Monday, March 06, 2017

ស្ងាត់ៗ តារាចម្រៀងដ៍ល្បី សុខ ស្រីនាង ចុះ​កិច្ចសន្យា​នឹង​ផលិតកម្ម​ថ្មី ធ្វើអោយផ្អើល.......!

ភ្នំពេញ: អស់ពី​ភ្ញាក់ផ្អើល​ក្រុម​តារា​ចម្រៀង​នៃ​ផលិតកម្ម​រស្មីហង្សមាស​កំពុងតែ​ដើរ​ចេញ​ជា​បណ្តើរៗ​មិនទាន់​ស្ងប់​ផងនោះ ក៏​ស្រាប់តែ​លេច​ឮថា តារា​ចម្រៀង​ស្រី​មេម៉ាយ​ក្មេងខ្ចី សុខ ស្រីនាង លប​ទៅចុះ​កិច្ចសន្យា​នឹង​ទ្រនំ​ថ្មី បន្ទាប់ពី​ផុត​កុងត្រា​ផលិតកម្ម​សាន់ដេ ខណៈ​មហាជន​នឹងបាន​ជ្រាប​ច្បាស់​ពេល​បទថ្មី​តារា​ស្រី​រូបនេះ​ចេញ​ក្រោយ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ។

ទោះបី​សុំលាក់​ឈ្មោះ​ផលិតកម្ម​ថ្មីយ៉ាង​ណាក្តី តែ​តារា​ចម្រៀង​ស្រី ដែល​បាន​ចែកផ្លូវ​ពី​អតីត​ស្វាមី ជាអ្នក​សិល្បៈ​រួម​អាជីព​ចម្រៀង និងមាន​ស្រុក​កំណើត​ដូចគ្នា គឺតារា​ចម្រៀង​ប្រុស​លោក ស៊ី សុវត្ថិ រក្សាភាព​នៅលីវ​ប្រមាណ​ជា ៧ ឆ្នាំ​មកហើយ​នោះ ក៏បង្ហើប​ប្រាប់ពី​ពេលវេលា​ផុត​កុងត្រា​នៅ​សាន់ដេ និង​តម្រុយ​នៃ​ទ្រនំថ្មី​ដែលមាន​ផលិតកម្ម​ជម្រើស​ធំពីរ​គឺផលិតកម្ម​រស្មីហង្សមាស និង​ថោន នោះថា៖ «នាង​ខ្ញុំបាន​ផុត​កុងត្រា​ជាមួយ​នឹង​ផលិតកម្ម​សាន់ដេ តាំងពី​ចុងខែ​កុម្ភៈ កន្លង​មកនេះ​ម្ល៉េះ។ នាងខ្ញុំ​ក៏មិន​លាក់ទេ​ថា ខ្ញុំ​ពិតជា​បាន​ឈប់​ពីសាន់ដេ​មែន ហើយក៏​ទើបតែ​បានចុះ​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ថ្មីដែរ តែសុំ​លាក់​ឈ្មោះសិន ដោយ​ទុកពេល​នាង​ខ្ញុំចេញ​បទថ្មី​នៅ​កន្លែងថ្មី​នោះ ប្រិយមិត្ត​នឹងបាន​ជ្រាប​ឈ្មោះ​តែម្តង។ សុំទោស​ដែរ​សម្រាប់​បទទាំង នោះ គួរតែ​នាងខ្ញុំ​ត្រូវ​ស្រូតចេញ នៅមុន​ចូលឆ្នាំ​ថ្មី​ខាងមុខ​នេះ តែដោយ​សារក្រុម​ការងារ​ខាង​ផលិតកម្ម​គាត់​ជាប់រវល់​ថត MV បទ​តារា​ចម្រៀង​ផ្សេងៗ​ទៀត​ដែរ ទើបត្រូវ​ពន្យារ​ចាំចេញ​នៅក្រោយ​ចូលឆ្នាំ​ខ្មែរ​វិញ»។
ខណៈ​មតិ​មហាជន ដែល​បានដឹង​តម្រុយ​គោលដៅ​ទ្រនំថ្មី​ចំនួន​ពីរដែល​គេលើក​ឡើង​ចំៗ​ថា អាចជា​ផលិតកម្ម​ថោន ឬ​ហង្សមាស តារា​ចម្រៀង​ស្រីសាច់​សខ្ចី​ល្វក់​ដូចជា​ពងមាន់​បក សុខ ស្រីនាង មិនបាន​ប្រកែក​ឡើយ ដោយ​អ្នកនាង​ឆ្លើយតប​បែបស្រប​ដែរថា៖ «ចាស!ចំណោម​ផលិតកម្ម​ទាំងពីរ​នោះ គឺពិត​ជាមាន​មួយ​ជាជម្រក​ថ្មី​របស់​នាងខ្ញុំ​ប្រាកដ​មែន»។

