Post Top Ad

Thursday, August 11, 2016

ការរៀបចំខ្លួន និងអ្វីដែលគួរធ្វើដើម្បីជោគជ័យក្នុងការសម្ភាសន៍ Interview អាហារូបករណ៍

មិនដឹងថាមានមនុស្សប៉ុន្មានអ្នក ដូចខ្ញុំ។ ការសរសេរមិនសូវជាបញ្ហា ប៉ុន្តែពេលដែលជួបមុខគេផ្ទាល់ដើម្បីប្រាប់គេអំពីខ្លួនយើងគឺពិតជារឿងលំបាកខ្លាំង។ ការដាក់អាហារូបករណ៍ជាទូទៅ គឺមានតែ ២ ដំណាក់កាលប៉ុណ្ណោះ គឺសំណេរ និងការសម្ភាសន៍ផ្ទាល់មាត់ ហើយការសម្ភាសន៍នេះហើយដែលជាដំណាក់កាលស្លាប់រស់។
ដូច្នេះអ្នកគួរតែរៀបចំខ្លួន និងត្រៀមខ្លួនអោយបានសប់គ្រប់ដើម្បីអោយច្បាស់ថា អ្នកនឹងទទួលជោគជ័យក្នុងការសម្ភាសន៍។ ដើម្បីអោយងាយស្រួលយល់ចំពោះការត្រៀមខ្លួននេះ ខ្ញុំនឹងបែងចែកវាជាផ្នែកធំៗ ដែលមានដូចជា៖ ការរៀបចំផ្លូវចិត្ត ការត្រៀមខ្លួនសម្រាប់សំណួរ ការរៀបចំសំបកក្រៅ និងអ្វីដែលគួរធ្វើថ្ងៃសម្ភាសន៍។


