Post Top Ad

Monday, January 16, 2017

តើអ្នកមានដឹងទេថា​? ការងារនៅនឹងកន្លែងធ្វើឲ្យលោកអ្នកមានអាយុខ្លី



មនុស្ស​ភាគ​ច្រើនប្រាថ្នា​ចង់​ធ្វើ​ការ​ងារ​នៅ​នឹង​កន្លែង និយាយ​ឲ្យ​ចំគឺ​ការ​ងារ​ដែល​អង្គុយ​នៅ​តុ​ការិយាល័យ​។ ប៉ុន្ដែ​ការ​ងារ​ដែល​អង្គុយ​នៅ​នឹង​កន្លែង​រាប់​ម៉ោង​ ដែល​អ្នក​ចង់​បាន​នោះ ត្រូវ​បាន​ក្រុម​អ្នកជំនាញ​ព្រមាន​ថា វា​អាច​បណ្ដាល​ឲ្យ​អ្នក​មិន​មាន​អាយុ​វែងនោះទេ ពោល​គឺ​ប្រឈម​នឹង​ការ​ស្លាប់​មុន​អាយុ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​សាលា​សុ​ខ​ភាព​សារធារណៈ​នៃ​សាកល​វិទ្យា​ល័យ​ស៊ីដ​នី ប្រទេស​អូស្រ្ដាលី​ បាន​ធ្វើ​ការ​សិក្សា​ក្នុង​ទំហំ​យ៉ាង​ធំ​ ដែល​ចូល​រួម​ដោយ​​​មនុស្ស​ទាំង​ប្រុស​ ទាំង​ស្រី​ចំនួន ២៦ម៉ឺន​នាក់​ នៅ​តំបន់​ New South Wales។
ក្រុម​អ្នក​ស្រាវ​ជ្រាវទាំង​នេះ​​បាន​រក​ឃើញ​ថា មនុស្ស​ដែល​អង្គុយ​ជាប់​នៅ​នឹង​តុ​ធ្វើ​ការ​ងារ​លើស​ពី​១០ម៉ោង​ក្នុងមួយថ្ងៃ​ នឹង​ប្រឈម​មុខ​នឹង​ការ​កើន​ឡើង​ហានីភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ​ដល់​ទៅ ៤៨ភាគ​រយ​ បើ​ប្រៀប​ធៀប​ជា​មួយ​អ្នក​ដែល​អង្គុយ​តិច​ជាង​៤ម៉ោង​ក្នុង​មួយថ្ងៃ​។
បន្ថែម​លើ​នេះ​ទៀត ការ​កើន​ឡើង​នៃ​ហានីភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ​នេះ គឺ​នៅ​តែ​ខ្ពស់ បើ​ទោះ​បី​ជា​ពួក​គេ​​​ហាត់​ប្រាណ​ជា​ប្រចាំ​យ៉ាង​ណា​ក៏​ដោយ​។
លោក Adrian Bauman ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​ បាន​ថ្លែង​បញ្ជាក់​ថា មនុស្ស​គ្រប់​រូប​នឹង​មាន​ហានីភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ​តិច​ ប្រសិន​បើ​អ្នក​នោះ​ហាត់​ប្រាណ​បាន​ទៀត​ទាត់ ហើយ​មិន​អង្គុយ​យូរ​។ ប្រសិន​បើ​អ្នក​អង្គុយ​យូរ​ជ្រុល​នោះ ទោះ​បី​ហាត់ប្រាណ​យ៉ាង​ណា​ ក៏​អ្នក​នៅ​តែ​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​ស្លាប់​លឿន​ដដែល​។
ខណៈ​ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ នៅ​តែ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ ថា​ហេតុ​អ្វី​បាន​គ្រាន់​តែ​អង្គុយ​យូរ​ជ្រុល​ បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត ពួក​គេ​បាន​សន្មត​ថា ការ​អង្គុយយូរ​ពេក នឹង​ធ្វើ​ឲ្យ​បង្កើន​​ជាតិស្ករ​នៅ​ក្នុង​ខ្លួន​។
លោក​ Bauman បាន​ពន្យល់​ថា អ្វី​ដែល​កើត​ឡើង​នៅ​ពេល​ដែលអង្គុយ​ គឺ​អាហារ​ដែល​ទើប​នឹង​ញ៉ាំ​ហើយ បាន​ប្រែ​ក្លាយ​ទៅ​ជា​ស្ករ ដែល​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ឡើង​ខ្ពស់​។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រសិន​បើ​អ្នក​ចាំ​បាច់​ត្រូវ​អង្គុយ​ក្នុង​រយៈ​ពេល​យូរ​ ដែល​មិន​អាច​ខាន​បាន អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ គឺ​បង្កើន​ការ​ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​​ជាង​ធម្មតា​។

ដោយ៖ CC
ប្រភព៖ rckbook