Post Top Ad

Saturday, February 04, 2017

រឿងសត្វ​ខ្លាធំ​និង​សេក ( ពិតជាមានន័យអប់រំមែនបើមិនអានប្រយ័ត្នស្តាយក្រោយណា )

ខ្លា


កាល​ពី​ព្រេង​នាយ មាន​ភ្នំ​មួយ​ឈ្មោះ​បំសុបពិត ស្ថិត​នៅ​ក្បែរ​ព្រំ​អាណាចក្រ​ពារាណសី។ នៅ​ញកភ្នំ​នោះ​មាន​ខ្លា​ធំ​មួយ មេ​ស្លាប់​ចោល​ទៅ នៅ​ជា​មួយ​បា​ចាស់​ជរា។ កាល​នោះ​មាន​សេក​មួយ​ក៏​ជា​សត្វ​សប្បុរស​ដែរ​អាស្រ័យ នៅ​នា​ភ្នំ​នោះ បាន​យក​ខ្លា​ធ្វើ​ជា​មិត្ត​សំឡាញ់​យ៉ាង​ជិត​ស្និទ្ធ។

សម័យ​ខាង​ក្រោយ​មក​មាន​បុរស​ម្នាក់​នៅ ក្នុង​បច្ចន្តជនបទ​ជា​មនុស្ស​អសប្បុរស​ឈ្លោះ​ទាស់​ប្ដី​ប្រពន្ធ​លែង​លះ គ្នា​មនុស្ស​អសប្បុរស​នោះ ក៏​ដើរ​ស្ពាយ​បង្វិច​កាត់​ភ្នំ​បំសុបពិត​នោះ​សំដៅ​ទៅក្រុង ពារាណសី ទៅ​ដល់​ជើង​ភ្នំ​ជួប​នឹង​សេកៗ ធ្វើ​បដិសណ្ឋារៈ​សួរ​ដំណើរ​សព្វ​គ្រប់​បាន​ដឹង ថា​នឹង​ឆ្លង​កាត់​ភ្នំ​ទៅ​ក្រុង​ពារាណសី ក៏​ប្រាប់​ថា ភ្នំ​នេះ​មាន​ខ្លា​សាហាវ​ច្រើន​ណាស់ អញ្ជើញ​ទៅ​ពុំ​បាន​ទេ ក្រែង​មាន​គ្រោះ​ថ្នាក់​អញ្ជើញ​វាង តាម​ជើង​ភ្នំ​នេះ​ទៅ​វិញ។ បុរស​នោះ​មិន​ព្រម ឆ្លើយ​ប្រាប់​ថា​ខ្ញុំ​ចង់​ប្រញាប់​ស៊ូ​ដើរ​កាត់​ទៅ​ចុះ។
សេក​យល់​អធ្យាស្រ័យ​ហើយ ក៏​និយាយ​ប្រាប់ថា​បើ​ដូច្នោះ​អញ្ជើញ​ត្រង់​ញក​ភ្នំ​នេះ​ទៅ ខ្ញុំ​មាន​ពួក​ម៉ាក សំឡាញ់​ខ្លា​ធំ​មួយ​បើ​ទៅ​ជួប​ប្រាប់​ថា អ្នក​ជា​មិត្ត​ភ័ក្ត្រ​នឹង​ខ្ញុំៗ ឲ្យ​ជូន​ដំណើរ​ទៅ ក្រុង​ពារាណសី មើល​សុខទុក្ខ​តាមផ្លូវ​ឲ្យ​ផង​​ក្រែង​សត្រូវ​មើល​ងាយ។ មនុស្ស​អសប្បុរស​ ឮ​ដូច្នោះ​ មាន​សង្ឃឹម​ថា​នឹង​ ធ្វើ​ដំណើរ​កាត់​ភ្នំ​នេះ​បាន​ស្រួល​ហើយ ក៏​រកអាហារ​ស៊ី​ឲ្យ​មាន​ កម្លាំង​សេក​ក៏ បាន​រក​ផ្លែ​ឈើ​ឲ្យ​បរិភោគ​មិន​បរិភោគ​តែ​ផ្លែ​ឈើ​ប៉ុណ្ណោះ​ ដ៏​យក​ដំបង វាយ​សំលាប់​សេក នោះ​បោច​អាំង​ស៊ី​ថែម​ទៀត លុះ​ស៊ី​ហើយ​ក៏​ដើរ​សំដៅ ទៅ​រក​កន្លែង ខ្លាធំ​ដែល​សេក​បាន​ប្រាប់ ខ្លា​ឃើញ​បាន​ដឹង​ថា​ជា​មិត្ត​សំឡាញ់​នឹង​សេក ក៏​រាក់​ទាក់​ឲ្យ​ សំណាក់​នៅ​មួយ​យប់​សិន ខ្លា​ធំក៏​ចេញ​ទៅ​រក​ចំណី​អាហារ​មក​ជប់លៀង។
ក្នុង​ពេល ដែល​ខ្លាធំ​ចេញ​ទៅ បុរស​នោះ​ ជា​មួយ​ខ្លា​ចាស់​ជា​ឪពុក ក៏​និយាយ​ប្រាប់​ខ្លា​ចាស់​នោះ​ថា​អម្បាញ់​មិញ​ខ្ញុំ​សម្លាប់​សេក​មួយ អាំង​ស៊ី​ឆ្ងាញ់​ជាង​សេក​ធម្មតា ដែល​និយាយ​យ៉ាង​នេះ​ដោយ​គិត​ថា​ខ្លា​ចាស់​មិន ដឹង​សេក​ជា​មិត្ត សំឡាញ់​នឹង​ខ្លា​ធំ​ជា​កូន​ទេ។ ឯ​ខ្លា​ធំ​រក​ចំណី​បាន ហើយ​ឲ្យ​បុរសនោះ​បរិភោគ​ឆ្អែក​ដេក​លក់។ ខ្លា​ចាស់​ប្រាប់​ថា បុរស​នេះ​សម្លាប់​សេក​ មិត្រ​ភក្តិ​កូន​ ឯង​ស្លាប់​ហើយ។ ខ្លា​ធំ​ឮ​ហើយ​យំ សោក ស្ទុះ​រត់​ទៅ​មើល​កន្លែង​ដែល​សេក នៅ​ឃើញ​តែ​រោម​នៅ​លើ​ដី​នឹក​ខឹង​ថា​នឹង​ស៊ីបុរស​នេះ​វិញ។ ឯ​បុរស​នោះ​ភ្ញាក់​ឡើង​បាត់ ខ្លា​ធំ ក៏​សួរ​ខ្លា​ចាស់​បាន​ដឹង​ថា​ទៅ​មើល​សេក​ដែល​ខ្លួន​ស៊ី ក៏​កើត​ទោសៈ​ចំពោះ​ខ្លាចាស់​ យក​ដំ​ថ្ម​គប់​ខ្លា​ចាស់​នោះ​ស្លាប់​ទៅ ហើយ​យក​ដំបង​មួយ​យ៉ាង​ធំ​ឈរ ក្បែរ​គល់​ឈើ​ចាំ វាយ​សំឡាប់​ខ្លា​ធំ​ទៀត ប៉ុន្តែ​ដោយ​ខ្លា​ធំ​មាន​ធម៌សប្បុរស​មិន​អាច​សម្លាប់ បាន​ឡើយ ឃើញ​ខ្លា​ធំ​មក​ដល់ បុរស​នោះ​ភ័យ​ញាប់ញ័រ​ក្រាប​ថ្វាយ​បង្គំ​សុំទោស។ ខ្លា​ធំ​ក្រឡេក មើល​ទៅ​ឃើញ​ឪពុក​ត្រូវ​ដំបង​បែកក្បាល​ស្លាប់ ដឹង​ថាបុរស​នោះ​ស្លាប់ នឹក​តូច​ចិត្ត​គិត​ខាំ​បុរស​នោះ​ម្ដង។