១/ការរៀបចំផ្លូវចិត្ត
ការជាប់ដល់វគ្គសម្ភាសន៍ គឺជាងរឿងមួយដ៏ល្អ ប៉ុន្តែមនុស្សមួយចំនួនប្រហែលជាតក់ស្លុតទៅវិញ។ ឃ្លាដែលកាលពីមុនខ្ញុំតែងនិយាយមកខ្លួនឯង និងទៅមិត្តភក្តិជិតស្និទ្ធពេលដែលជាប់បញ្ជីសម្រាំង (Shortlist) ដល់វគ្គសម្ភាសន៍ម្តងៗ គឺ បើសិនជាមិនជាប់ Shortlist ប្រហែលជាមិនពិបាកចិត្តទេមើលទៅ។ ខ្ញុំគិតថាប្រហែលមានមនុស្សច្រើនដូចជាខ្ញុំដែរ។
ចំណុចខាងក្រោមនេះដែលអ្នកអាចយកមកដើម្បីសម្រួលផ្លូវចិត្តពេលជាប់ដល់វគ្គសម្ភាសន៍ដើម្បី បន្ធូរអារម្មណ៍តានតឹង៖
  • អបអរសាទរ និងផ្តល់រង្វាន់ដល់ខ្លួនអ្នក៖ ត្រូវដឹងថាការជាប់ដល់វគ្គសម្ភាសន៍ គឺជាការជោគជ័យមួយផ្នែកចំពោះការខិតខំរបស់អ្នក ដូច្នេះគួរតែផ្តល់រង្វាន់ដល់ខ្លួនអ្នកជាការលើកទឺកចិត្ត។
  • ជិះជុំវិញកន្លែងដែលនឹងត្រូវសម្ភាសន៍អោយច្រើនដង៖ ធ្វើបែបនេះអ្នកនឹងមានអារម្មណ៍ថាសាំុនឹងកន្លែងសម្ភាសន៍ ដូច្នេះអ្នកនឹងមិនសូវភ័យពេលដែលដល់ថ្ងៃសម្ភាសន៍ ក៏ដូចជាមុនពេលសម្ភាសន៍។
២/ការត្រៀមខ្លួនសម្រាប់សំណួរ
ចំនុចច្រើនណាស់ដែលអ្នកត្រូវត្រៀមនៅផ្នែកនេះ។ សំណួរនៅក្នុងកម្មវិធីអាហារូបករណ៍និមួយៗសុទ្ធសឹងតែនឹកស្មានមិនដល់ ដូច្នេះការត្រៀមខ្លួនជាមុនជារឿងដែលមិនអាចខ្វះបាន។ ការត្រៀមនេះគឺបែងចែកជា ២យ៉ាងដែលអ្នកត្រូវអនុវត្ត គឺ ទី១ ការពិនិត្យឡើងវិញ និងការស្វែងយល់បន្ថែម ទី២ ការត្រៀមចំលើយ។
ការពិនិត្យឡើងវិញ និងការស្វែងយល់បន្ថែម
·         ពិនិត្យឡើងវិញ និងអាន សំណេរនិងពត៌មានដែលអ្នកបានបំពេញអោយបានច្រើនដង៖ ព្រោះថាអ្វីដែលគេជាទូទៅដឹងអំពីអ្នកគឺតាមរយៈសំណេរនិងពត៌មានដែលអ្នកបានបំពេញ។ ការពិនិត្យឡើងវិញគឺជៀសវាង អ្វីដែលសរសេរ និងការបកស្រាយពេលសម្ភាសន៍ខុសគ្នា។
·         អានពត៌មានអំពីកម្មវិធី និងស្ថាប័នដែលជាម្ចាស់ជំនួយ៖ ពេលខ្លះគេចង់សាកចិត្តយើងថាតើយើងខ្វាយខ្វល់អំពីអាហារូបករណ៍នេះដល់កម្រិតណា ដូច្នេះគេអាចសួរសំណួរដែលទាក់ទងនឹងស្ថាប័នរបស់គេផងដែរ។
·         ស្រាវជ្រាវបន្ថែមចំពោះមុខវិជ្ជាដែលអ្នកនឹងសិក្សា៖ អ្នកត្រូវបង្ហាញថាតើមុខវិជ្ជានោះសំខាន់ចំពោះអ្នកកម្រិត ប្រសិនបើពត៌មាននិងបញ្ហាដែលទាក់ទងនឹងមុខវិជ្ចានោះក៏អ្នកមិនដឹង នោះគេប្រហែលជានឹងមិនជឿនោះទេ។
ការត្រៀមចំលើយ
·         រៀបចំសំនួរដែលគិតថាគេនឹងសួរ ឬសំនួរដែលគេឧស្សាហ៍សួរ (សប្តាហ៍ក្រោយខ្ញុំនឹងសរសេរសំណួរដែលគេឧស្សាហ៍សួរក្នុងពេលសម្ភាសន៍ និងអ្វីដែលអ្នកគួរឆ្លើយ)
·         រៀនឆ្លើយ និងពិនិត្យមើលថាតើចំលើយទាំងនោះសាកសមដែរឬទេ?
៣/ការរៀបចំសំបកក្រៅ
ទោះបីជាវាប្រហែលជាស្រួលខ្លួនជាង ពេលដែលពាក់អាវយឺត និងស្លៀកខោខូវប៊យ ប៉ុន្តែពេលនេះមិនមែនជាពេលសាកសមឡើយសម្រាប់ស្លៀកពាក់បែបនោះ។ អ្នកត្រូវស្លៀកពាក់យ៉ាងណាដើម្បីអោយ គណកម្មការយល់ថាអ្នកយកចិត្តទុកដាក់ និងផ្តល់តម្លៃដល់កម្មវិធីមួយនេះ។ ដូច្នេះការស្លៀកពាក់គឺពិតជាសំខាន់។ ជាទូទៅអ្នកគួរស្វែងយល់ និងប៉ាន់ស្មានអំពីកម្មវិធីសិន មុនពេលដែលជ្រើសរើសសម្លៀកបំពាក់។ ក្នុងករណីដែលថា កម្មវិធីនោះគឺជាកម្មវិធីអាហារូបករណ៍រយៈពេលខ្លី ឬអាហារូបករណ៍កម្រិតបរិញ្ញាបត្រ ឯកសណ្ឋាននិស្សិត ឬសិស្សគឺសាកសមបំផុត។ អ្នកអាចស្លៀកសំពុត (សម្រាប់នារី) ឬខោក្រណាត់ (សម្រាប់បុរស) ជាមួយនឹងអាវស ឬអាវពណ៌ផ្ទៃមេឃ និងដាក់អាវចូលទៅក្នងសំពុត ឬខោអោយបានសមរម្យ។ នៅក្នុងករណីដែលវាអាចជាកម្មវិធីធំដុំ អ្នកក៏អាចពាក់អាវធំបានដែរ ប៉ុន្តែត្រូវចាំថា ការពាក់អាវធំពេលខ្លះអាចធ្វើអោយទើសទាល់ក្នុងករណីដែលអ្នកសម្ភាសន៍យើងគេស្លៀកពាក់ខោអាវធម្មតា។
កុំភ្លេចអោយសោះ គឺហាមមានក្លិនមិនល្អ! គួរទំពារស្ករកៅស៊ូអោយហើយមុនពេលដែល ចូលសម្ភាសន៍។ គួរជៀសវាងសម្លៀកបំពាក់មានក្លិនមិនល្អ និងក្លិនខ្លួនផងដែរ។ គួរពាក់ស្បែកជើងសមរម្យជៀសវាងស្បែកជើងកីឡា ជាពិសេសកុំពាក់ស្រោមជើង ឬស្បែកជើងដែលមានក្លិនទៅអោយសោះ។ សក់គួរសិត និងកាត់អោយបានសមរម្យផងដែរ។
៤/អ្វីដែលគួរធ្វើថ្ងៃសម្ភាសន៍