ចំពោះ​មូលហេតុ​ដើរចេញ​ក្រោយ​ផុត​កុងត្រា​រយៈពេល ៥ ឆ្នាំ ក៏តារា​ចម្រៀង​ស្រី​រូបនេះ​មិនបាន​បញ្ជាក់​ប្រាប់​អ្វីឲ្យ​ច្បាស់​ដែរ ហើយ​អ្នកនាង សុខ ស្រីនាង​គ្រាន់តែ​បង្ហើប​ថា៖ «នាងខ្ញុំ​ច្រៀង​នៅទីនេះ ដូចជា​យូរ​គួរសម​ដែរ ហើយ​នៅពេល​ផុត​កុងត្រា ក៏​ផលិតកម្ម​មិនបាន​សួរនាំ​អ្វី​បន្ថែមទៀត ទើប​សម្រេច​ថា នឹង​ដើរចេញ​ទៅរក​កន្លែងថ្មី ហើយក៏​ចង់ចេញ​ដោយ​នាំ​ជាមួយ​នឹង​រឿងល្អ​ផងដែរ​សម្រាប់​តម្លៃនៃ​អាជីព​ខ្លួន»។
តារា​ចម្រៀង​ស្រី​អតីត​សិស្ស​រៀននៅ​វិទ្យាល័យ​សន្ធរម៉ុក​រូបនេះ​បាន​ចុះកិច្ច​សន្យា​ជាមួយ​ទ្រនំ​ថ្មី​រួចរាល់​ទៀត ដោយ​រង់ចាំតែ​ចេញ​បទ​ចម្រៀង​សម្រិត​សម្រាំង​បែប​មនោសញ្ចេតនា និង​បទញាក់់​គាប់ចិត្ត​យុវវ័យ។
អ្នកនាង សុខ ស្រីនាង បាន​ព្រលយ​ថា៖ «កាល​នាងខ្ញុំ​នៅ​ផលិតកម្ម​ចាស់ ហាក់ដូចជា​មិនសូវ​មាន​ឱកាស​បាន​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី​ទេសចរណ៍​តាមខេត្ត​ក្រុង​នានា​របស់​បណ្តា​ស្ពន់ស័រ​ឡើយ​ក្រៅពី​ចេញបទ​ចម្រៀង ខណៈ​រឿង​ការចេញ​សម្តែង​ក្រៅម្តងៗ និងថត​ស្ប៉តពាណិជ្ជកម្ម​នានា​នោះ​រកបាន​ដោយ​ខ្លួនឯង។ នាងខ្ញុំ​សង្ឃឹមថា ការខិតខំ​នៅ​កន្លែង​ថ្មី នឹង​អាចជួយ​ឲ្យខ្ញុំ​មានឈ្មោះ​បោះ​សំឡេង​បន្ថែម និង​មាន​ឱកាស​ច្រើន​ជាមិនខាន»៕


ដោយ៖NSN
ប្រភព៖postkhmer