តាមរយៈគេហទំព័រដ៏ល្បីៗជាច្រើននៅលើពិភពលោក ដែលបានចុះផ្សាយ អំពីផ្នត់គំនិត និងគោលការណ៍គ្រប់វិធីសាស្ត្រ ដើម្បីស្វែងរកនៅចំណុចខ្វះខាត ឬកម្សោយរបស់មនុស្សភាគច្រើនដែលតែងតែជួបនឹងបញ្ហារាំងស្ទះពួកគេមិនឲ្យសម្រេចបានជោគជ័យ។ អាស្រ័យហេតុដូច្នេះហើយ ទើបតាមរយៈគេហទំព័រ Successconsciousness បានដកស្រង់យកនូវបទពិសោធន៍ពីបណ្ដាអ្នកជោគជ័យនានានៅលើពិភពលោកមកបង្ហាញឲ្យដឹងអំពីមូលហេតុទាំង៥យ៉ាងដែលនាំឲ្យមនុស្សភាគច្រើនបរាជ័យ ដោយមូលហេតុទាំងនោះមានដូចខាងក្រោម៖
១ ទស្សនវិស័យទៅថ្ងៃអនាគត (Vision of Future)
ត្រង់ចំណុចដំបូងគេនេះ គឺជាចំណុចចាប់ផ្ដើមមួយដ៏សំខាន់បំផុត ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ខ្លួនឯង និងព្យាយាមអនុវត្តន៍តាមក្ដីប្រាថ្នារបស់មនុស្សម្នាក់ៗ។ ការកំណត់ទស្សនវិស័យទៅថ្ងៃអនាគត ប្រៀបបានដូចជាការសាងសង់អាគារមួយដ៏ធំ ដែលត្រូវបានគេគណនា និងគូរប្លង់ទុករួចជាស្រេច បន្ទាប់មកសឹមរៀបចំប្រមូលសម្ភារៈដែលត្រូវការចាំបាច់មកសាងសង់ឡើង យ៉ាងណាមិញយើងម្នាក់ៗក៏ដូចគ្នាដែរ ចូរអ្នកគូរប្លង់ជីវិតរបស់អ្នកឲ្យបានត្រឹមត្រូវ និងច្បាស់លាស់បំផុត គឺមានន័យថា ការសម្លឹងមើលខ្លួនឯងថា នឹងក្លាយជានរណា រៀនចប់ធ្វើការងារអ្វីឲ្យពិតប្រាកដ នៅទីណា មានអ្វីខ្លះ…ក្នុងរយៈពេល៥ឆ្នាំខាងមុខ ឬនៅថ្ងៃអនាគត បន្ទាប់មកចាប់ផ្ដើមអនុវត្តផែនការរបស់អ្នកជាបន្តបន្ទាប់។
២ អ្វីដែលអ្នកដឹង និងអ្វីដែលអ្នកមិនដឹង (What You Know and What You Don’t Know)
ត្រង់ចំណុចនេះមិនស្មុគស្មាញ ឬពិបាកយល់នោះទេ ដោយសង្ខេបដោយខ្លីថា អ្វីៗដែលមាននៅបច្ចុប្បន្ន គឺជាអ្វីទាំងអស់ដែលអ្នកដឹង ប៉ុន្តែនៅថ្ងៃអនាគតតើអ្នកជឿទេថា នឹងមានអ្វីម្យ៉ាងដ៏ល្អដែលអ្នកអាចទទួលបាន?