អ្វីដែលអ្នកត្រូវធ្វើថ្ងៃសម្ភាសន៍មានច្រើនណាស់។ រាប់តាំងពីអាកប្បកិរិយានិងការនិយាយស្តី ការឆ្លើយសំណួរជាដើម។ នេះជាចំណុចដែលអ្នកត្រូវចង់ចាំ៖
·         ត្រូវទៅដល់កន្លែងសម្ភាសន៍យ៉ាងហោចណាស់១៥នាទីមុនពេលសម្ភាសន៍ចាប់ផ្តើម៖ ដើម្បីសម្រួលអារម្មណ៍ និងបន្ថយភាពតានតឹង។
·         ញញឹម៖ ការញញឹមធ្វើអោយអ្នកមិនសូវភ័យ និងបង្ហាញពីភាពជឿជាក់រួមនឹងភាពរួសរាយរាក់ទាក់។
·         ស្មោះត្រង់៖ ភាពស្មោះត្រង់គឺសំខាន់ណាស់ពេលសម្ភាសន៍ ព្រោះបើគេដឹងថាអ្នកកុហក អ្នកនឹងធ្លាក់ដោយស័្វយប្រវត្តិ។
·         ជួបគេភ្លាមត្រូវសម្តែងភាពរួសរាយរាក់ទាក់ដូចជាការចាប់ដៃ៖ ការចាប់ដៃបង្ហាញពីមិត្តភាព និងភាពស្និទស្នាល។
·         គ្រប់គ្រងអារម្មណ៍តក់ស្លុត៖ ដកដង្ហើមវែងៗហើយ រៀបចំកាយវិការដែលសមរម្យហើយធ្វើអោយអ្នកមានអារម្មណ៍ស្រួលខ្លួនដើម្បីជៀសវាងការភ័យខ្លាច។ បើភ័យពេលដែលមើលភ្នែកគេ គួរមើលថ្ងាស។
·         ស្តាប់សំណួរអោយបានច្បាស់លាស់ និងចប់សិនមុនឆ្លើយ៖ ហាមដាច់ខាតគឺការកាត់សំណួរទាំងគេមិនទាន់បញ្ចប់ ព្រោះវានឹងបង្ហាញថាអ្នកមិនគោរព។
·         ឆ្លើយសំណួរដោយមានឃ្លាឃ្លោងច្បាស់លាស់៖ មុនពេលឆ្លើយត្រូវគិតគូរអោយច្បាស់លាស់ អ្នកមិនចាំបាច់ត្រូវប្រញាប់ឆ្លើយនោះទេ។ អ្នកអាចសុំពេលគេមួយភ្លែតដើម្បីគិត។ ការឆ្លើយគួរមានលំដាប់លំដោយច្បាស់លាស់ដែលគេងាយយល់ ងាយចាប់បាន។ ពេលដែលនិយាយចប់ហើយ គឺបញ្ចប់ចំលើយ កុំព្យាយាមឆ្លើយអោយវែងប៉ុន្តែដដែលៗ។
·         សួរសំណួរក្រោយចប់ការសម្ភាសន៍៖ ការសួរសំណួរគឺបង្ហាញអំពីការយកចិត្តទុកដាក់របស់យើង ប៉ុន្តែជៀសវាងការសួរសំណួរធម្មតាពេកដូចជា “តើពេលណាទើបចេញលទ្ធផល? “ តែគួរសួរសំណួរណាដែលបែបជាយុទ្ធសាស្ត្រ។
ប្រភព៖ Wedushare