សេក


ប៉ុន្តែ​ធម្មតា​អ្នក​មាន​ធម៌​សប្បុរស​តែង មាន​គំនិត​គិត​វែង​ឆ្ងាយ ជឿ​បុណ្យ​ជឿ​ បាប​យល់​ហេតុ​ផល​ច្បាស់​លាស់ ទើប​មាន​គំនិត​ថា​មនុស្ស​នេះ​អសប្បុរស​អញ​មិន​គួរ​ប្រទូស្ដ​តប​ឲ្យ ជាប់​ពៀរ​នឹង​វា​ទេ សំឡាញ់​អញ​ក្ដី ឪពុក​អញ​ក្ដី ដែលស្លាប់​ ទៅ​គឺ​ជា​ផលកម្ម​របស់​គាត់​បាន សាង​ពី​បុព្វ​ជាតិ​មក យល់​ច្បាស់​ដូច្នេះ​ហើយ ក៏​និយាយ​រាក់​ទាក់​ទៅ​រក​បុរស​នោះ​ហើយ​ជូន​ដំណើរ ទៅ​ទៀត​ដរាបដល់​ផុត​ទី​មាន​គ្រោះ​ថ្នាក់។


ឯសេក​ដែល​ស្លាប់​ទៅ បាន​ទៅ​កើត​នៅ​ស្ថានសួគ៌​បរិបូណ៌​ដោយ​ទិព្វសម្បត្តិ​ដោយ អំណាច​នៃ​សប្បុរសធម៌។ ចំណែក​ខាង​ខ្លា​ធំ​ដល់​អស់​អាយុ​ ក៏បាន​ទៅ​កើត​នៅ​ស្ថាន ទេវលោក​ដូច​សេក​ដែរ។ សេចក្ដី​ពិសេស គួរ​សង្ស័យ​ថា​ខ្លា​ចាប់​តែ​សត្វ​ស៊ី​ជា​អាហារ ធ្វើ​បាណាតិបាត​រាល់​ពេល​ហេតុ​អ្វី​ក៏​បាន​កើត​ស្ថាន​សួគ៌​ដែរ? ដែល​ទៅ​កើត​ស្ថានសួគ៌ នោះ​មិន​មែន​អំពើ​បាណាតិបាត​នាំ​ទៅ​កើត​ទេ គឺ​សប្បុរស​ធម៌​ដែល​មាន​ក្នុង​សម័យ​ដែល មិន​គួរ​មាន​នោះ​ទេ នាំ​ទៅ​កើត មិន​ចាំ​បាច់​និយាយ​ឡើយ​ដល់​ទៅ​ខ្លា​ធំ ដែល​មាន សប្បុរស​ដល់​ម្ល៉ោះ សូម្បី​គ្មាន​សោះ​ក៏ ដោយ​បើ​ប្រសិន​ជា​ពេល​ជិត​ស្លាប់​ជនចិត្ត ចាប់​បាន កុសល​ធម៌​ណា​មួយ​ហើយ ទៀត​តែទៅ​សួគ៌​សិន មិន​ខាន​ដូច​ពុទ្ធភាសិត​ថា ចិត្តេ បរិសុទ្ធេ សុគតិ បាដិកង្ខា ចិត្ត​បរិសុទ្ធ ទៅសុគតិ។

ប្រភព៖5000