Wednesday, March 08, 2017

ឃាតកម្ម​សម្លាប់​លោកគីម ជុនណាម៖​​ម៉ាឡេស៊ី​​ពង្រាយ​កម្លាំងប៉ូលិស​ព័ទ្ធជុំវិញ​ស្ថានទូត​កូរ៉េខាងជើង

នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី សំណុំរឿង​ឃាតកម្ម​សម្លាប់​លោក​គីម ជុនណាម​ដែល​ជា​បងប្រុស​ម្តាយទីទៃ​លោក​គីម ជុនអ៊ុន​កំពុង​បន្ត​បំពុល​ទំនាក់ទំនង​រវាង​ទីក្រុង​គូឡាឡាំពួ និង​ទីក្រុង​ព្យុងយ៉ាង។ បន្ទាប់​ពី​បាន​បណ្តេញ​ចេញ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​នា​ថ្ងៃ​ចន្ទ ទី៦ មីនា​មក នៅ​ថ្ងៃ​អង្គារ ទី៧ មីនា​នេះ កម្លាំង​ប៉ូលិស​ម៉ាឡេស៊ី​បាន​ដាក់​ពង្រាយ​របាំង​សន្តិសុខ​ព័ទ្ធ​ជុំវិញ​ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​ទីក្រុង​កូឡាឡាំពួ។ គោលដៅ គឺ​ដើម្បី​រង់ចាំ​ចាប់​ជនជាតិ​កូរ៉េខាងជើង​ចំនួន ៣នាក់​ដែល​កំពុង​លាក់ខ្លួន​នៅ​ខាង​ក្នុង​ស្ថានទូត​នោះ។
ឃាតកម្ម​សម្លាប់​លោកគីម ជុនណាម៖​​ម៉ាឡេស៊ី​​ពង្រាយ​កម្លាំងប៉ូលិស​ព័ទ្ធជុំវិញ​ស្ថានទូត​កូរ៉េខាងជើង

តាំង​ពី​ក្រោយ​ឃាតកម្ម​សម្លាប់​លោក​គីម ជុងណាម​ដែល​ជា​បងប្រុស​ម្តាយទីទៃ​របស់​មនុស្ស​ផ្តាច់ការ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​នៅ​ព្រលាន​យន្តហោះ​ក្រុង​គូឡាឡាំពួ​កាល​ពី​ថ្ងៃ​ទី១៣ កុម្ភៈ​មក ទំនាក់ទំនង​រវាង​ម៉ាឡេស៊ី និង​កូរ៉េខាងជើង​បាន​ឡើង​តានតឹង​កាន់​តែ​ខ្លាំង​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ បន្ទាប់​ពី​បាន​បណ្តេញ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​នា​ថ្ងៃ​ចន្ទ ទី៦ មីនា​មក រដ្ឋអំណាច​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស និង​របាំង​សន្តិសុខ​ព័ទ្ធ​ជុំវិញ​ស្ថានទូត​នៅ​ថ្ងៃ​អង្គារ ទី៧ មីនា​នេះ​ដើម្បី​រង់ចាំ​ចាប់​ជនជាតិ​កូរ៉េខាងជើង​ចំនួន ៣នាក់​ដែល​កំពុង​លាក់​ខ្លួន​នៅ​ខាង​ក្នុង​ស្ថានទូត​នោះ។
មេ​ប៉ូលិស​ម៉ាឡេស៊ី​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ក្នុង​ដំណើរ​ការ​ស៊ើបអង្កេត​ស្តីពី​ឃាតកម្ម​សម្លាប់​លោក​គីម ជុងណាម ក្រុម​អ្នក​ស៊ើបអង្កេត​ត្រូវ​ការ​សួរ​ចម្លើយ​លើ​ជនជាតិ​កូរ៉េខាងជើង​ទាំង ៣នាក់​នាក់​នោះ​ឲ្យ​ខាន​តែ​បាន។ មេប៉ូលិស​រូប​នេះ​ដដែល​បាន​បន្ថែម​នៅ​ក្នុង​សន្និសីទកាសែត​ថា កម្លាំង​ប៉ូលិស​នឹង​រង់ចាំ​នៅ​មុខ​ស្ថានទូត​កូរ៉េខាងជើង​រហូត​ដល់​ជនជាតិ​កូរ៉េខាងជើង​ទាំង ៣រូប​ចេញ​មក​ក្រៅ ទោះ​បី​ជា​ត្រូវ​ប្រើ​ពេល​រង់ចាំ​រហូត​ដល់ ៥ឆ្នាំ​ក៏​ដោយ។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា ក្រោយ​ឃាតកម្ម​សម្លាប់​លោក​គីម ជុងណាម រដ្ឋអំណាច​ម៉ាឡេស៊ី​បាន​សង្ស័យ​លើ​ជនជាតិ​កូរ៉េខាងជើង​ចំនួន ៨នាក់ ក្នុង​នោះ មាន ៤នាក់​បាន​រត់​ចេញ​ពី​ទឹកដី​ម៉ាឡេស៊ី​ក្នុង​ថ្ងៃ​ឃាតកម្ម ម្នាក់​ត្រូវ​បាន​រដ្ឋអាជ្ញា​ម៉ាឡេស៊ី​ដោះលែង​នា​សប្តាហ៍​កន្លង​ទៅ​ដោយ​រក​មិន​ឃើញ​ភស្តុតាង និង ៣នាក់​នាក់​ទៀត​កំពុង​លាក់ខ្លួន​ពួន​អាត្មា​នៅ​ខាង​ក្នុង​ស្ថានទូត​កូរ៉េខាងជើង។

កូរ៉េខាងជើង​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​តប​នឹង​វិធានការ​ថ្មី​របស់​ម៉ាឡេស៊ី​ពេល​នេះ​ទេ តែ​បាន​ចាត់​វិធានការ​តប​នឹង​ការ​បណ្តេញ​ឯកអគ្គរដ្ឋទូត​ខ្លួន​ដោយ​ហាម​មិន​ឲ្យ​ពលរដ្ឋ​ម៉ាឡេស៊ី​គ្រប់​រូប​ចាកចេញ​ពី​ទឹកដី​កូរ៉េខាងជើង​ទេ។ ជា​ការ​តប​វិញ ម៉ាឡេស៊ី​ក៏​បាន​ប្រកាស​ចាត់​វិធានការ​ភ្លាមៗ​ដូច​គ្នា​នេះ៕
ប្រភព៖ km.rfi.fr