដូចជាតារា ឬអ្នកសិល្បៈណា អញ្ជើញពួកគាត់មកថ្ងៃ Birthday បានទេ តែសម្រាប់ខ្ញុំ ខ្ញុំអត់ប្រកាន់ទេ ខ្ញុំញ៉ាំឆ្ងាញ់ គឺចង់ឲ្យគាត់ញ៉ាំឆ្ងាញ់ដូចគ្នាដែរ អ៊ីចឹងខ្ញុំបានរៀបចំជូនគាត់ ចំនួន៣០ នាក់ ព្រមទាំងគ្រូៗ ចំនួន១០នាក់ទៀត។ ក្មេងទាំងនោះមកពីអង្គការ នៃក្ដីស្រឡាញ់ ដែលមានទីតាំងនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយពួកគាត់អត់បាននៅដល់យប់ទេ ត្រឹមម៉ោង៧យប់ ពួកគេទៅវិញអស់ហើយ..!»។
ទោះបីជាយ៉ាងណា តារាចម្រៀង រតនៈពិសី បានបន្ថែមទៀតថា ក្រៅពីអញ្ជើញក្មេងៗកំព្រាឲ្យចូលរួម ក្នុងកម្មវិធី ខួបកំណើតរបស់នាង ក្នុងនោះក៏មានការអញ្ជើញមិត្ត ជាសិល្បករ-សិល្បការិនីល្បីៗ ដែលជាអ្នករួមអាជីពជាច្រើននាក់ទៀត ដោយនៅក្នុងនោះ ក៏មានមិត្តជិតស្និទ្ធ តែមិនមែនជាអ្នកសិល្បៈ ចូលរួមផងដែរ៕
ទស្សនានូវវីឌីអូរខាងក្រោម៖
ដោយ៖NSN