ឧទាហរណ៍៖ នៅកន្លែងធ្វើការអ្នកបិតភ្នែកប្រហែលជា២នាទីរួចស្រម៉ៃថា យើងកំពុងធ្វើដំណើរកម្សាន្តយ៉ាងសប្បាយ បន្ទាប់មកបើកភ្នែកវិញ នោះនឹងដឹងថា យើងមិនមែននៅកន្លែងកម្សាន្តនោះទេ។ ដូច្នេះចូរប្រៀបធៀបជាមួយមុខជំនួញ ឬការងារណាមួយដែលអ្នកចង់ធ្វើ។
៣ ការពន្យារពេល (Procrastination)
យោងតាមភាពជាក់ស្ដែងនៅក្នុងសង្គម ការពន្យារពេល “ចាំស្អែក ឬថ្ងៃណា មួយខ្ញុំនឹង…” ទាំងនេះគឺជាមេរោគមួយដែលធ្វើឲ្យមនុស្សម្នាក់ៗខកខានក្នុងការទទួលយកឱកាសជោគជ័យ ឬឱកាសមាសឱកាសប្រាក់នៅជុំវិញខ្លួន ដោយអ្នកតែងតែមាននូវផ្នត់គំនិតអវិជ្ជមានមួយ ក្នុងការចាប់ផ្ដើមធ្វើកិច្ចការអ្វីមួយដែលបេះដូងរបស់ខ្លួនកំពុងទទូចចង់បាន។ ឧទាហរណ៍ “ចាំរៀនចប់សិនសឹមគិតការងាររកស៊ី ឬធ្វើជំនួញ ចាំមានបទពិសោធន៍ ចាំសន្សំដើមទុនឲ្យបានច្រើនសិន សេដ្ឋកិច្ចកំពុងធ្លាក់ចុះ ចាំ..!” ចាំបែបនេះរហូតដល់ចាស់ជរាហួសពេលក៏មាន។
៤ ការជំរុញលើទឹកចិត្ត (Motivation)
បើទោះបីជាយើងម្នាក់ៗមានការតាំងចិត្តក្នុងការបំពេញការងារ ឬការប្រកបមុខជំនួញរបស់អ្នកខ្ពស់ក៏ដោយ ដ៏រាបណាគ្មានការជំរុញលើទឹកចិត្ត នោះយើងប្រាកដជាជួបនឹងឧបសគ្គដ៏ធំពីសង្គមខាងក្រៅ ដែលរារាំងដំណើររបស់អ្នកឆ្ពោះទៅរកភាពជោគជ័យ ហើយអ្នកនឹងដល់ផ្លូវទល់ជាក់ជាមិនខាន។ យ៉ាងណាមិញយើងម្នាក់ៗគួរតែបន្តការជំរុញលើទឹកចិត្តខ្លួនឯងឲ្យបានច្រើន ជាពិសេសគឺពីគ្រួសារ ឬគ្រូបណ្ដុះបណ្ដាលជាដើម ដោយប្រកាន់ភ្ជាប់នូវពាក្យមួយឃ្លាថា “ខ្ញុំអាចធ្វើបាន (I Can Do It.)”។
៥ ជំនឿដែលជាដែនកំណត់ (Self-limiting belief)
ជំនឿដែលជាដែនកំណត់ ឬហៅថាជំនឿកំណត់ដោយខ្លួនឯង មានន័យ “ខ្ញុំចេះហើយ… ខ្ញុំដឹងហើយ…ខ្ញុំមិនអាចលើសហ្នឹងបានទេ.ល.”។ ការប្រកាន់ភ្ជាប់បែបនេះ បានធ្វើឲ្យមនុស្សភាគច្រើន បាត់បង់នូវឱកាសជោគជ័យដ៏ធំរបស់ខ្លួន ដោយសារគិតថា មុខជំនួញ ឬការងារពួកគេកំពុងធ្វើ មិនអាចរីកចម្រើនទៅមុខបាន ដោយផ្អែកលើហេតុផលមិនចេះអស់មិនចេះហើយ។ ដូច្នេះ ដើម្បីកុំឲ្យមានជំនឿដែលជាដែនកំណត់នៅក្នុងខ្លួន យើងម្នាក់ៗគួរចងចាំថា “មហាសេដ្ឋី ឬអ្នកដែលជោគជ័យ គេបន្តរៀនសូត្រ និងអភិវឌ្ឍខ្លួនរហូត”។
ចំណាំ៖ នូវពេលណាដែលបេះដូងរបស់អ្នកទទូចចង់ធ្វើកិច្ចការអ្វីមួយ ហើយខួរក្បាលរបស់អ្នកគិត និងជឿថា វាមិនអាចធ្វើទៅបាន ដោយសារហេតុផលផ្សេងៗ នោះហើយគឺជា ជំនឿកំណត់ដោយខ្លួនឯង៕

ដោយ៖ NSN