ត្រកូល iPhone ស៊េរីថ្មី នឹងបំពាក់ដោយអេក្រង់ប្លាស្ទិកកោង ប្រភេទ OLED ផ្គត់ផ្គង់ដោយ Samsung។ បើតាមសារព័ត៌មានកូរ៉េ Koreaherald បញ្ជាក់។
ប្រភពដដែលបញ្ជាក់ថា Samsung មានលទ្ធភាពអាចផ្គត់ផ្គង់អេក្រង់ប្លាស្ទិក OLED កោងចំនួនចន្លោះពី ៧០ ទៅ ១០០ លានផ្ទាំងដល់ Apple ដើម្បីបំពាក់លើ iPhone 8 នៅឆ្នាំក្រោយ។ ចំនួននេះស្មើតែពាក់កណ្ដាលនៃចំនួនលក់ iPhone ប្រចាំឆ្នាំដែលមានចំនួនដល់ទៅ ២០០ លានគ្រឿង។ សម្រាប់ផ្ទាំងអេក្រង់រាបស្មើដែលជាប្រភេទអេក្រង់ Liquid Crystal (LC) ក្រុមហ៊ុន LG និង JDI ជាអ្នកផ្គត់ផ្គង់ឲ្យ Apple។
អេក្រង់ប្លាស្ទិក OLED កោង Samsung ធ្លាប់យកទៅបំពាក់លើ Galaxy S7 Edge ឯ OLED ប្រភេទកញ្ចក់ប្រើសម្រាប់បំពាក់លើផ្ទៃអេក្រង់រាបស្មើ។
iPhone 8 អាចប្រើបច្ចេកវិទ្យាសិនស័រទំនើប ដែលអាចឲ្យទូរសព្ទឆ្លើយតបនិងដំណើរការមុខងារជាច្រើន ពេលយកដៃប៉ះទៅនឹងផ្នែកណាមួយស្មាតហ្វូន។ ប៉ុន្តែយ៉ាងណា ប្រភពអះអាងថា Apple ប្រហែលមិនជ្រើសរើសបំពាក់បច្ចេកវិទ្យានេះលើ iPhone ស៊េរីថ្មីរបស់ខ្លួនឡើយ។
ទោះជាត្រូវពឹងលើ Samsung ខ្លាំងក្នុងការផ្គត់ផ្គង់អេក្រង់កោង OLED ក្រុមហ៊ុនផលិត iPhone អាមេរិកនេះ នឹងព្យាយាមអស់លទ្ធភាពការពារមិនឲ្យមានព័ត៌មានលេចឮសំខាន់ៗទាក់ទងនឹង iPhone 8 ឲ្យដៃគូប្រជែង Samsung បានដឹងឡើយ៕
ដោយ៖NSN